លោក ស ខេង​ ​ថា ការ​ជួល​ដី​​​​តាម​ព្រំដែនឲ្យ​​ជនបរទេស​​ជាក្តី​កង្វល់

លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ទាំង​អស់​ដែល​ស្ថិត​នៅ​​តាម​​ព្រំដែន​ថៃ ​វៀតណាម និង​ឡាវ ​រាយ​ការណ៍​​នូវ​ព័ត៌មាន​អំពី​​ក្រុម​អ្នក​ភូមិ​ដែល​ជួល​ដី​ស្រែ​នៅ​តាម​បណ្ដោយ​ព្រំដែន​ទៅ​ឲ្យ​ប្រជាជន​នៅ​ប្រទេស​ជិត​ខាង ដោយ​លើក​ឡើង​អំពី​កង្វល់​ជុំវិញ​ការ​បាត់​បង់​ទឹក​ដី។

​លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង កាលពី​ថ្ងៃទី​៩ ខែ​តុលា ហើយ​ទទួល​បាន​កាលពី​ម្សិលមិញ​មាន​ខ្លឹមសារ​ថា ក្រសួង​មហាផ្ទៃ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជួល​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ជន​បរទេស​នៅ​តាម​ព្រំដែន ហើយ​ក្រោយ​​​​​មក​អាច​បាត់​បង់​សិទ្ធិ​កាន់​កាប់​ដី​នោះ​។

​លោក ស ខេង បាន​សរសេរ​ថា ”​ក្នុង​ករណី​ មួយ​ចំនួន ការជួលដី​​​​​មិន​បាន​រៀបចំ​ឯក​សារ​​ផ្លូវ​ច្បាប់​​ ឬ​កិច្ច​សន្យា ជួលឲ្យ​បាន​ត្រឹម​ត្រូវ​​​​​ស្របតាម​ច្បាប់​ឡើយ​ ហើយ​បញ្ហា​នេះ​ធ្វើ​ ឲ្យ​ម្ចាស់​​ដី​ជា​ជន​ជាតិ​ខ្មែរ​​បាត់​បង់​ផល​​​ប្រយោជន៍​របស់​ខ្លួន​នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង​”។

លោក​បាន​បន្ថែម​ថា ”​ចំពោះ​តំបន់​មួយ​ចំនួន​នៅ​តាម​​ព្រំដែន​ដែល​មិន​ទាន់​បាន​​​​កំណត់​ព្រំប្រទល់ និង​បោះ​បង្គោល​ព្រំដែន​​ចប់​សព្វ​គ្រប់ និង​​ផ្លូវ​ការ​នោះ ​ការជួលដី​​​នៅ​តាម​បន្ទាត់​ព្រំដែន​រវាង​ប្រជាពលរដ្ឋ​​ខ្មែរ និង​ប្រជាជន​មក​ពី​ប្រទេស​ជិត​ខាង បង្កឲ្យ​​មាន​ភាព​ស្មុគ​ស្មាញ​សម្រាប់​​​គណៈកម្មាធិការ​ព្រំដែន​រួម​​​ក្នុង​ការ​ធ្វើ​ការ​ងារ​របស់​ខ្លួន​”។

លោក ស ខេង បាន​បន្ត​ថា ដើម្បី​ “​ការ​ពារ​អធិបតេយ្យ​ភាព និងបូរណភាព​ទឹក​ដី”​ អភិ​បាល​ ខេត្ត​​នៅ​តាម​ព្រំដែន​ទាំង​អស់​ត្រូវ​ប្រមូល​ព័ត៌មាន​​អំពី​ការ​អនុវត្ត​បែប​នេះ​នៅ​ក្នុង​យុត្តាធិការ​របស់​ខ្លួន​ ហើយ​រាយការណ៍​ជូន​ក្រសួង​​នៅ​ខែ​ក្រោយ​នេះ​​។

ខេត្ត​១៧​ក្នុង​ចំណោម​​២៤​ខេត្តរបស់​ប្រទេស​កម្ពុជា​មាន​ព្រំប្រទល់​​​​ជាប់​ប្រទេស​ថៃ វៀត​ណាម និង​ឡាវ។ ភាគ​ច្រើន​នៃ​អភិ បាល​ខេត្ត​ទាំង​នោះ​មិន​អាច​ទាក់​ទង​បាន​ទេ។ លោក ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ​​​​ និង​លោក​ ចាន់ កុសល អភិបាល​ខេត្ត​​បាត់​ដំបង​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​។

​លោក ស្រុី រិន សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​​​​ ក្នុង​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោ​ះធំ ខេត្ត​កណ្ដាល ដែល​​ស្រុក​នេះ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​នោះ​ បាន​សន្និដ្ឋាន​ថា ដី​ស្រែ​ទំហំ​ប្រហែល​១៥០​ហិកតា​នៅ​​តាម​ព្រំដែន​​ត្រូវ​បាន​​ជួល​ទៅ​ឲ្យ​ប្រជាជន​វៀតណាម​​នៅ​ក្នុង​ឃុំ​​របស់​លោក​តែ​មួយ​ប៉ុណ្ណោះ​។

លោក​​បាន​ពន្យល់​ថា ”​តាម​ធម្មតា កិច្ច​សន្យា​​​​ជួល​មិន​ដែល​ឆ្លង​កាត់​អាជ្ញាធរ​ឡើយ មាន​ន័យ​ថា ម្ចាស់​ដី​ធ្វើ​កិច្ច​សន្យាជាមួយ​កសិករ​​​ត្រឹម​​​តែ​​​មាត់​​ប៉ុណ្ណោះ​​។ ចំពោះ​អ្នក​​ដែល​មាន​ដីទំហំ​​​​ចាប់​​​ពី​១ហិកតា ឬ​លើស​ពី​នេះ ពួក​គាត់​​ធ្វើ​កិច្ច​សន្យា​​ដោយ​មាន​ការ​ទទួល​​ស្គាល់​​​​ត្រឹម​​ថ្នាក់​​​ប្រធាន​ភូមិ​តែ​​ប៉ុណ្ណោះ”។

បូរណភាព​ទឹក​ដី​​នៅ​តាម​​ព្រំដែន​​វៀត ណាម គឺ​ជា​កង្វល់​ដ៏ធំ​​​​ជា​​​យូរ​​​មក​​​ហើយ​​​សម្រាប់​​​​ គណបក្ស​ប្រឆាំង ដោយបញ្ហានេះ​បាន​កើត​ឡើង​នៅ​ឆ្នាំនេះ ពីព្រោះ​គណបក្ស​សង្គ្រោះ​បាន​ចោទ​​គណបក្ស​ប្រជាជន​កម្ពុជា​​ថា ជា​អ្នក​​ធ្វើ​​ឲ្យ​បាត់​បង់​ទឹក​ដី​។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្យាយាម​បញ្ចប់​បញ្ហា​នេះ​ ហើយ​ក្រុម​អ្នក​ភូមិ​ដែល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ​បាន​និយាយ​ ថា តាម​ពិត​ពួកគាត់​​ត្រូវ​បាន​​ជូន​ដំណឹង​ឲ្យ​ឈប់​​ជួល​ដី​នៅ​តាម​ព្រំដែន​​​​ទៅ​ឲ្យ​​ជន​​បរទេស ​រួច​ហើយ​។

លោក ហ៊ឹម ហែម អាយុ​៣៣​ឆ្នាំមក​ពី​ឃុំព្រែក​ជ្រៃ ដែល​បាន​ជួល​​ដី​នៅ​តាម​​ព្រំ ដែន​ទៅ​ឲ្យ​វៀតណាម​​បាន​និយាយ​ថា “ក្រុម​អ្នក​ភូមិ​ត្រូវ​បាន​ជូន​ដំណឹង​ថា អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យពួក​យើង​ជួល​ដី​ស្រែ​ទៅ​ឲ្យ​កសិករ​វៀតណាម​​ទៀត​ឡើយ ​​​ដោយ​​​​មាន​ប្រសិទ្ធ ភាព​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​”។

លោក​​ ហ៊ឹម ហែម បាន​និយាយ​ថា វា​ផ្តល់​ផល​ចំណេញ​​​​ផ្នែក​សេដ្ឋកិច្ច​សម្រាប់គាត់​ក្នុង​​ការ​​ជួល​ដី​ស្រែ​នៅ​តាម​​ព្រំដែន​​ទៅ​ឲ្យ​កសិករ​វៀតណាម​ ពីព្រោះ​គាត់​​​ទទួល​បាន​​ថ្លៃឈ្នួល​​​ច្រើន​​ជាង​គាត់​​​​​ធ្វើ​ ហើយ​លក់​ស្រូវ​​ដោយ​ខ្លួន​ឯង​ទៅ​ទៀត​​។

លោក​បាន​និយាយ​ថា “​មូលហេតុដែល​ខ្ញុំ​ជួល​ដី​ស្រែ​មួយ​ក្បាល​តូច​របស់​​ខ្ញុំ​ទៅ​ឲ្យ​វៀត​ណាម​នោះ ពីព្រោះ​យើង​មិន​មាន​ជំនាញ​ធ្វើ​ស្រូវ​ឲ្យ​បាន​ទិន្នផល​ច្រើនឡើយ​ ចំណែក​​កសិករ​វៀត​ណាម​វិញ ​គេ​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ស្រូវ​”។

គាត់​បាន​និយាយ​ថា កសិករ​ខ្មែរ​​អាច​ជួល​ដី​​​ប្រចាំ​ឆ្នាំ​​បាន​ពី​១លាន​​ទៅ​២លាន​រៀល​ក្នុង​​១ហិកតា​ទៅ​ឲ្យ​កសិករ​វៀតណាម​​ ដោយ​​តម្លៃ​មាន​ការ​​ប្រែប្រួល​​​ទៅ​តាម​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ។

គាត់​បាន​បន្ថែម​ថា ”កសិករ​ខ្មែរ​​តែង​តែ​បាត់​បង់​​​​ការ​​ធ្វើ​ស្រែ​ដោយ​ខ្លួន​ឯង​ ហើយ​កសិករ​មួយ​ចំនួន​ទៀត​​មិន​មាន​​សមាជិក​គ្រួសារ​គ្រប់គ្រាន់​​​ដើម្បី​ជួយ​ពួកគាត់​ឡើយ ពីព្រោះ​​កូនៗ​របស់​​ពួក​គាត់​បាន​​ធ្វើ​ចំណាក​ស្រុក​​​ទៅ​ធ្វើ​ការ​នៅ​​ក្រៅ​ប្រទេស​ ដូច្នេះ​ហើយ​​យើង​ក៏​​​ជួល​ដី​ទៅ​ឲ្យ​កសិករ​វៀត​​​ណាម​​​​ទៅ​”៕ សារុន​​​​​​​​​

The post លោក ស ខេង​ ​ថា ការ​ជួល​ដី​​​​តាម​ព្រំដែនឲ្យ​​ជនបរទេស​​ជាក្តី​កង្វល់ appeared first on ខេមបូឌា ដេលី.