កូនប្រុស-ស្រី ឧកញ៉ា ខូវ ជឺលី សូម​លោក​ឧកញ៉ា ឈប់​តាម​ជួយ​អ្នកស្រី សេង ចិន្តា ចេញ​ពីព​ន្ធនាគារ និង​ឈប់ដើរ​សំអុយ​កេរ្តិ៍​ឈ្មោះ លោក ស៊ុន ចាន់ថុល

ភ្នំពេញ៖ កូនប្រុស-ស្រី របស់លោកឧកញ៉ា ខូវ ជឺលី រួមមានលោកស្រី ខូវ ជឺឡាសាឌី លោក ខូចច័ន្ទសូរ៉ាឌឿន  លោក ខូវ វិបុលរិទ្ធិ និងលោក ខូវ វីរ័ត្នវតី បានធ្វើលិខិតរួមគ្នាស្នើសូមឲ្យលោកប៉ារបស់ខ្លួន បញ្ឈប់រាល់សកម្មភាព  និងវិធីទុច្ចរឹតផ្សេងៗ ស្វែងរកអន្តរាគមន៍ដោះលែង អ្នកស្រី សេង ចិន្តា ដែលជាឧក្រិដ្ឋជនរៀបចំគម្រោងរំលោភ  និង សម្លាប់ភរិយា និងកូនស្រី របស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល។ កូនៗទាំង ៤  រូប ក៏សូមឲ្យលោកឧកញ៉ា ខូវ ជឺលី ឈប់ដើរសំអុយកេរ្តិ៍ឈ្មោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថាប្រឌិតរឿង  ដើម្បីលេបទ្រព្យសម្បត្តិរបស់គ្រួសារត្រកូលខូវផងដែរ។

អ្នកស្រី សេង ចិន្តា ភរិយាវ័យក្មេងរបស់លោកឧកញ៉ា ខូវ ជឺលី ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ប្រមាណជា ២០ឆ្នាំ ពីបទរៀបចំគម្រោងប៉ុនប៉ងរំលោភ និង សម្លាប់លោកស្រី ស៊ុន សត្ថា និង កូនស្រី ដែលជា ភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានប្រព្រឹត្តឡើងកាលពីខែមិថុនា ឆ្នាំ២០១០។  ក្រៅពីអ្នកស្រី សេង ចិន្តា បក្ខពួក និងអ្នករួមគំនិតជាច្រើនផ្សេងទៀត រួមមានអ្នកស្រី ឡាយ ហួង ស្រីកំណាន់ចិត្ត  របស់លោកឧកញ៉ា ខូវ ផល្លាបុត្រ ក៏ត្រូវបានចាប់ខ្លួន និងត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

បើទោះបីសំណុំរឿងនេះ មានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា អ្នកស្រី សេង ចិន្តា ពិតជាមានចេតនាទុច្ចរឹតយ៉ាង ណាក្តី ក៏លោកឧកញ៉ា ខូច ជឺលី នៅតែព្យាយាមស្វែងរកអន្តរាគមន៍ និងអង្វរកលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល  ឲ្យដកបណ្តឹងចោទប្រកាន់លើលោកស្រី សេង ចិន្តា ដែលជាភរិយាចុងរបស់ខ្លួន។

យោងតាមលិខិតសំណូមពរ ដែលធ្វើឡើងនាថ្ងៃទី០៧ ខែតុលា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី១៩ ខែតុលា នេះ កូនប្រុស-ស្រី របស់លោកឧកញ៉ា ខូវ ជឺលី បានបញ្ជាក់ថា ផ្អែកតាមសវនការកាត់ក្តីជា បន្តបន្ទាប់ចាប់ពីសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និង តុលាការកំពូល បានបញ្ជាក់យ៉ាងច្បាស់ថា ករ  ណីប៉ុនប៉ងរំលោភ និងសម្លាប់លោកស្រី ស៊ុន សត្ថា និងកូនស្រី ដែលផ្តើមគំនិតដោយ ឈ្មោះ ឡាយ ហួង គឺជា រឿងពិត។ រីឯកការចោទប្រកាន់លើ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថាប្រឌិតករណីព្រហ្មទណ្ឌ ដើម្បីលេបយក ទ្រព្យសម្បត្តិគ្រួសារត្រកូលខូវនោះ គឺជាការខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយបាននាំមកនូវការសោកស្តាយយ៉ាងខ្លាំង។

កូនប្រុស-ស្រី ទាំង ៤រូបរបស់លោកឧកញ៉ា ខូវ ជឺលី បានសំណូមពរយ៉ាងដូច្នេះថា «នាងខ្ញុំ ខូច ជឺឡាសាឌី និងខ្ញុំ បាទ ខូវ ច័ន្ទសូរ៉ាឌឿន បានដឹងឮរឿងរ៉ាវពិតទាំងអស់នេះ តាំងពីដើមរហូតមក ហើយតែងតែព្យាយាមការពារ កិត្តិយសលោកប៉ាជានិច្ច ដោយខ្ញុំបារម្ភថា នៅពេលដែលសាធារណជនបានដឹងថា លោកប៉ា មានការពាក់ព័ន្ធ និង ជួយមនុស្ស ដែលបានរៀបចំគម្រោងរំលោភ និងសម្លាប់កូនស្រី និងចៅស្រីរបស់ខ្លួន កេរ្តិ៍ឈ្មោះរបស់លោកប៉ា  ដែលធ្លាប់មានកិត្តិយសពីមុនមក នឹងប្រែក្លាយទៅជាអាប់ឱន រលាយសាបសូន្យក្នុងមួយប៉ព្រិចភ្នែក។ ដូច្នេះយើង ខ្ញុំ សូមសំណូមពរដល់លោកប៉ា មេត្តាឈប់ការពារ និងលាក់លៀមអាថ៌កំបាំងទាំងអស់ពាក់ព័ន្ធ សេង ចិន្តា,  ឡាយ ហួង និងគូកន ដែលបានរៀបចំគម្រោង រំលោភ និងសម្លាប់កូនស្រី និងចៅស្រីរបស់លោកប៉ា បន្តទៀត ទៅ»។

កូនៗ របស់លោក ឧកញ៉ា ខូវ ជឺលី ក៏បានសំណូមពរឲ្យលោកឧកញ៉ា បញ្ឈប់ការដើរសំអុយកេរ្តិ៍ឈ្មោះ របស់ លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា ប្រឌិតរឿង ដើម្បីលេបយកទ្រព្យសម្បត្តិគ្រួសារត្រកូលខូវ និងឈប់ដើរ ប្រាប់សាធារណជនថា សេង ចិន្តា គ្មានកំហុសផងដែរ។

កាលពីកន្លងទៅលោកឧកញ៉ា ខូវ ផល្លាបុត្រ ក៏ធ្លាប់បានចេញមកអះអាងពីអំពើទុច្ចរឹតរបស់អ្នកស្រី សេង ចិន្តា និង អ្នកស្រី ឡាយ ហួង ក្នុងការរៀបចំគម្រោងសម្លាប់ប្អូនស្រី និងក្មួយស្រីរបស់ខ្លួនផងដែរ។ លោកឧកញ៉ា ខូវ ផល្លា  បុត្រ ក៏ធ្លាប់បានធ្វើលិខិតសុំទោសលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកំហុសឆ្គង និងការភ័ន្តច្រឡំរបស់ខ្លួននេះ  ផងដែរ៕

កូនប្រុស-ស្រី ឧកញ៉ា ខូវ ជឺលី សូម​លោក​ឧកញ៉ា ឈប់​តាម​ជួយ​អ្នកស្រី សេង ចិន្តា ចេញ​ពីព​ន្ធនាគារ និង​ឈប់ដើរ​សំអុយ​កេរ្តិ៍​ឈ្មោះ លោក ស៊ុន ចាន់ថុល

ខាងក្រោមនេះ ជាលិខិតបំភ្លឺ និង សូមទោសរបស់លោក ឧកញ៉ា ខូវ ផល្លាបុត្រ ជុំវិញសំណុំរឿងឃាតកម្មលើក្រុមគ្រួសារ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖

កូនប្រុស-ស្រី ឧកញ៉ា ខូវ ជឺលី សូម​លោក​ឧកញ៉ា ឈប់​តាម​ជួយ​អ្នកស្រី សេង ចិន្តា ចេញ​ពីព​ន្ធនាគារ និង​ឈប់ដើរ​សំអុយ​កេរ្តិ៍​ឈ្មោះ លោក ស៊ុន ចាន់ថុល