កម្មករ​រោង​ចក្រ​កាត់​ដេរ​មិត្ត​ភាព​​​ផ្ទុះការ​តវ៉ាដុត​កង់​ឡាន​ឱ្យ​ថៅ​កែ​គោរព​ច្បាប់​ការ​ងារ

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ដែល​មាន​យី​ហោ​មិត្ត​ភាព​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វតត្​សំរោង​អណ្តែត ភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ប្រមាណ​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា នេះ បាន​ផ្ទុះ​ការ​តវ៉ា​ដុត​កង់​ឡាន​មុខ​រោង​ចក្រ​ទាម​ទារ​ឱ្យ​ថៅ​កែ​រោង​ចក្រ​គោរព​ច្បាប់​ការ​ងារ​។

តាម​ការ​ឱ្យ​ដឹង​ពី​កម្មករ​ម្នាក់​ឈ្មោះ​ជុំ រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ​ការ​តវ៉ានេះ​បាន​ផ្ទុះ​ឡើង​ចំនួន​៣​ថ្ងៃ​មក​ហើយ​ ចាប់ពី​ថ្ងៃ​ទី​១៩ មក​ដល់​ថ្ងៃ​ទី​២១ នេះ​ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​ចំនួន​៦​ចំណុច​។

លក្ខខណ្ឌ​ការ​ងារ​ទាំង​៦​ចំណុច​នោះ រួម​មាន​១-ស្នើ​សុំ​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​មេការ​ឈ្មោះ​ជិន សាវីន ចូល​ធ្វើ​ការ​វិញ​, ២-ពេល​ដែល​ក្រុម​ហ៊ុន​បញ្ឈប់​កម្មករ​ណា​ម្នាក់​ដែល​គ្មាន​កំហុស​ ខាង​ក្រុម​ហ៊ុន​ត្រូវ​គិត​អត្ថ​ប្រយោជន៍​តាម​ផ្លូ​​វ​ច្បាប់​ ហើយ​មិន​ត្រូវ​កាត់​លុយ​ក​ម្មករ​ទេ, ៣-​​​​សុំ​ឱ្យ​ក្រុម​ហ៊ុន​រៀប​ចំ​បន្ទប់​ទឹក​ឱ្យ​មាន​អនា​ម័យ, ៤-ត្រូវ​រៀប​ចំ​ពេទ្យ​ប្រចាំ​ការ​នៅ​ក្នុង​រោង​ចក្រ​ម្នាក់​, ៥-ពេល​កម្មករ​សុំ​ច្បាប់​ឈឺ ឬ​មាន​ធុរៈ​ខាង​ក្រុម​ហ៊ុន​មិន​ត្រូវ​កាត់​លុយ​ព្រីម​តាម​សមាមាត្រ​ និង​៦-ពេល​កម្មការិនី​មាន​ផ្ទៃ​ពោះ​ត្រូវ​ទៅ​ពិនិត្យ​ពោះ​ខាង​ក្រុម​ហ៊ុន​ត្រូវ​អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​មួយ​ថ្ងៃ​ ៕