រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​អូ​ឡា​ពិ​ក​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​ស្រុក​អង្គស្នួល

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាម​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្តក្រុង​ដឹក​អ្នក​ដម​ណើ​រ​របស់​ក្រុមហ៊ុន អូឡាំពិក មកពី​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ​បាន​បើក​បុក​ម៉ូតូ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ម៉ុ​ល ឌៀប អាយុ​២១ កម្មករ​រោងចក្រ​ផ្លាស​ស្ទិ​ក ស្នាក់នៅ​ភូមិ​បែក​ចាន មាន​ស្រុកកំណើត​នៅ​ភូមិ ដង​ខ្វិត ឃុំ​វាល​ពន់ ស្រុក​ព្នង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដារ​សេ​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1D-6948 ។​

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ  ជនរងគ្រោះ​បានចេញ​ពី​ធ្វើការ រួច​បាន​មកលេង​ផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​អូរ​ដឹ​ម ហើយ​បាន​ផឹកស៊ី​ជួបជុំគ្នា រហូតដល់​វេលា​ម៉ោង​កើតហេតុ ជនរងគ្រោះ​បាន​សុំ​មក​ផ្ទះ​ព្រោះ​យប់​ជ្រៅ​ពេក តែ​ដោយ​មិន​ទុកចិត្ត​និង​ខ្លាច​មាន​គ្រោះថ្នាក់ ក៏បាន​ជូន​ជនរងគ្រោះ​ដោយ​ជិះ​អម មកជា​មួយ​ម៉ូតូ​២​គ្រឿង​ថែមទៀត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្តក្រុង​ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ 3B-5190 របស់​ក្រុមហ៊ុន អូឡាំពិក ដឹក​អ្នកដំណើរ បើក​ទិសដៅ​ពី​លិចទៅ​កើត ដោយ​ចេញពី​ក្រុងព្រះសីហនុ មក​ភ្នំពេញ នៅក្នុង​រថយន្ត​ដឹក​សុទ្ធតែ​ជនជាតិ​បរទេស បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅខាងមុខ ក៏​ជ្រុល​ចូលទៅ​ខាងឆ្វេង​ដែរ​ជា​ផ្លូវ​របស់​ម៉ូតូ ដែល​ជិះ​ទិសដៅ​ពី​កើ​តទៅ​លិច បុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​បោក​ផ្ទប់​និង​ក្បាល​រថយន្ត បែកក្បាល​ផុង​លលាដ៍ ធ្លាយ​ខួរ ប៉ើង​ទាំង​ម៉ូតូ​និង​មនុស្ស ហោះ​ទៅ​ម្ខាង​ផ្លូវស្លាប់​ភ្លាមៗ​តែម្តង ។ ប្រភព​បន្តថា រថយន្ត​ដាច់​កង់​ខាងមុខ និង​បែក​ជញ្ជាំង​ខាងមុខ​ផ្នែ​ង​ខាងឆ្វេង បាន​បន្ថែម​ល្បឿន​ទៅមុខ​ជាង​១០០​ម៉ែត្រ​ទើប​ឈប់ ឯ​តែ​កុង​បាន​រត់គេចខ្លួន​បាត់ស្រមោល បន្សល់​តែ​អ្នកដំណើរ​នៅ​ពេញ​ក្នុង​រថយន្ត​ប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ អ្នក​ដែល​ជិះ​ក្នុង​រថយន្ត​បង្ករ ត្រូវបាន​រថយន្ត​១​គ្រឿង​ផ្សេងទៀត​ដឹក​ទៅ​បន្ត ចំណែកឯ​រថយន្ត​បង្ក​និង​ម៉ូតូ សមត្ថកិច្ច​បានធ្វើការ​វាស់​វេ​ង​នាំយកទៅ​រក្សាទុក​អធិការនគរបាល​ស្រុក​អង្គស្នួល​ដើម្បី​រងចាំ​ការដោះស្រាយ រីឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ 

រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​អូ​ឡា​ពិ​ក​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​ស្រុក​អង្គស្នួល