​ពាណិជ្ជករ​ជនជាតិ​ន័​រវេ ប្រគល់​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា​វិញ បន្ទាប់ពី​ការជួញដូរ​ខុសច្បាប់​

ភ្នំពេញ: តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស លោក ម័​រ​ធិ​ន បូ​ស្ទ័​រ​រូដ (Morten Bosterud) ប្រធាន​ក្រុមហ៊ុន អាត​ត្លា​ស​ឃ្លី​នី​កែន (Atlasklinikken) របស់​ន័​រវេ (Norway) បានប្រគល់​វត្ថុ​បុរាណ​ខ្មែរ ពី​ការប្រមូល​ទុក​ផ្ទាល់ខ្លួន របស់លោក​ចំនួន​២ និង​វត្ថុ​សិល្បៈ​ចំនួន​៩​ដុំ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​។​

​លោក ម័​រ​ធិ​ន បូ​ស្ទ័​រ​រូដ បានប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង​២ និង​វត្ថុ​សិល្បៈ ចំនួន​៩​ដុំ​នោះ ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​វត្តមាន​ចូលរួម របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សារមន្ទីរ​ជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​។​

​លោក ម័​រ​ធិ​ន បាន​ប្រមូល​វត្ថុ​បុរាណ​ទាំងនេះ ជាច្រើន​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ​ក្រោយពេល​ឃើញ​ភាពមិនប្រក្រតី ទើប​សម្រេច​ប្រគល់ ឲ្យ​ម្ចាស់​ដើម​វិញ បន្ទាប់ពី​ដឹងថា វត្ថុ​បុរាណ​ដែល​លោក​បាន​ទិញ និង​ប្រមូល​ទុក​ទាំងនេះ បានមក​ដោយ​ការជួញដូរ​ខុសច្បាប់​។​

​វត្ថុ​បុរាណ​ទាំងនោះ មាន​ពីរ​ប្រភេទ គឺ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​២ រួមមាន ព្រះ​កេស​ព្រះ​ឥសូរ សម័យអង្គរ​សតវត្ស​រ៍​ទី​៩ រចនាបថ​ព្រះ​គោ និង​ព្រះ​កេស​ទេព​ភេទ​ប្រុស សម័យអង្គរ​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ រចនាបថ​បាយ័ន និង​វត្ថុ​សិល្បៈ​ចំនួន​៩​ដុំ​ទៀត (​ពុំមែន​ជាវ​ត្ថុ​បុរាណ​ពិត​ទេ​) រួមមាន​ផ្ដែរ​ចម្លាក់ ចម្លាក់​លៀន​រូប​អប្សរា និង​ចម្លាក់​លោត​រូប​ព្រះ​ឥសូរ ដោយ​ផ្អែកលើ​ការធ្វើ កោសល្យវិច័យ យ៉ាង​ម៉ត់ចត់ ពី​អ្នកជំនាញ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​បន្ទាប់ពី​បាន​ដើរ​មើល សារមន្ទីរ​ជាតិ នៅ​មុនពេល​កម្មវិធី​ប្រគល់​វត្ថុ​បុរាណ ចាប់ផ្ដើម លោក ម័​រ​ធិ​ន និយាយថា ការប្រគល់​វត្ថុ​បុរាណ មក​ឲ្យ​កម្ពុជា គឺជា​ការសម្រេចចិត្ត​ត្រឹមត្រូវ របស់លោក​។ លោក​បានស្នើ​ឲ្យ​មន្ត្រី​កម្ពុជា ថែរក្សា​វត្ថុ​បុរាណ​ដែល​លោក​ប្រគល់​មក​ឲ្យ​កម្ពុជា វិញ ហើយ​ស្នើ​ឲ្យ​ដាក់​បង្ហាញ ដល់​សាធារណជន​បានឃើញ និង​សិក្សា​ស្រាវជ្រាវ​។

​លោក ម័​រ​ធិ​ន ក៏​បញ្ជាក់ថា លោក​មិនមែន​ប្រគល់​វត្ថុ​បុរាណ ក្នុងនាម​ជា​ម្ចាស់ជំនួយ​អ្វី​នោះទេ តែ​លោក​ធ្វើ​នេះ ក្នុងនាម​ជា​អ្នក​ប្រគល់ របស់​ឲ្យ​ម្ចាស់​ដើម​វិញ​ប៉ុណ្ណោះ​។ លោក​បាន​បន្ថែមថា នេះ​ជា​លើកទីមួយ សម្រាប់​លោក ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​។

​លោក​បាន​មានប្រសាសន៍ថា «​ខ្ញុំ​សង្ឃឹមថា នេះ​ជំហាន​ទីមួយ​សម្រាប់​ខ្ញុំ ដើម្បី​ធ្វើជា​មិត្ត​ជាមួយ​ប្រជាជន​កម្ពុជា និង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​»​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ ថា ដោយសារ​សង្គ្រាមស៊ីវិល ក្នុងស្រុក​ជាង ៣ ទសវត្សរ៍​កន្លងមក សម្បត្តិ​វប្បធម៌​កម្ពុជា ត្រូវបាន​បាត់បង់ និង​ត្រូវ​ជួញដូរ​ដោយ​ខុសច្បាប់ ដោយ​ចេញទៅ​។ ជាក់ស្ដែង វត្ថុ​បុរាណ​ពីរ​ដុំ ដែល​ត្រូវ​បានប្រគល់​ត្រឡប់មកវិញ ត្រូវបាន​បាត់បង់ ពី​ប្រទេស​កម្ពុជា ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។
​លោកស្រី បាន​ថ្លែងថា កម្ពុជា​បាន​កោតសរសើរ និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ លោក ម័​រ​ធិ​ន ដែល​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ មក​ឲ្យ​កម្ពុជា​វិញ​។​

​បន្ទាប់ពី​ពិធី​ប្រគល់​នេះ លោក ម័​រ​ធិ​ន បូ​ស្ទ័​រ​រូដ ត្រូវបាន​បំពាក់ គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ដោយ​លោកស្រី ភឿង ស​កុ​ណា នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​ការប្រគល់​វត្ថុ​បុរាណ​ខ្មែរ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​៕V/S

​ពាណិជ្ជករ​ជនជាតិ​ន័​រវេ ប្រគល់​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា​វិញ បន្ទាប់ពី​ការជួញដូរ​ខុសច្បាប់​

​ពាណិជ្ជករ​ជនជាតិ​ន័​រវេ ប្រគល់​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា​វិញ បន្ទាប់ពី​ការជួញដូរ​ខុសច្បាប់​

​ពាណិជ្ជករ​ជនជាតិ​ន័​រវេ ប្រគល់​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា​វិញ បន្ទាប់ពី​ការជួញដូរ​ខុសច្បាប់​