ក្តៅចិត្ត​ប្រពន្ធ​បន្ទោស​លោតទឹក​ស្ពាន​ជ្រោយចង្វា

ក្តៅចិត្ត​ប្រពន្ធ​បន្ទោស​លោតទឹក​ស្ពាន​ជ្រោយចង្វា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា មាន​ជំងឺសរសៃប្រសាទ បាន​ជិះ​កង់​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ចាស់ តែ​ពុំ​បាន​ស​ម្រ​ច​ត្រូវ​អ្នក​នៅ​ក្រោម​ស្ពាន​ឃើញ ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះទាន់​​ពេល ។ ការ​ប៉ង​ធ្វើ​អត្តឃាត​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ តុលា ។

បុរស​ដែល​ប៉ង​ធ្វើ​អត្តឃាត​ឈ្មោះ គង់ ច័ន្ទ​សី អាយុ​៣៧​ឆ្នាំ ជា​កម្មករ​យាម​ម៉ូតូ​នៅ​ផ្តុំ​ផ្សារ​ចាស់ រស់នៅ​ភូមិ​ដើម​.​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នោះ​បាន​ជិះ​កង់​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ពេល​មក​ដល់​កណ្តាល​ស្ពាន​ស្រាប់តែ​ទុក​កង់​ចោល ហើយ​លោត​សម្លាប់​ខ្លួន ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា  នៅ​ពេល​លោត​ដល់​ទឹក គេ​ឃើញ​បុរស​នោះ​ចេះ​ហែល​ទឹក ហើយ​ចេះ​បណ្តែត​ខ្លួន​ឱ្យ​រសាត់​តាម​ខ្សែទឹក​ហូរ ។ ភ្លាម​ៗ​នោះ ត្រូវ​បាន​ប្រជា​នេសាទ​នៅ​ក្រោម​ស្ពាន​ឃើញ ក៏​ចេញ​ទូក​ទៅ​ជួយ​ស្រង់​នាំ​មក​កាន់​ច្រាំង​ទន្លេ ត្រូវ​បាន​នគរបាល​សួរនាំ ក៏​ជូនដំណឹង​ទៅ​ក្រុម​គ្រួសារ​នាំ​ទៅ​ផ្ទះ​វិញ ។

តាម​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា បុរស​រូប​នោះ​មាន​ជំងឺ​ស​សៃ​ប្រសាទ​ជា​យូរ​មក​ហើយ គិតតែ​ពី​ផឹក ។ មុន​ពេល​លោតទឹក ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ប៉ុ​ល តឿន បាន​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ចាស់ ក៏​បានឃើញ​ប្តី​កំពុង​តែ​អង្គុយ​ផឹក ក៏​បាន​ស្តីបន្ទោស ថា បើ​គិតតែ​ផឹក​អុ​ី​ចឹ​ង មិនបាច់​ទៅ​ធ្វើការ​ទេ ទៅ​ផ្ទះ​វិញ​ទៅ ។ ស្រាប់តែ​បុរស​រូប​នោះ​ជិះ​កង់​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​ដូច​ប្រពន្ធ​ប្រាប់​មែន ។ លុះ​មក​ដល់​កណ្តាល​ស្ពាន ក៏​លោត​ទឹកតែ​ម្តង ៕   ​