បញ្ចប់​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​យួន គួរ​ធ្វើឡើង​ប្រកបដោយ​តម្លាភាព​

ភាគី​យួន​និង​កម្ពុជា​ទើប​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ​លើក​ទី​១៤ ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហូជីមិញ ហើយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​លើ​បញ្ហា​មួយចំនួន​រួម​ប​ញ្ជូ​ល​ទាំង​បញ្ហា​បោះបង្គោល​ព្រំដែន​ផងដែរ​។ តាមរយៈ​កិច្ចប្រជុំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ វប្បធម៌ វិទ្យាសាស្ត្រ និង​ប​ចេ្ច​ក​វិទ្យា ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ថា នឹង​ប្ដេជ្ញា​បញ្ចប់​ដំណើរការ​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​បង្កើត​ព្រំដែន​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការបោះបង្គោល​ព្រំដែន ប៉ុន្តែ​ទាមទារ​ឲ្យ​ដំណើរការ​នោះ​មាន​តម្លាភាព​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​«​យើង​ឃ្លាំមើល​តាមដាន​ហេតុការណ៍​នេះ ហើយ​ជា​គោលជំហរ​ដូច ឯកឧត្ដម សម រង្ស៊ី ធ្លាប់មាន​ប្រសាសន៍ គឺ​យើង​ចង់​ឲ្យ​មាន​តម្លាភាព​និង​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​។ ឯកឧត្ដម សម រង្ស៊ី ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​លើកឡើងថា បញ្ហា​ព្រំដែន​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា​។ យើង​ស្វាគមន៍​ចំពោះ​ការបោះបង្គោល​ព្រំដែន ប៉ុន្តែ​គួរ​ឲ្យ​យើង​មានការ​ឯកភាពគ្នា​ច្បាស់លាស់​ពិតប្រាកដ ពេលនោះ​វា​នឹងមាន​ដំណើរការ​ស្រួល​»​។​

សូម​រំលឹក​ដែរ​ថា កាលពី​អំឡុង​ខែកក្កដា និង​ខែសីហា​កន្លងទៅ បញ្ហា​ព្រំដែន​បាន​នាំ​ឲ្យ​មាន​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង រហូតដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ផ្ញើលិខិត​កំណត់​ទូត​ជាច្រើនលើក​ទៅ​រដ្ឋាភិបាល​យួន​ឲ្យ​បញ្ឈប់​សកម្មភាព​បំពាន​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​នៅតាម​តំបន់​ព្រំដែន​។ ក្នុងនោះ​បញ្ហា​ព្រំដែន​នៅ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ នៅ​ស្រុក​រំដួល និង​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ជាដើម បានធ្វើ​ឲ្យ​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​រដ្ឋាភិបាល​យួន​មិនបាន​ឆ្លើយតប​ជា​វិជ្ជមាន​មក​ភាគី​រដ្ឋាភិបាល​កម្ពុជា​ទេ ហើយ​នៅតែ​បន្តធ្វើ​ផ្លូវ​និង​សាងសង់​សំណង់​ផ្សេងៗ​តាម​ព្រំដែន​ស្រេច​តែ​អំពើ​ចិត្ត​។ មិនតែប៉ុណ្ណោះ​ទាហាន​និង​ប្រជាជន​យួន បន្តសកម្មភាព​ចូលមក​បំផ្លាញ​ដំណាំ​ស្រូវ​និង​កសិផល​របស់​ប្រជាកសិករ​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​រំដួល ខេត្តស្វាយរៀង យ៉ាង​កំរោល​បំផុត​៕

border_vn_150508-2015-06-08 image khmer-viet-border-mark81​    ​