អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​

តើអ្វី​ទៅ​ជាគុន​ល្បុក្កតោ​ ? បើអ្នក​ពិត​ជាកូន​ខ្មែរ​តំណរ​ខេមរវង្ស​ នោះ​អ្នក​គួរ​តែដឹង ​និងពិត​ជាត្រូវ​តែដឹងថា​ គុន​ល្បុក្កតោ​ គឺអត្ត​សញ្ញាណ ​និងជា​ដួង​ព្រលឹង​របស់​ជាតិខ្មែរ ​ហើយ​គឺជា​ប្រភេទ​ក្បាច់​គុន​ដែល​គ្មាន​ពីរ​ឡើយ​នៅក្នុង​លោក​នេះ​ ប៉ុន្តែ​មាន​តែការ​លួច​ចម្លង​ពីបរទេស​ និងធ្វើ​ការ​កែច្នៃ​បន្ថែម​តែប៉ុណ្ណោះ​។ យោង​តាម​ប្រសាសន៍​របស់​គ្រូគុន​ល្បុក្ក​តោជា​ច្រើន​ និងរួមទាំង​ឯកសារ​ដែល​ជាចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​ខ្មែរ​ជាច្រើន​ ដូច​ជាប្រាសាទ​អង្គរ​តូច​ អង្គរធំ​ ប្រាសាទ​បាយ័ន ​និងប្រាសាទ​ដទៃ​ទៀត​ គុនល្បុក្កតោ​ ត្រូវ​បាន​បុព្វបុរសខ្មែរ​បង្កើត​ឡើង​គួប​ផ្សំជា​មួយ​នឹងធាតុ​ស្រាល ​ទន់-ល្វត់​ល្មន់ ​ម៉ត់ចត់​-ម៉ឺងម៉ាត់ ​រហ័ស​រហួន​ រឹងមាំ​ ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ស្ដែង​ចេញ​ពីលំនាំ​ធម្មជាតិ​លោក​នេះសុទ្ធ​សាធ ​ដែល​សរុប​ទាំង​អស់​មាន​ចំនួន​រាប់​ពាន់​ក្បាច់​ ប៉ុន្តែ​ខ្មែរ​យើង​នៅ​មិន​ទាន់​មាន​ស្ថិតិ​ណា​មួយ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ឡើយ​ ព្រោះ​ខ្មែរ​យើង​កំពុង​ស្ថិត​នៅក្នុង​ការ​សិក្សា​អំពី​ចំនួន​ស្នៀត​គុន​ដែល​មាន​ចំនួន​ដ៏ច្រើន​នេះ ។ ​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​
យោង​តាម​ប្រសាសន៍​របស់​គ្រូព្រឹទ្ធា​ចារ្យគុន​ (Master of Martial) ទាំង​ជាតិ ​និងអន្តរ​ជាតិ​ភាគ​ច្រើន​សុទ្ធ​តែ​បញ្ជាក់​ស្ទើរ​តែ​ដូចៗ​គ្នាថា​ នៅក្នុង​លោក​នេះ ​ក្បាច់​គុន​ដែល​ល្អដាច់​គេ ​គឺជាគុន​ដែល​មាន​គ្រប់​ធាតុ​ ទាំង​ធាតុញី​ និងធាតុ​ឈ្មោល​ ។ ធាតុ​ញីនោះ​គឺសម្ដៅ​ចំពោះ​ភាព ​រឹង ​ក្ដៅ ​មាំ ទប់ ​និងទម្ងន់​ ឯធាតុ​ឈ្មោល​វិញ​គឺសម្ដៅ​ចំពោះ​ភាព​ស្រាល​ ទន់ ​ត្រជាក់ ​រហ័ស ​វាយបក ​និង​សម្រុក​ ។ ដូច្នេះ​គេ​សង្កេត​ឃើញថា​ គុន​ល្បុក្កតោ​គឺមាន​ធាតុ​អស់​ទាំង​នេះ​គ្រប់​គ្រាន់​ ដែល​ធ្វើ​ឱ្យអ្នក​ហាត់​ក្បាច់​គុន​នេះ ​ទទួល​បាន​នូវ​ថាម​ពល​មួយ​ដ៏ចម្លែក​ជាង​គុនណាៗ​ទាំង​អស់​ គឺធាតុ​ទាំង​ប៉ុន្មាន​នៅក្នុង​ខ្លួន​របស់​មនុស្ស​ត្រូវ​បាន​ងើប​ឡើងវិញ​ ក្រោយ​ហាត់​ទៅតាម​ស្នៀត ​និងថ្នាក់​របស់​វា ប៉ុន្តែ​វាក៏​ត្រូវ​ការការ​ប្ដេជ្ញា​ចិត្ត​ពីអ្នក​ហាត់​ផង​ដែរ។ ​អិញ្ចឹង​ហើយ​ ទើប​ធ្វើឱ្យ​យើង​ជាកូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​សរសើរ​មិន​បាន​ចំពោះ​ការ​បង្កើត​ស្នៀត​គុន​ល្បុក្ក​តោ​របស់​ដូនតា​ខ្មែរ ​ដែល​សូម្បី​តែ​បរទេស​ និងក្រុម​មនុស្ស​មួយ​ចំនួនក៏​ព្រម​ទទួល​ចម្លង​គុន​ល្បុក្កតោ ​ឱ្យក្លាយ​ជាសម្បត្តិ​ជាតិ​របស់គេ ​និង​ដាក់​ឈ្មោះ​ជារបស់​ជាតិ​សាសន៍​គេយ៉ាង​សប្បាយ​រីក​រាយ​ថែម​ទៀត ។ ​
ក្រៅពី​ចំណុច​ចម្បងៗ​ខាងលើ​ តើអ្នក​ដឹងទេ​ថាគុន​ល្បុក្ក​តោ​ផ្ដល់​នូវ​គុណ​ប្រយោជន៍​យ៉ាង​ណា​ខ្លះចំពោះ​អ្នកហាត់?​
១/. សុខ​ភាព​ផ្លូវកាយ​ និងផ្លូវចិត្ត​៖គុនល្បុក្កតោ​ មិន​ត្រឹម​តែ​ប្រើ​សម្រាប់​ជាសិល្បៈ​ដើម្បី​ការ​ពារ​ខ្លួន ​និង​ប្រយុទ្ធ​ប៉ុណ្ណោះទេ ​លើស​ពីនេះ​ទៅទៀត ​កាលណា​អ្នក​ដាក់​ចិត្ត​ហាត់​គុន​នេះ ​ញើស​ដែល​លាយ​ឡំជា​មួយ​ជាតិពុល​នៅក្នុង​ខ្លួន​របស់​អ្នក​នឹង​ហូរ​ចេញ​មកក្រៅ​យ៉ាង​ច្រើន​ដោយ​មិនដឹង​ខ្លួន ​ដូច​ជានៅ​ក្នុង​បន្ទប់​ចំហុយ​(Spa) ព្រោះ​គ្រប់​ចលនា​នៃ​ស្នៀត​គុន​ដែល​អ្នកហាត់​ សុទ្ធ​តែ​ដាស់​គ្រប់​ផ្នែក​នៃ​រាងកាយ​របស់​អ្នក​តាំង​ពី​ចុង​ម្រាម​ជើង​រហូត​ដល់​ផ្នែក​ក្បាល​។ ម៉្យាង​វិញ​ទៀត​ គុន​ល្បុក្កតោ ​គឺមិន​ដូច​ជាគុន​ដទៃ​ទៀត​ឡើយ​ ក្រៅពី​ចម្រើន​ចំពោះ​សុខភាព​ផ្លូវកាយ ​វាក៏​ផ្ដល់​នូវ​សុខភាព​ផ្លូវ​ចិត្ត​ជូន​អ្នក​ហាត់​ផងដែរ ​ព្រោះ​នៅរាល់​គ្រប់​កាល​វិភាគ​ហាត់ ​ការធ្វើ​សមាធិ​ដើម្បី​សម្រួល​ដល់​ចលនា​ផ្លូវ​ដង្ហើម​ ត្រូវ​បាន​ដាក់​បញ្ចូល​ដោយ​គ្រូបង្វឹក​ ដែល​ប្រការ​ទាំង​ពីរនេះ​នឹង​នាំមក​នូវគុណ​ប្រយោជន៍​ដ៏មហិមា​ចំពោះ​សុខ​ភាព​របស់​អ្នក​ហាត់ ។​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​
២/. រូប​សម្បត្តិ​មិន​ថាជាបុរស​ ឬនារី​ដែល​តែង​ប្រាថ្នា​ចង់​បាន​រូបរាង​សម​សួន​នោះ​ អ្នក​មិន​ចាំបាច់​ទៅចំណាយ​ប្រាក់​កាស​ និង​ពេល​វេលា​ច្រើន​ចំពោះ​មធ្យោ​បាយ​ណាមួយ​ដែល​អាច​ជួយ​អ្នក​ឱ្យទទួល​បាន​រាង​ស្អាត ​និងរាង​សង្ហារ​ ប៉ុន្តែ​ជាលទ្ធ​ផល​វានាំ​ឱ្យប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ចំពោះ​សុខភាព​របស់​អ្នក​ទៅវិញ​នោះទេ ​។ មិនថា​ជាអ្នក​ចង់បាន​សាច់​ដុំស្អាត​ ថ្នក់​សាច់​ដុំដែល​ស្ថិត​ស្ថេរ​បាន​យូរមិន​ងាយ​ស្រក​ រាងកាយ​ដែល​បត់​បែន​បាន​យ៉ាង​ល្អ ​ស្រាល​ និង​រហ័ស​រហួន​ រូប​រាង​តូច​ច្រឡឹង ​ឬរាង(Slim)សម្រាប់​នារី​ គុនល្បុក្ក​តោ​របស់​ខ្មែរ​គឺមិន​ធ្វើ​ឱ្យអ្នក​អស់​សង្ឃឹម​ឡើយ ។​​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​
៣/. ជា​អង្គ​រក្ស​របស់​អ្នក​រស់​ជាមនុស្ស​កុំឱ្យ​គេដឹង​ពីលក្ខណៈ​របស់អ្នក​ ។ កាលណា​អ្នក​ខ្សោយ​ អ្នកខ្ជឹល​ អ្នក​ចង់​ខ្ជះ​ខ្ជាយ​ប្រាក់​កាស​ច្រើន ​នោះអ្នក​នឹង​ត្រូវ​ការ​អង្គ​រក្ស​មក​ដើរ​តាម​ទាំង​យប់​ទាំងថ្ងៃ​ ប៉ុន្តែ​បើអ្នក​ចេះ​គុន​ល្បុក្ក​តោដល់​កម្រិត​មួយ​ដែល​ព្រម​ងក់ក្បាល​ទទួល​ស្គាល់ពី​គ្រូជំនាញ​ហើយ ​នោះអ្នក​អាច​ចាប់ផ្ដើម​ជីវិត​ជាអ្នក​មាន ​ដោយ​សុខគ្មាន​នរណា​ដឹង​ឡើយ ​ហើយ​អ្នកក៏​មិន​ចាំបាច់​ធ្វើជា​មនុស្ស​មួយ​មាន​ស្រមោល​៤-៥ដែរ​ ព្រោះ​ជីវិត​បែប​នេះ​គ្មាន​ឥស្សរ​ភាព​ឡើយ ​។ ដូច្នេះ​ “គុន​ល្បុក្កតោ​” គឺជា​អង្គរក្ស​តែមួយ​គត់ ​ដែល​នៅ​ជាប់​ក្បែរ​ខ្លួន​របស់​អ្នកជា​រៀង​រហូត ​និងមិន​ងាយ​ក្បត់​អ្នក​ផ្ដេស​ផ្ដាស​ឡើយ ​លើស​ពីនេះ​ទៅទៀត​ វានឹង​នាំមក​ឱ្យអ្នក​នូវ​ស្មារតី​ភ្ញាក់​រឭក​ និងប្រយ័ត្ន​ប្រយែង​គ្រប់​ពេល​វេលា។​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​
៤/. ជា​អត្ត​សញ្ញាណ​របស់​ជាតិ​ខ្មែរ​ជារៀង​រហូត​តទៅ​ជា​បុព្វ​បុរស​នៃកូន​ចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ អ្នកគួរ​ និងត្រូវ​ដឹងថា​ តើអ្វី​ទៅជា​គុន​ល្បុក្កតោ​ ។ “ទីណា​មានខ្មែរ ​ទីនោះ​ត្រូវ​តែ​មាន​គុនល្បុក្កតោ​” នេះ​ជាសុភា​សិត​មួយ​ដែល​ខ្មែរ​គ្រប់​រូប​គួរ​ចង​ចាំទុក​ ប្រយ័ត្ន​កូន​ចៅ​ជំនាន់​ក្រោយ​របស់​អ្នក​កើតមក ​ហើយ​ពួក​គេសួរ​នាំអំពី​គុន​ល្បុក្កតោ​ដែល​ជាគុន​របស់​ខ្មែរ ​អ្នកនឹង​មាន​ភាព​ស្ទាក់​ស្ទើរ​ចំពោះ​ពួកគេ​ ប្រសិន​បើ​អ្នក​មិនដែល​សិក្សា ​ឬហាត់​គុនល្បុក្កតោ​ នោះ​ភាព​មិន​គាប់​ប្រសើរ​នឹង​កើត​មាន​ឡើង​ចំពោះ​អ្នក ​លើស​ពីនេះ​ទៅ​ទៀត​ ក៏ដើ​ម្បី​បង្ហាញ​ និង​បញ្ជាក់​ដល់​ជន​បរទេស​អំពី​សម្បត្តិ​ជាតិ​របស់​យើង​មួយ​នេះ​ផង​ដែរ ។​​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​
៥/. ជាគុន​សម្រាប់​ពល​សេនា​ជាតិ​មិន​សម្រាប់​តែ​ប្រជា​រាស្រ្ត​ទូទៅ​ហាត់​ប៉ុណ្ណោះ​ទេ ​គុនល្បុក្កតោ​ ត្រូវ​បាន​ប្រើ​ប្រាស់​អស់​រយៈ​កាល​រាប់​សតវត្សរ៍​មក​ហើយ ​នៅក្នុង​វិស័យ​ការពារ​ជាតិខ្មែរ ​ក្នុង​សម័យ​អតីត​កាល ​ហើយ​ឥលូវ​គុន​ល្បុក្កតោ​ក៏​ត្រូវ​បាន​រស់​រវើក​ងើប​មាន​ជីវិត​ឡើង​សារ​ជាថ្មី​នៅក្នុង​វិស័យ​ការពារ​ជាតិ ​ការពារ​ទឹកដី​ខ្មែរ​ម្ដង​ទៀត​នៅក្នុង​សតវត្សរ៍ទី​២១នេះ ។ ​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​
ដូច្នេះ​អ្វីៗ​ដូច​ដែល​បាន​សង្ខេប​មក​នេះ ​គឺជា​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃគុន​ល្បុក្ក​តោ​តែប៉ុណ្ណោះ ​ឯការ​ពិត​នៃភាព​អស្ចារ្យ​របស់​ក្បាច់​គុនមួយ​នេះ​នឹង​ត្រូវបាន​លាតត្រ​ដាង​នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ និងប្ដេ​ជ្ញាចិត្ត​ចូល​ប្រឡូក​ជាមួយវា ​។ ដូច​សុភា​សិត​មួយ​ពោលថា ​“ស្ដាប់ឮ​គេ​និយាយ​មួយ​រយដង ​មិន​ស្មើ​បាន​ពាល់​ម្ដង​ឡើយ” ៕​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​
ទីតាំង​ដែល​លោក​អ្នក​អាច​រកហាត់​បាន៖​ គឺនៅ​សាល​NOCC ក្នុង​បរិវេណ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ រាជ​ធានី​ភ្នំពេញ ។​
អត្ថ​ប្រយោជន៍​ដ៏មហិមា​នៃ​ការ​ហាត់​គុន​ល្បុក្ក​តោ​ដែល​ប្រាក់​ក៏មិន​អាចទិញបាន​

លេខ​ទូរស័ព្ទ​គ្រូបង្វឹ​ក៖ 096 288 38 84 និង 097 96 83 105
ដោយ៖ ឈូក ស
ពី៖ Cool FM