រដ្ឋាភិបាលហ្វីលីពីន ថ្កោលទោស ពួកឧទ្ទាម ដែលសម្លាប់ កូនចៅហ្វាយក្រុង

ម៉ានីល ៖ រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃអង្គារនេះ បានធ្វើការថ្កោលទោស ចំពោះការក្រុមឧទ្ទាម ឆ្វេងនិយម ដែល បានសម្លាប់កូនប្រុសចៅហ្វាយក្រុងមួយ ស្ថិតនៅខេត្តភាគខាងត្បូងប្រទេស ដែលគេបានរកឃើញសព កាលពី ព្រឹកថ្ងៃទី២០ ខែតុលា នេះ។ រដ្ឋាភិបាលប្រទេសដីកោះ បានធ្វើ ការថ្កោលទោស ក្នុងកម្រិតធ្ងន់បំផុត ។

យោងតាមការលើកឡើង របស់អាជ្ញាធរហ្វីលីពីន បានឲ្យដឹងថា ចៅហ្វាយក្រុងនៅ ភាគខាង ត្បូងប្រទេស និង កូនប្រុសរបស់លោកម្នាក់ទៀត ត្រូវបានក្រុម ឧទ្ទាមមួយក្រុមចាប់ជំរិត កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ ហើយក៏ ត្រូវបានរកឃើញសពនៅព្រឹក ថ្ងៃអង្គារនេះផងដែរ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះដោយដក ស្រង់សម្ដី លោក វរសេនី Alexander Macario មេបញ្ជាការកងពលតូចប្រចាំតំបន់នោះ បាន និយាយបន្ដទៀតថា លោក ដារីអូ អូតាហ្សា ចៅហ្វាយក្រុង ឡ៊តូ និងកូនប្រុសឈ្មោះ ដារីល ត្រូវបានត្រូវបានគេចាប់ជំរិត និងបាញ់ឲ្យរបួស ដោយ គ្រាប់កាំភ្លើងខ្លី ហើយត្រូវបានរកឃើញ ដោយទាហាន នៅភូមិហ៊ីនធ័រឡេនដ៍ ទីក្រុងប៊ូទួនខេត្ត អាហ្គូសាន ឌែល ណត នៅម៉ោង ៦និង ៥០នាទី ព្រឹកនៅថ្ងៃអង្គារនេះ ។

បន្ទាប់ពីករណីកើតហេតុ ក្រុមប៉ូលិសប្រដាប់អាវុធជាង ១០នាក់ នៃការិយាល័យជាតិទទួល បន្ទុក ស៊ើបអង្កេត បានធ្វើការឡោមព័ទ្ធផ្ទះរបស់ជនរងគ្រោះ នៅភូមិបាអាន ក្រុងប៊ូទួន នៅម៉ោង ៦ល្ងាច ហើយបានបញ្ជូនជនរង គ្រោះតាមរថយន្ដម៉ាក SUV មួយគ្រឿង ដើម្បី បង្វែរទិសដៅរបស់ក្រុមឧទ្ទាមផងដែរ។

ខណៈពេលនេះមន្រ្តីប៉ូលីស និងបុគ្គលិកយោធា បានចេញប្រតិបត្តិការ ខិតខំប្រឹងប្រែង ប្រឆាំងនឹងក្រុមឧទ្ទាម និងកងទ័ពប្រជាជនថ្មី ដែលសង្ស័យថា ពួកគេស្ថិត នៅពីក្រោយករណីសម្លាប់កូនប្រុសរបស់ចៅហ្វាយក្រុងនេះ៕

រដ្ឋាភិបាលហ្វីលីពីន ថ្កោលទោស ពួកឧទ្ទាម ដែលសម្លាប់ កូនចៅហ្វាយក្រុង