ចាប់ពី​ខែមករា ឆ្នាំ​២០១៦ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្រុង​ស្រុក​ខណ្ឌ និង​ខេត្ត​រាជធានី ត្រូវ​ឡើង​ប្រាក់ខែ

ភ្នំពេញ: ​សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ បានកំណត់​ពី​ចំណាយ​សរុបថ​វិកា​ថ្នាក់ជាតិ ត្រូវបាន​គ្រោង​ក្នុង​ទឹកប្រាក់ ១៧.៤៦២.៤៧៧ លាន​រៀល ស្មើ​ប្រមាណ​ជាង ៤.២៧៣ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ១៦,១% ធៀប​នឹង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៥ ស្មើនឹង ២១,៣១% នៃ​ផ​.​ស​.​ស ( ផលិតផល​ក្នុងស្រុក​សរុប )​។ ក្នុងនោះ ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ ក៏បាន​កំណត់​ពី​ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្រុង​ស្រុក​ខណ្ឌ និង​ខេត្ត​រាជធានី ចាប់ពី​ខែមករា ឆ្នាំ​២០១៦​តទៅ​។​

​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ បង្ហាញថា ក្នុង​ចំណាយ​សរុប ១៧.៤៦២.៤៧៧ លាន​រៀល ស្មើ​ប្រមាណ​ជាង ៤.២៧៣ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​បែងចែក​ក្នុងការ​ចំណាយ​លើ​បន្ទុក​បុគ្គលិក រួមមាន​៖ បៀវត្ស​មូលដ្ឋាន ប្រាក់​បំណាច់​មុខងារ ប្រាក់ឧបត្ថម្ភ​និវត្តជន លាភការ និង​រង្វាន់​ផ្សេងៗ សម្រាប់​បុគ្គលិក​ក្របខណ្ឌ​អចិន្ត្រៃយ៍ មន្ត្រី​ជាប់កិច្ចសន្យា ត្រូវបាន​គ្រោង​ចំនួន ៥.៦៣៦ លាន​រៀល ស្មើ​ប្រមាណ ១,៣៨ លាន​ដុល្លារ គឺមាន​កំណើន ២៣,៤ % ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥​។ ថវិកា​នេះ ត្រូវបាន​គ្រោង សម្រាប់​ការ​តម្លើង​បៀវត្ស​មូលដ្ឋាន ក្នុង​អត្រា ១២% អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ និង​ការដំឡើង​ប្រាក់​បំណាច់​មុខងារ នឹងត្រូវ​អនុវត្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៦​។​

​សេចក្តីព្រាងច្បាប់ ក៏បាន​បង្ហាញថា បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ នៅក្នុង​ឆ្នាំ​២០១៦ នឹងត្រូវ​បាន​ដំឡើង ដូចខាងក្រោម​៖
-​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល នឹងត្រូវ​ដំឡើង​ពី ៥៥២.៨០០ រៀល ដល់​ប្រមាណ ៦០០.០០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៦ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៦ នឹងត្រូវ​ដំឡើង​ដល់​ប្រមាណ ៧០០.៥០០ រៀល​។​

-​បៀវត្ស​គ្រូបង្រៀន នឹងត្រូវ​ដំឡើង​ពី ៦៤៦.៤៨០ រៀល ដល់​ប្រមាណ ៧០០.៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៦ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៦ នឹងត្រូវ​ដំឡើង​ដល់​ប្រមាណ ៨០០.៥០០ រៀល​។​

-​បៀវត្ស​គ្រូពេទ្យ នឹងត្រូវ​ដំឡើង​ពី ៦៤៦.៧២០ រៀល ដល់​ប្រមាណ ៧០០.៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៦ ហើយ​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ នឹងត្រូវ​ដំឡើង​ដល់​ប្រមាណ ៨០០.៥០០ រៀល​។​

-​បៀវត្ស​នគរបាល ( ពលបាលត្រី ) ត្រូវ​ដំឡើង​ពី ៦៤០.០០០ រៀល ដល់​ប្រមាណ ៦៩០.០០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៦ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៦ នឹងត្រូវ​ដំឡើង​ដល់​ប្រមាណ ៧៨៤.៧៣០ លាន​រៀល ( គិត​បញ្ចូល​របប​អង្ករ )

-​បៀវត្ស​យោធិន ( ពលទោ ) នឹងត្រូវ​ដំឡើង​ពី ៥៣៣.០០០ រៀល ដល់​ប្រមាណ ៥៨០.០០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០១៦ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៦ នឹងត្រូវ​ដំឡើង​ដល់​ប្រមាណ ៧៣៣.៧៣០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ )​។​

​សេចក្តីព្រាងច្បាប់ ក៏បាន​កត់សម្គាល់ថា "​ក្រៅពី​ការដំឡើង​ប្រាក់​សោធន​និវត្តន៍​ជូន​និវត្តជន ប្រាក់​បំណាច់​របស់​មន្ត្រី​ជាប់កិច្ចសន្យា ក៏​នឹង​ត្រូវបាន​ដំឡើង​ពី​ចំនួន ១៦០ ពាន់​រៀល ដល់​ចំនួន ៤០០ ពាន់​រៀល​ផងដែរ​"​។​

​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៦ ដែល​គណៈរដ្ឋមន្ត្រី បាន​ប្រជុំ និង​អនុម័ត នា​ព្រឹក​ថ្ងៃទី​២១​តុលា​នេះ ក៏បាន​កំណត់​ពី​ការចំណាយ​ថវិកា​រាជធានី​ខេត្ត​ក្រុង​ស្រុក និង​ឃុំ​សង្កាត់ ត្រូវបាន​គ្រោង​ចំនួន ១.៣៣៤.៥២៥ លាន​រៀល ស្មើ​ប្រមាណ ៣២៦ លាន​ដុល្លារ កើន ២០,៥%​។ ​ក្នុងនោះ ក៏មាន​ការដំឡើង​ប្រាក់​បំណាច់​ជូន​ដល់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក ខណ្ឌ ឃុំ​សង្កាត់ និង​មន្ត្រី​ភូមិ ដោយ​ចាប់​អនុវត្ត​ពី​ខែមេសា ឆ្នាំ​២០១៦ ដែល​ក្នុងនោះ​៖
-​ប្រាក់​បំណាច់​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត នឹងត្រូវ​ដំឡើង​ពី ១.០០០.០០០ រៀល ដល់ ១.០៩០.០០០ រៀល ហើយ​ប្រាក់​បំណាច់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត នឹងត្រូវ​ដំឡើង​ពី ៨០០.០០០ រៀល ដល់ ៨៧០.០០០ រៀល​។

-​ប្រាក់​បំណាច់​ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ នឹងត្រូវ​ដំឡើង​ពី ៧០០.០០០ រៀល ដល់ ៨១០.០០០ រៀល ហើយ​ប្រាក់​ចំណា​ច់​សមាជិក​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ នឹងត្រូវ​ដំឡើង​ពី ៥០០.០០០ រៀល ដល់ ៦៥០.០០០ រៀល​។​

-​ប្រាក់​បំណាច់​មេឃុំ ចៅសង្កាត់ នឹងត្រូវ​ដំឡើង​ពី ៥៧០.០០០ រៀល ដល់ ៧៥០.០០០ រៀល ប្រាក់​បំណាច់​ជំទប់​ទី​១ ទី​២ ចៅសង្កាត់រង​ទី​១ ទី​២ នឹងត្រូវ​ដំឡើង​ពី ៤០០.០០០ រៀល ដល់ ៥៥០.០០០ រៀល ហើយ​ប្រាក់​បំណាច់​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ នឹងត្រូវ​ដំឡើង​ពី ៣៥០.០០០ រៀល ដល់ ៤៨០.០០០ រៀល​

-​ប្រាក់​បំណាច់​ប្រធានភូមិ នឹងត្រូវ​ដំឡើង​ពី ១៦០.០០០ រៀល ដល់ ២០០.០០០ រៀល ប្រាក់​បំណាច់​ជំនួយការ​ភូមិ នឹងត្រូវ​ដំឡើង​ពី ១៤០.០០០ រៀល ដល់ ១៦០.០០០ រៀល និង​ប្រាក់​បំណាច់​សមាជិក​ភូមិ នឹងត្រូវ​ដំឡើង​ពី ១២០.០០០ រៀល ដល់ ១៤០.០០០ រៀល​៕​