ហេតុអ្វី​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួសជុល​ផ្ទះសម្បែង​នៅជាប់​ព្រំដែន​កម្ពុជា​-​យួន​?

ករណី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​ខេត្តស្វាយរៀង រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួសជុលផ្ទះ នៅជាប់​ព្រំដែន​កម្ពុជា​-​យួន នៅក្នុង​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​។ ដូច្នេះ​លោក ជៀង អំ ដែលជា​អភិបាលខេត្ត​ស្វាយរៀង គួរ​គិតគូរ​ឡើងវិញ​ទៅលើ​បញ្ហា​នេះ ព្រោះ​ពលរដ្ឋ​ខ្មែរ​ជួសជុលផ្ទះ​នៅលើ​ទឹកដី​ខ្មែរ​សោះ មិនគួរ​មានការ​ហាមឃាត់​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ខ្មែរ​ទេ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ជួសជុល​នោះ គឺជា​កន្លែង​ដែល​ពួកគាត់​រស់នៅ​តាំងពី​ដូនតា​មក ហើយ​បច្ចុប្បន្ន​តំបន់​នោះ​មាន​ភាព​ប្រទាញប្រទង់​ជាមួយ​ភាគី​យួន​។

មន្ត្រី​អង្គការ​«​ខ្ញុំ​ខ្មែរ​»​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែតុលា ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មានការ​ប្រឈមមុខ​ដាក់​គ្នា ដោយសារតែ​អាជ្ញាធរ​ដាក់​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​រារាំង​មិន​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​និង​សម្ភារៈ​ផ្សេងៗ​តាម​ទូក ដើម្បី​សាងសង់​ផ្ទះ​២​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។ មន្ត្រី​អង្គការ​ខ្ញុំ​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ប្រដាប់អាវុធ​ស្ពាយ​កាំភ្លើង​ច្រូងច្រាង​ជាច្រើន​នាក់ បាន​រារាំង​ពួកគេ​មិន​ឲ្យ​បន្តសកម្មភាព​ជញ្ជូន​ឈើ​និង​សម្ភារៈ​ផ្សេងៗ​ទៅ​សាង​សង់ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ ដោយ​លើកឡើងថា មិនមាន​លិខិតអនុញ្ញាត​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា គ្រាន់តែ​សាងសង់​ជួសជុលផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​សោះ ត្រូវគេ​ទាមទារ​រក​ច្បាប់​អនុញ្ញាត​ពី​ឃុំ ពី​ស្រុក ទៅវិញ​ហើយ​ទីកន្លែង​នោះ​ទៀតសោត​គឺជា​ទឹកដី​ខ្មែរ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ក្នុងភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ពួកគាត់​រស់​នៅលើ​ទីទួល​នោះ​តាំងពី​ឆ្នាំ​១៩៨០​ត​ពី​ដូនតា​មក ហើយ​ពួកគាត់​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​អាជ្ញាធរ​គាបសង្កត់​រំលោភ​លើ​សិទ្ធិ​រស់នៅ​របស់​ពួកគាត់​។ ទីតាំង​ដែល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​សាងសង់​ជួសជុលផ្ទះ​ឡើងវិញ​នោះ ស្ថិតនៅ​ត្រើយ​ខាងកើត​ជាប់មាត់​ព្រែ​កមួយ​ក្បែរ​បង្គោល​ព្រំដែន​លេខ​២០៣ ដែល​ធ្លាប់មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​និង​ប្រជាជន​យួន ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តស្វាយរៀង បាន​រិះគន់ថា ទង្វើ​របស់​មន្ត្រី​អាជ្ញាធរ​គឺជា​ការរំលោភ​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​បំផុត ព្រោះ​ពួកគាត់​រស់នៅ​លើដី​នោះ​តាំងពី​ដូនតា​មក​៕

យួនប្រឈមជាមួយខ្មែរ យួនចូលឃុំត្នោត​    ​