ស្ត្រីខ្មែរចាញ់ បោកមេខ្យល់ ទៅធ្វើការខុសច្បាប់ នៅថៃ និងត្រូវបញ្ជូន មកកម្ពុជាវិញ នៅថ្ងៃទី២២ តុលា

ភ្នំពេញ ៖ ស្ត្រីខ្មែរចំនួន៦នាក់ ដែលបានចាញ់ បោកមេខ្យល់ឆ្លង ដែនខុសច្បាប់ ចូលទៅធ្វើការ នៅប្រទេសថៃ ហើយត្រូវ បានកម្លាំងប៉ូលិសថៃ ធ្វើការឃាត់ខ្លួននោះ នឹងត្រូវបញ្ជូនមកកាន់កម្ពុជាវិញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រោយពីមានកិច្ចអន្តរាគមន៍ ពីភាគីកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ លោក ជុំ ស៊ុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃទី២១ ខែតុលា នេះ បានឲ្យដឹងថា យុវតីខ្មែរចំនួន ៦នាក់ ដែលមាន អាយុចាប់ពី១៥-១៧ឆ្នាំ បានចាញ់បោកមេខ្យល់ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានប៉ូលិសថៃ ធ្វើការ ឃាត់ខ្លួននៅការដ្ឋានសំណង់ពីបទ ចូលប្រទេសថៃខុសច្បាប់ និងធ្វើការក្រោមអាយុអនុញ្ញាត។ ក្រោយពីទទួល បានព័ត៌មាននេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដល់ស្ថានឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ ឲ្យទំនាក់ទំនងអន្តរាគមន៍ទៅអាជ្ញាធរថៃស្នើ បញ្ជូនយុវតីខ្មែរទាំងនោះ ត្រឡប់មកកាន់កម្ពុជាវិញដោយសារអ្នកទាំងនោះជាអនិតិជន និងជាជនរងគ្រោះពីការជួញដូរមនុស្ស។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា អាជ្ញាធរថៃបានយល់ស្របតាមសំណើរបស់កម្ពុជា ហើយបាននាំ យកយុវតីខ្មែរទាំង០៦នាក់នោះមករក្សាទុកនៅមជ្ឈមណ្ឌលគាំពារ និងអភិវឌ្ឍន៍វិជ្ជាជីវៈ Kredtrakarn មានទីតាំង នៅខេត្ត Nonthaburi នឹងរៀបចំបញ្ជូនយុវតីទាំងនោះមកកាន់កម្ពុជាវិញនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ១១:៣០ នាទី តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ លើសពីនេះទៀត ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំ ដល់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ត្រូវសហការ អោយបានល្អជាមួយភាគីថៃដើម្បី ជួយសំរួលដល់ដំណើរមាតុភូមិនិវត្តន៍របស់យុវតីខ្មែរទាំង ៦នាក់ នោះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់លោក ជុំ ស៊ុន្ទរី ក៏បានបញ្ជាក់បន្ថែមទៀត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសហការជាមួយអង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM) អន្តរាគមន៍ជួយពលករ ខ្មែររងគ្រោះចំនួន ២នាក់ មានឈ្មោះ ថុល តុលា និង អ៊ុក កុសល ក្នុងការធ្វើមាតុភូមិនិវត្តន៍ពីកោះ Ambon ខេត្ត Maluku ប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកម្ពុជាវិញ ។ ពលករខ្មែររងគ្រោះទាំង០២នាក់ នឹងមកដល់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ១០:២០ នាទី តាមជើងយន្តហោះ MH 754៕