រដ្ឋាភិបាល សម្រេច​លុបចោល មិន​យកពន្ធ​ផ្លូវ​លើ​ម៉ូតូ រ៉ឺម៉ក់​ម៉ូតូ ត្រាក់ទ័រ គ្រឿងយន្ត និង​ទូក​កាណូត​ធុន​តូច នៅ​ឆ្នាំ​២០១៦

ភ្នំពេញ: សេចក្តីសម្រេច​ដូច្នេះ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​នៅក្នុង​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ ដែល​គណៈរដ្ឋមន្ត្រី​បាន​ប្រជុំពិភាក្សា និង​អនុម័ត នា​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា​នេះ​។

​ក្នុង​វិធានការ​បន្ថែ​មខាង​ផ្នែក​ពន្ធដារ សម្រាប់​ឆ្នាំ​២០១៦ នៅក្នុង​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ បាន​កំណត់ថា លុបចោល​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​មួយចំនួន ដូចខាងក្រោម​៖
-​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​ទាប

-​ត្រាក់ទ័រ និង​គ្រឿងយន្ត​ប្រហាក់ប្រហែល ដើម្បី​បន្ត​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម ពិសេស​ដើម្បី​លើកទឹកចិត្ត និង​សម្រាល​បន្ទុក​របស់​កសិក​រ​

-​ជលយាន​យន្ត​ធុន​តូច ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ជលយាន​យន្ត​ទាំងនោះ ជា​មធ្យោបាយ​ដឹកជញ្ជូន និង​ប្រកប​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​។​

​ក្នុង​សេចក្តីព្រាងច្បាប់​នោះ បាន​លើកឡើងថា "​ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ខាងលើ ធ្វើ​ឲ្យ​រដ្ឋ​មានការ​បាត់បង់​ចំណូល ចំនួន ៥.៨០១ លាន​រៀល ( ស្មើ​ប្រមាណ ១,៤២ លាន​ដុល្លារ​អាមេរិក )"​។​

​ជាមួយនឹង​វិធានការ​លុបចោល​ពន្ធ​ផ្លូវ​ខាងលើ សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៦ ក៏បាន​លើកឡើង​ពី​ការកែសម្រួល និង​កំណត់​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ចំពោះ​រថយន្ត​ដឹកទំនិញ និង​រ៉ឺម៉ក​សណ្តោង ដែលជា​ប្រភេទ​រថយន្ត​ធុន​ធ្ងន់ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​បរិស្ថាន និង​ដើម្បី​ប៉ះប៉ូវ​ចំណូល ដែល​បាត់បង់​ពី​ការ​លុប​ប​ចោល​ពន្ធ​ខាងលើ​៕​