អាជ្ញាធរ​នឹង​រឹប​អូស​ផ្ទះ​បណ្តែត​ទឹក​នៅ​សល់​ លើ​បឹង​ទន្លេ​សាប​ខេត្ត​កំពង់​ឆ្នាំង​ថ្ងៃ២៥តុលា

ភ្នំពេញ៖ ផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋស្ថិតនៅផ្សារក្រោម ក្នុងខេត្តកំពង់ឆ្នាំងដែលនៅសេសសល់ប្រមាណ ជា២ភាគរយទៀត មិនព្រមរើចេញនោះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ខាងមុខ នឹងត្រូវអាជ្ញាធរខេត្តរឹបអូសយកទាំងអស់។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះបំលាស់ទីផ្ទះបណ្តែតទឹក បានមានប្រសាសន៍ថា ក្នុងលិខិតជូនដំណឹងចុះថ្ងៃទី៣០ កញ្ញា ស្តីពីចាត់វិធានការណ៍បំលាស់ទីផ្ទះបណ្តែតទឹក និងបែរត្រី គឺចាប់ពីថ្ងៃទី១៥-២៥ តុលា អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការបំលាស់ទីផ្ទះបណ្តែតទឹក និងទ្រង់ចិញ្ចឹមត្រីទៅកាន់ទីតាំងថ្មីដែលការចំណាយផ្សេងក្នុងការអូសទាញផ្ទះទាំងនោះ គឺជាបន្ទុករបស់ម្ចាស់ផ្ទះ និងម្ចាស់បែរត្រី។

លោកបានបន្តថា ក្រោយពីផ្សព្វផ្សាយលិខិតរួចមក ចាប់ពីថ្ងៃទី២តុលា រហូតមកដល់ថ្ងៃ២០ តុលាម្ចាស់ផ្ទះបណ្តែតទឹកចំនួន៩៨ភាគរយ បានស្ម័គ្រចិត្តបំលាស់ទីផ្ទះរបស់ខ្លួន ទៅកាន់ទីតាំងថ្មី ដែលអាជ្ញាធរបានកំណត់ ក៏ប៉ុន្តែមានប្រជាពលរដ្ឋចំនួន២ភាគរយប៉ុណ្ណោះ ដែលមិនទាន់បានបំលាស់ទីចាកចេញនៅឡើយ។

ប្រជាពលរដ្ឋ ដែលមិនទាន់បានចាកចេញពីទីតាំងចាស់ បានឲ្យដឹងថា មូលហេតុដែលពួកគាត់មិនទាន់បានចាកចេញនោះ គឺរង់ចាំចល័តផ្ទះរបស់គាត់ នៅលើគោកតាមច្រាំងទន្លេ និងបងប្អូនមួយចំនួនតូចថាកង្វះលទ្ធភាពក្នុងការចល័តផ្ទះទឹករបស់ខ្លួន។

លោក ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ គ្រប់ផ្ទះបណ្តែតទឹកទាំងអស់ មិនត្រូវបានអនុញ្ញាតិឲ្យចល័តទៅតាំងលំនៅតាមច្រាំងទន្លេទៀតឡើយ ហើយផ្ទះដែលបានសង់ទយគូថមកក្នុងទន្លេក៏អាជ្ញាធរខេត្តមានវិធានការណ៍ឲ្យរុះរើចេញដែរ។

តាមការកំណត់ថ្ងៃ២៥ តុលា អាជ្ញាធរខេត្ត និងគណៈកម្មការចំរុះនឹងត្រូវអនុវត្តឲ្យខានតែបានតាមគំរោងដែលបាន គ្រោងទុកក្នុងការបំលាស់ទីផ្ទះបណ្តែតទឹក ដែលនៅសេសសល់ ដើម្បីសំរេចឲ្យបានតាមគំរោងអភិវឌ្ឍន៍ច្រាំងទន្លេផ្សារក្រោម ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានទឹកទន្លេ ក្នុងការលើកកំពស់ជីវភាពរស់នៅ និងសុខមាលភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៍ដូចជាប្រជាពលរដ្ឋដែលនៅជាប់ដងទន្លេសាបក្នុងប្រទេសកម្ពុជា៕

អាជ្ញាធរ​នឹង​រឹប​អូស​ផ្ទះ​បណ្តែត​ទឹក​នៅ​សល់​ លើ​បឹង​ទន្លេ​សាប​ខេត្ត​កំពង់​ឆ្នាំង​ថ្ងៃ២៥តុលា