JICA ឈូសឆាយ​កាយ​ដី រលំ​ផ្ទះ​ឈើ ១ ខ្នង សង្កត់​ម្ចាស់ផ្ទះ​

ភ្នំពេញ: ផ្ទះ​ឈើ​១​ខ្នង បានរ​លំបាក់​ទាំងស្រុង និង​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ជា​ម្ចាស់​រងរបួស​ត្រង់​ក្បាល ស្មា​ស្ដាំ ចង្កេះ និង​បាក់ធ្មេញ បន្ទាប់ពី​ក្រុមការងារ​ស្ថាបនា​ផ្លូវជាតិ​លេខ​១ របស់ JICA បាន​ឈូសឆាយ​កាយ​ដី និង​កាយ​យក​សសរថ្មពីមុខ​ផ្ទះ​រងគ្រោះ​នោះ​ចេញ តែ​ជា​អកុសល ផ្ទះ​ឈើ​នៅ​ខាងក្រោយ​នោះក៏​ស្រាប់តែ​រលំ​ភ្លាមៗ តែម្ដង​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​​ផ្អើល ហើយ​ភ្លាមៗ​នោះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ក៏បាន​ចុះទៅ​ដល់ ទីតាំង​កើតហេតុ ភ្លាមៗ​ផងដែរ ដើម្បី​សម្របសម្រួល​។​

​ជុំវិញ​បញ្ហា​នេះ អ្នកស្រី ហី​ង វណ្ណា ជា​ម្ចាស់ផ្ទះ បាន​រៀបរាប់ថា នា​វេលា​ម៉ោង​ខាងលើ អ្នកស្រី​បាន​ចេញមកក្រៅ និយាយ​ជាមួយ​ក្រុមការងារ ស្ថាបនា​ផ្លូវ​របស់ JICA ថា ផ្ទះ​នេះ អ្នកស្រី​មិនទាន់​ច្បាស់​ថា សសរថ្ម​ខាងមុខនេះ មានភ្ជាប់​នឹង​សសរ​ខាងក្រោម ភ្ជាប់​ផ្ទះ​ឈើ​ខាងក្រោយ​នោះ ឬក៏​យ៉ាងណា​នោះទេ ដោយសារ​អ្នកស្រី ក៏​ទិញ​ផ្ទះ​នេះ​ពី​គេ​ដែរ ហើយ​ទាំង​២​ភាគី ក៏បាន​ឯកភាព​សាកល្បង ទាញ​សសរថ្ម ចំនួន​៤ ដែលជា​ចំណុច​ស្ថាបនា​នោះ បាន​បន្តិច​ហើយ មើលទៅ​សភាព​ការណ៍មិន​ស្រួល ខាង​ក្រុមការងារ​ស្ថាបនា​ផ្លូវ បាន​ស្រែក​ឲ្យ​ម្ចាស់ផ្ទះ គេចខ្លួន តែ​ម្ចាស់ផ្ទះ​នោះ គេច​មិន​ផុត ត្រូវបាន​ផ្ទះ​ឈើ​នោះ រលំ​សង្កត់ពីលើ​បុរស​ជា​ប្ដី​ឈ្មោះ ពេជ្រ សាវុធ តែម្ដង តែ​របួស​មិន​ធ្ងន់​ទេ ហើយ​អាជ្ញាធរ​ខណ្ឌ ក៏បាន​ជួយ​ខ្នះខ្នែងដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ អ្នកស្រី​ម្ចាស់ផ្ទះ ក៏បាន​សំណូមពរ ដល់​អាជ្ញាធរ​ខណ្ឌ មេត្តាជួយ​ជួសជុលផ្ទះ របស់គាត់​វិញ​ផងដែរ ហើយ​ចំពោះ​ដំណោះស្រាយ​នេះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ មិនទាន់​បានសម្រេចយ៉ាងណា​នោះទេ ដោយសារតែ​ទីតាំង​ដី ដែល​នៅសល់​របស់​ម្ចាស់ផ្ទះ​នេះមានទំនាស់​ដីធ្លី​ជាមួយ និង​វត្ត​និរោធ​រង្ស៊ី ដោយ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ ៕V​/S