គេចម៉ូតូទៅបុករថយន្តដឹកកម្មករ ស្លាប់និងរបួស​ច្រើននាក់

ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងរថយន្ត បានបង្កឲ្យបាត់អាយុជីវិត និងរបួស កម្មករកម្មការិនី នៅ​មុខ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ស្ពឺ។
គេចម៉ូតូទៅបុករថយន្តដឹកកម្មករ ស្លាប់និងរបួស​ច្រើននាក់
ទិដ្ឋភាពជនរងគ្រោះ និងទីកន្លែងកើតហេតុ។ (រូបថតហ្វេសប៊ុក)

ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកកម្មករ ដែលបានកើតឡើង នៅ​ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០៦និង ២០នាទី នៅមុខមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត​កំពង់ស្ពឺ ស្ថិតក្នុងសង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៣១នាក់។ នេះបើ​តាមការផ្សាយ របស់ទំព័រហ្វេសប៊ុក ដាក់ឈ្មោះ «បេឡាជាតិ​របប​សន្តិសុខ​សង្គម (បសស)» របស់ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​នេះកើត​មាន គឺដោយសារតែរថយន្តកុងតឺន័រ បាន​ព្យាយាម​បើកគេចពីម៉ូតូ តែជាអកុសល ក៏ជ្រុលចង្កូត ទៅបុកជាមួយរថយន្ត ដឹកកម្មករកម្មការនី បណ្តាលឱ្យស្លាប់ និង​រងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន០៦នាក់, គ្លីនិក អ៊ុំ សារ៉ន ១២នាក់ និងគ្លីនិក សុខ ណា ១៣នាក់។

ករណីគ្រោះថ្នាក់នេះត្រូវបានចាត់ទុក ជាគ្រោះថ្នាក់នៅក្នុងការងារ ហើយត្រូវបាន «បេឡាជាតិរបបសន្តិសុខ​សង្គម» កំពុងធ្វើការដោះស្រាយ និងផ្តល់គោល របបសន្តិសុខ សង្គមដល់ជនរងគ្រោះ និងគ្រួសារជន​រងគ្រោះ ទាំងអ្នកស្លាប់ និងរបួសទាំងអស់។ នេះបើតាមការអះអាង របស់ទំព័រហ្វេសប៊ុកដដែល៕