​ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា រលំ​ភ្លើងទៀន ឆេះ​ផ្ទះ​អស់​២​ខ្នង

ភ្នំពេញ: អគ្គិភ័យបាន​ឆាបឆេះ​ផ្ទះ​ឈើ អស់​ចំនួន​២​ខ្នង ដោយសារតែ​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ហើយ​ធ្វើអោយ​រលំ​ទៀនដែល​កំពុង​ឆេះ បង្ក​ឡើងជា​អគ្គិភ័យ​។ ហេតុការណ៍​នេះ បាន​កើត ឡើង​កាលពី​វេលា​ម៉ោង ប្រមាណ ១១ យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​

​ម្ចាស់ផ្ទះ​ទាំង​២​ខ្នង ដែល​ត្រូវ​ភ្លើង​ឆាប់ឆេះ អស់ទាំង​ស្រុង​នោះ ទី​១.​ឈ្មោះ វ៉ា រ៉ានី ហៅ​តឿ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​ប្តី​មិន​ស្គាល់ឈ្មោះ ជា​អ្នក​បង្កហេតុ​។ ទាំង​២​នាក់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ចំណែក​ម្ចាស់ផ្ទះ​រងគ្រោះ ម្នាក់ទៀត ឈ្មោះ កូយ ធី អាយុ​៣៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខ​របរ ជា​អ្នកដើរ​រើស​អេតចាយ ។​

​មុនពេល​កើតហេតុ គេ​ឮ​ប្តី​ប្រពន្ធ​១​គូ ដែលមាន​ប្រពន្ធ​ឈ្មោះ វ៉ា រ៉ានី ហៅ​តឿ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មិន​ស្គាល់ឈ្មោះ​ប្តី​) ឈ្លោះប្រកែក​គ្នា បន្ទាប់មក ក៏​ធ្វើអោយ​រលំ​ទៀន ដែល​ដុត​បំភ្លឺ ទៅលើ​មុង នៅក្បែរនោះ ក៏បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​របស់ខ្លួន ឃើញ​ដូច​នោះ ប្តី​ប្រព​ន្ឋ​២​នាក់​នោះ បាន​បើក​ទ្វារផ្ទះ រួច​រត់​ចេញមកក្រៅ ស្រែក​អោយ​អ្នកភូមិនៅក្បែរៗ​នោះ​ជួយ ។​

​ក្រោយពី​កើតហេតុ​ភ្លាម គេ​បានឃើញ​ប្រជាពលរដ្ឋ នៅក្បែរ បាននាំគ្នា​មកជួយ ដោយ​យក​ធុង​ស្ពេ​ត្រូ​ដួស​ទឹក មក​ជះ និង​អ្នកខ្លះ​វាយ​ជញ្ជាំង ស​ង្ក័​សី ដើម្បី​ទប់ស្កាត់ កុំអោយ​ភ្លើង​រាលដាល ទៅដល់​ផ្ទះ​ដែល​នៅក្បែរនោះ​។​

​សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ មិនឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ បានមក​ជួយ​អន្តរាគមន៍​នោះទេ​៕V​/S

​ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា រលំ​ភ្លើងទៀន ឆេះ​ផ្ទះ​អស់​២​ខ្នង