ថៃ​បញ្ជូន​សព​ពលករខ្មែរ៣នាក់​ស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ខ្យល់​គរមក​ឲ្យ​សាច់ញាតិ​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​សព​ពលករ​ខ្មែរ​ចំនួន​៣​នាក់​ត្រូវ​បាន​ភាគី​ថៃ​ដឹក​បញ្ជូន​មក​កម្ពុជា​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​ជិត៧​ព្រលប់ ​ថ្ងៃ​ទី​២០ តុលា​ ២០១៥ ដើម្បីប្រគល់​ឲ្យ​សាច់ញាតិ ​បន្ទាប់​ពី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរចរ​ណ៍ និង​ជម្ងឺ​ខ្យល់គ​រលើ​ទឹកដី​ថៃ​។

ពលករ​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាច​ណ៍បានកើតឡើង​នៅ​ខេត្ត​ប៉ា​ធុម​ថា​នី ​កាលពី​វេលា​ម៉ោង​៨ ​និង​៣០នាទី​យប់​ ថ្ងៃ​ទី១៩ ​តុលា​ ២០១៥​។ ជន​រង​គ្រោះ​ទាំង​២នាក់​ជា​ប្តី​ប្រពន្ធ​ ដោយ​បុរស​ជា​ប្តី​ឈ្មោះ​ផាយ​ ប៊ុ​ន​ឡៃ​អាយុ​២៩ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​រុង រឿង​ស៊ុំ​យ៉ា​ អាយុ២៧​ឆ្នាំ​ពួក​គេ​ជា​កម្មករ​សំណង់​ និង​មាន​ទីលំនៅ​ភូមិ​ពោធិ​២ដើម ​ឃុំ​រហាត់ទឹក​ ស្រុក​មង្គល់​បូ​រី​​។

ជន​រង​គ្រោះជា​ប្តី​ត្រូវ​រថយន្ត​បុក​ដាច់​ក្បាល​ ឯ​នាង​ជា​ប្រពន្ធ​បាក់​ចង្កេះ ​ហើយ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ទាំង២​នាក់​ប្តី​ប្រពន្ធ​ភ្លាម​ៗ​។

តាម​ប្រភព​ប្រាប់​ថា​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទាំង​២​ជិះ​កង់​ដឹក​គ្នា​ឆ្លងផ្លូវ​​ត្រូវ​រថយន្ត​សង្គ្រោះ​ ឬ​ហៅ​(​កងអាសាស្ម័គ្រ​) បុក​ពេញទំហឹង​តែ​ម្តង​។ ដោយឡែក​ករណី​ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់គរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៦​ព្រឹក​ថ្ងៃ​ទី​១៩ ​តុលា ​នៅ​ខេត្ត​ឈុ​ន​បូ​រី​ ដោយ​ជន​រង​គ្រោះជា​កម្មករ​រោងចក្រ​ផ​លិត​គ្រឿង​អេ​ឡិច​ត្រូ​និក​។

ជន​រង​គ្រោះ​ឈ្មោះ​សោម​ សុ​ឃៀ​ប ​ភេទ​ប្រុស​ អាយុ​៤៦ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ក្បាលកោះ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​។ តាម​សាច់ញាតិ​សព​ប្រាប់​ថា​ ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ក្រោក​ទៅ​បន្ទប់ទឹក​ លុះ​ត្រឡប់​មក​វិញ​ស្រាប់តែ​មាន​អាកា​រ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​មួយ​រំពេច​។

បច្ចុប្បន្ន​សព​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ ចំណែក​សព​ស្លាប់​ដោយ​ខ្យល់គរ​ត្រូវ​បាន​ភាគី​ថៃ​ដឹក​ប្រគល់​ឲ្យ​សាច់ញាតិ​ដល់​លំនៅឋាន​តែ​ម្តង​៕ ​