​RAV4 អ្នក​បើក​បរស្រវឹងបើក​បុក​រនាំង​ដែក​​ចែក​ផ្លូវបាក់​អស់​៥ផ្ទាំងរួច​ក្រឡាប់​ប៉ះ​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​​​រង​របួស

រាជ​ធានីភ្នំពេញ ៖ ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ដឹក​ជនជាតិ​ចិន​ម្នាក់​ជិះ​រេ​ពេញ​ផ្លូវ​ទៅ​បុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​បាក់អស់​៥​ផ្ទាំង ​ហើយ​រថយន្ត​ក្រឡាប់​២​ទៅ​៣​ត្រឡប់​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យរង​របួសធ្ងន់ ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​២០ ​តុលា តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ត្រង់​ចំណុច​មុខ​ហាង​លក់​រថយន្ត​ក្រុមហ៊ុន​ម៉ា​ស្តារ ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ RAV4 ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L 9444 ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោកជាំដឹក​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ក្នុង​រថយន្តបើកបរ​ពី​លិចទៅ​កើត រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ធូ​ដេ​ព​ណ៌​ទឹកប្រាក់ បើកបរ​ដោយ​នារី​ម្នាក់ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជិះ​រេ​ពេញ​ផ្លូវ​ក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​ ហើយ​រថយន្ត​បាន​ក្រឡាប់​២​ទៅ៣ត្រឡប់​​​​ទៅ​ប៉ះ​​​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​នារី​ម្នាក់​ទើបតែ​ចេញពី​ធ្វើការ​បើកបញ្ច្រាសទិស​គ្នា​បណ្ដាល​ឱ្យនារី​ម្នាក់​នោះ​រង​របួស​ក្រឡិត​ដៃជើង​ និង​ជាំ​ភ្លៅ​មួយ​ចំហៀង​ខាងឆ្វេង រីឯ​អ្នក​នៅ​ក្នុង​រថយន្ត​វិញ​មិន​មាន​រង​របួស​អ្វី​ទេ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​បាន​​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​ជនជាតិ​ចិន​នៅ​កន្លែង​កើតហេតុ ចំណែកឯ​នារី​រង​គ្រោះ​វិញ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន៕