ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ គ្រោង​ចំណាយ​សរុប​ជាង ៤.២៧៣ លាន​ដុល្លារ​

ភ្នំពេញ: ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ ដែល​គណៈរដ្ឋមន្ត្រី បាន​ប្រជុំពិភាក្សា និង​អនុម័ត នា​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា​នេះ បានកំណត់​ពី​ចំណាយ​សរុបថ​វិកា​ថ្នាក់ជាតិ ត្រូវបាន​គ្រោង​ក្នុង​ទឹកប្រាក់ ១៧.៤៦២.៤៧៧ លាន​រៀល ស្មើ​ប្រមាណ​ជាង ៤.២៧៣ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ១៦,១% ធៀប​នឹង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៥ ស្មើនឹង ២១,៣១% នៃ​ផ​.​ស​.​ស ( ផលិតផល​ក្នុងស្រុក​សរុប )​។​

​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ បង្ហាញថា ក្នុង​ចំណាយ​សរុប ១៧.៤៦២.៤៧៧ លាន​រៀល ស្មើ​ប្រមាណ​ជាង ៤.២៧៣ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​បែងចែក​ក្នុងការ​ចំណាយ​លើ​វិស័យ ដោយ​ផ្អែកលើ​តម្រូវការ និង​អាទិភាព​ចាំបាច់ ដូចតទៅ​៖
១-​វិស័យ​រដ្ឋបាល​ទូទៅ​៖
​ត្រូវបាន​គ្រោង​ចំនួន ១.៥៩៧.១៨០ លាន​រៀល ស្មើ​ប្រមាណ ៣៩១ លាន​ដុល្លារ កើន ២១% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ក្នុងនោះ​៖ គជប ត្រូវបាន​គ្រោង​ចំនួន ១១៤.៨៣៩ លាន​រៀល ស្មើ​ប្រមាណ ២៨ លាន​ដុល្លារ គឺ​កើន ៧៦៣,៥% បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥​។ រដ្ឋសភា ត្រូវបាន​គ្រោង​ចំនួន ១៤០.៦២០ លាន​រៀល ស្មើ​ប្រមាណ​ជាង ៣៤ លាន​ដុល្លារ កើន ១៣% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥​។ ក្រសួង​មុខងារសាធារណៈ ត្រូវបាន​គ្រោង​ចំនួន ៣៨.៣៦៤ លាន​រៀល ស្មើ​ប្រមាណ​ជាង ៩ លាន​ដុល្លារ កើន ១៦.៣% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥​។​

​វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​៖
​ត្រូវបាន​គ្រោង​ចំនួន ២.៧៧២.៨៥៧ លាន​រៀល ស្មើ​ប្រមាណ កើន ១៩,៧% បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥​។ ក្នុងនោះ ក្រសួងការពារជាតិ ត្រូវបាន​គ្រោង​ចំនួន ១.៥៥១.២០៧ លាន​រៀល ស្មើ​ប្រមាណ ៣៨០ លាន​ដុល្លារ កើន ១៧,៣%​។ ក្រសួងមហាផ្ទៃ ត្រូវបាន​គ្រោង ១.១២៧.៤១១ លាន​រៀល ស្មើ​ប្រមាណ ២៧៦ លាន​ដុល្លារ កើន ២១,៦%​។

​វិស័យ​សង្គមកិច្ច​៖
​ត្រូវបាន​គ្រោង​ចំនួន ៤.២៩១.៤៤១ លាន​រៀល ស្មើ​ប្រមាណ ១.០៥០ លាន​ដុល្លារ កើន ១៩,៧%​។ ក្នុងនោះ ក្រសួង​អប់រំ យុវជន និង​កីឡា ២.០២៩.៨៩៧ លាន​រៀល ស្មើ​ប្រមាណ ៤៩៧ លាន​ដុល្លារ កើន ២៨,២%​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ១៧១.៣០០ លាន​រៀល ស្មើ​ប្រមាណ ៤២ លាន​ដុល្លារ កើន ៤៥,៨%​។ ក្រសួងសុខាភិបាល ១.១១០.៧៩១ លាន​រៀល ស្មើ​ប្រមាណ ២៧២ លាន​ដុល្លារ កើន ៨,៦%​។

​វិស័យសេដ្ឋកិច្ច​៖
​ត្រូវបាន​គ្រោង​ចំនួន ១.១៥៤.៥៥៧ លាន​រៀល ស្មើ​ប្រមាណ ២៨៣ លាន​ដុល្លារ កើន ១៦,១%​។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ១៨៨.០២៥ លាន​រៀល ស្មើ​ប្រមាណ ៤៦ លាន​ដុល្លារ កើន ២៥,១%​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម ៩៣.៤១៧ លាន​រៀល ស្មើ​ប្រមាណ ២៣ លាន​ដុល្លារ កើន ២៥,៤%​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ៣៦៦.២៨០ លាន​រៀល ស្មើ​ប្រមាណ ៩០ លាន​ដុល្លារ កើន ១៣,២%​។ ក្រសួង​អភិវឌ្ឍន៍ជនបទ ១៤៦.១២៥ លាន​រៀល ស្មើ​ប្រមាណ ៣៦ លាន​ដុល្លារ កើន ១៣,៩%​។​

​ក្នុងនោះ ក៏មាន​ចំណាយ​មិនទាន់​បែងចែក​មានមុខ​សញ្ញា ត្រូវបាន​គ្រោង​ចំនួន ១.៣៤០.៩៥៤ លាន​រៀល ស្មើ​ប្រមាណ ៣២៨ លាន​ដុល្លារ​។ ចំណាយ​នេះ ត្រូវបាន​ត្រៀម​បម្រុង សម្រាប់​ការផ្ទេរ​ទៅមុខ​សញ្ញា​មួយចំនួន រួមមាន​៖ ឧបត្ថម្ភ​ធន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការសង​ការប្រាក់ ចំណាយ​ចរន្ត​ក្នុងការ​អនុវត្ត​គម្រោង​មូលនិធិ​វិនិយោគ​ថ្នាក់ស្រុក កញ្ចប់​សេវា​អនាម័យ​បរិស្ថាន សម្រាប់​អនុវត្ត​មុខងារ​គ្រប់គ្រង​សំណល់​រឹង​រាវ ជូន​រដ្ឋបាល​ក្រុង ចំនួន ២៦ នៃ​ខេត្ត​ទាំង ២៤ ថវិកា​ត្រៀម​បម្រុង​សម្រាប់​ការដំឡើង​ប្រាក់ឧបត្ថម្ភ​ជូន​និវត្តជន និង​មុខសញ្ញា​ផ្សេងៗ​ទៀត ដូចជា គ្រោះមហន្តរាយធម្មជាតិ ការងារ​អធិបតេយ្យ ស្បៀង​បម្រុង​កម្ពុជា ការរៀបចំ​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្ន័យ​ទូរគមនាគមន៍​កម្ពុជា និង​គម្រោង​អង្កេត​សហគ្រាស​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ជាដើម​។​

​ជាមួយគ្នា​នោះ ក្នុង​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល ក៏​គ្រោង​នឹង​ចំណាយ​លើ​ការកសាង ជួសជុល​ផ្លូវ​ថ្នាក់ ព្រមទាំង​ការបន្ត​ស្តារ​ផ្លូវដែក និង​កសាង​កំពង់ផែ​ទន្លេ ជាដើម សរុប​ចំនួន ១.៩២៥.០០០ លាន​រៀល ស្មើ​ប្រមាណ ៤៧១ លាន​ដុល្លារ គឺ​កើន ១៧,៦%​។​

​រីឯ​ចំណាយ​ថវិកា​រាជធានី​ខេត្ត​ក្រុង​ស្រុក និង​ឃុំ​សង្កាត់ ត្រូវបាន​គ្រោង​ចំនួន ១.៣៣៤.៥២៥ លាន​រៀល ស្មើ​ប្រមាណ ៣២៦ លាន​ដុល្លារ កើន ២០,៥%៕​