បើក​សវនាការ​ជូត​ទឹកភ្នែក​អ្នក​ឆ្លង​ជំងឺអេដស៍​នៅ​ឃុំ​រកា

ខេត្តបាត់ដំបង ៖ ជន​ត្រូវ​ចោទ​ដែល​ជា​អតីត​គ្រូពេទ្យ គ្មាន​វិជ្ជាជីវៈ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ចម្លង​មេរោគ​អេ​ដស៍​ដ៏​សាហាវ​ដល់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ចុងឆ្នាំ​២០១៤​កន្លង​ទៅ ត្រូវ​តុលាការចាប់ផ្ដើម​បើក​សវនាការ​ជំនុំជម្រះ​ទោស នៅ​ព្រឹក​ថ្ងៃ​ទី​២០​តុលា ទៅ​តាម​ការ​គ្រោងទុក​ក្នុង​រយៈពេល​៣​ថ្ងៃ ក្រោម​ការ​យាមកាម​ការពារ​សុវត្ថិភាព​យ៉ាង​តឹងតែង​ពី​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់​ផង​ដែរ ។

ស្នងការ​រង​ខេត្ត​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា ជន​ត្រូវ​ចោទ​ឈ្មោះ យ៉ែ​ម ជ្រិ​ន អាយុ​៥៦​ឆ្នាំ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ចម្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ​នោះ ត្រូវ​តុលាការ​ចាប់ផ្ដើម​បើក​ការ​ជំនុំ​ជម្រះក្ដី​ហើយ ។ មន្ត្រី​អនុ​រ័ក្ស​ពន្ធនាគារ​ក៏​បាន​បញ្ជូន​ខ្លួន​ជន​ត្រូវ​ចោទ ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​ហើយ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ។ លោកស្នងការ​រង​បាន​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ នៅ​ជុំវិញ​អគារ​សាលាដំបូង ដើម្បី​រក្សា​សន្តិសុខ​ក្រែង​មាន​បាតុភាព​ណាមួយ ដែល​អាច​ឡើង​ដោយ​យថាហេតុ​ពី​ជន​រង​គ្រោះ ដែល​មិន​សប្បាយចិត្ត​ចំពោះ​ជន​ត្រូវ​ចោទ ។

ជន​ត្រូវ​ចោទ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ត្រូវ​ឆ្មាំ​ពន្ធនាគារ​វ៉ៃ​ខ្នោះដៃ​ទៅ​ក្រោយ ហើយ​បញ្ជូន​ចូល​ទៅ​អង្គុយ​ក្នុង​រង្វង់​ក្រចកសេះ ក្នុង​បន្ទប់​សន​វនា​ការ​តាម​ទ្វារ​ចំហៀង ដែល​អម​ដោយ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ផង ខណៈ​អ្នកកាសែត​កកកុញ​ចាំ​ប្រមាញ់​នៅ​ទ្វារ​ខាង​មុខ​។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ខាង​មុខ​សាលាដំបូង​ឯណោះ​វិញ គេ​ឃើញ​សាច់ញាតិ​ជន​ត្រូវ​ចោទ​ប៉ុន្មាន​នាក់ ស្រែក​ទ្រហោយំ ននៀល​ដី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែល​ឈរ​ព្រោងព្រាត ជាមួយនឹង​សម្រែក​ខ្លាំង​ៗ​ថា «​អយុត្តិធម៌​ណាស់​»​។ សាច់ញាតិ​គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន បាន​ស្រែ​កថា «​គាត់​មិនមែន​ជា​មនុស្ស​ដែល​ប្រ​ព្រិ​ត្ត​បែប​ហ្នឹង​ទៅ​លើ​ប្រជា​ពលរ​ដ្ធ​ទេ ។ គាត់​ជា​គ្រូពេទ្យ​ជួយ​ប្រជាពលរដ្ឋ​ណាស់​» ។

គួ​រំលឹក​ថា លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន អាយុ​៥៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១៤ បន្ទាប់​ពី​សង្ស័យ​ថា គ្រូពេទ្យ​រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចម្លង​មេរោគ​អេ​ដស៍ ដល់​ប្រជាពលរដ្ឋ​ពាសពេញ​ភូមិ នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ តាម​រយៈ​ការ​ប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួម​គ្នា ឬ​ការ​ព្យូ​សេរ៉ូម​ដោយ​មិន​ផ្លាស់​ប្ដូរ​ខ្សែ ។​ល​។ សំណុំរឿង​ចម្លង​មេរោគ​អេ​ដស៍​របស់​លោកគ្រូ​ពេទ្យ​ជ្រិ​ន បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៤ គ្រា​ដែល​ក្រុម​គ្រូពេទ្យ​ចាប់ផ្ដើម​ចុះ​តាម​មណ្ឌល​សុខភាព ដើម្បី​ធ្វើតេស្ដ​ឈាម ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​តាម​កម្មវិធី​ប្រចាំឆ្នាំ ស្វែងរក​មេរោគ​ស្វាយ​និង​មេរោគ​អេ​ដស៍ ។

ក្នុង​ពេល​នៃ​ការ​ធ្វើតេស្ដ​ឈាម​រយៈពេល​៣​ថ្ងៃ​ដំបូង ស្រាប់តែ​ក្រុម​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ឃុំ​រកា ហាក់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ធ្វើតេស្ដ​ឈាម​នេះ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ខុស​ប្រក្រតី ។ ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា ការ​ធ្វើតេស្ដ​ឈាម​ទៅ​លើ​មនុស្ស​ទូទៅ​ចំនួន​១០០​នាក់ មាន​ជាង​១០​នាក់​ត្រូវ​គេ​រក​ឃើញ​ថា មាន​ឆ្លង​មេរោគ​អេ​ដស៍ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខេត្ត​ក៏​បាន​បង្កើត​ក្រុម​គណៈកម្មការ​ជំនាញ ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​អំពី​មូលហេតុ​នៃ​ការ​នាំ​ឲ្យ​មាន ការ​ឆ្លង​រាលដាល​នូវ​ជំងឺអេដស៍​ពាសពេញ​ភូមិ​នេះ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​មានការ​ផ្ទុះ​កាន់តែ​ខ្លាំង ។

តាម​រយៈ​នៃ​ការ​សួរនាំ​ទៅ​លើ​ជន​រង​គ្រោះ គឺ​ភាគច្រើន​លើសលប់​សុទ្ធតែ​បាន​អះអាង​ថា ពួក​គេ​ធ្លាប់​ត្រូវ​លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន ចាក់​ថ្នាំ​ព្យាបាល​ជំងឺ ។ កម្លាំង​សមត្ថកិច្ច​និង​ក្រុម​គណៈកម្មការ​ជំនាញ​ដែល​មានការ​ចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង បាន​ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន ភ្លាម​ៗ​ដែរ ខណៈ​សំណុំរឿង​នេះ​ផ្ទុះ​ខ្លាំង​ឡើង​ៗ​។ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​វត្ថុ​តាង​ជា​ច្រើន ដូច​ជា​សា​រាំង និង​ម្ជុលចាក់​ថ្នាំ ខ្សែ​សេរ៉ូម ថ្នាំពេទ្យ និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ទៀត ដែល​គេ​សង្ស័យ​ថា ជា​វត្ថុ​តាង​ដែល​គ្រូពេទ្យ​ប្រចាំ​ភូមិ​រូប​នេះ​ប្រើប្រាស់ សម្រាប់​ព្យាបាល​អ្នកជំងឺ​ដោយ​គ្មាន​បច្ចេកទេស​គ្រប់គ្រាន់ ។ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន ក្រោយ​ពី​វត្ថុ​តាង​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ និង​បន្ទាប់​ពី​គ្រូពេទ្យ​គ្មាន​វិជ្ជាជីវៈ​រូប​នេះ រត់ចោលស្រុក​បាន​ប៉ុន្មាន​ថ្ងៃ ពេល​ដែល​សំណុំរឿង​អេ​ដស៍​នេះ​ឡើង​កំ​ដៅ​កាន់តែ​ខ្លាំង ។

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ក្នុង​ឃុំ​រកា បាន​មក​កាន់​មណ្ឌល​សុខភាព​ឃុំ ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើតេស្ដ​ឈាម បន្ទាប់​ពី​បែកធ្លាយ​នូវ​ការ​ចម្លង​មេរោគ​អេ​ដស៍​នេះ ។ បើ​តាម​របាយការណ៍​របស់​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់​នៅ​ក្នុង​ឃុំ​រកា​ចំនួន​២៩០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​រាប់​ពាន់​នាក់ ដែល​បាន​ធ្វើតេស្ដ​ឈាម ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​អេ​ដស៍ ក្រោម​ស្នាដៃ​ចម្លង​របស់​លោកគ្រូ​ពេទ្យ​ជ្រិ​ន​។ គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា​ឈ្មោះ យ៉ែ​ម ជ្រិ​ន បាន​ឆ្លើយ​សារភាព​នូវ​កំហុស​នានា ដែល​ខ្លួន​បាន​ធ្វើ​ទៅ​លើ​អ្នកជំងឺ ពេល​ត្រូវ​សមត្ថកិច្ច​សួរនាំ ។ គាត់​បាន​សារភាព​ថា ម្ជុលចាក់​ថ្នាំ​មួយ​ចំនួន​ពិតជា​ត្រូវ​បាន​ប្រើ​រួម​គ្នា​មែន ប៉ុន្តែ​វា​ជា​ម្ជុល​ដែក ដែល​ប្រើ​ជាមួយ​សា​រាំង​កែវ​ពី​ជំនាន់​មុន ។

ជុំវិញ​សំណុំរឿង​អតីត​គ្រូពេទ្យ​ប្រចាំ​ភូមិ​ឈ្មោះ យ៉ែ​ម ជ្រិ​ន នេះ​ដែរ លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ជិត​៣០០​នាក់ មាន​ជន​រង​គ្រោះ​១២០​នាក់​បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​នឹង​គ្រួ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ​រូប​នេះ ។ រីឯ​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត​មិន​បាន​ប្ដឹង​ដោយសារ​ពួក​គាត់​មួយ​ចំនួន​ចាស់ជរា និង​មួយ​ចំនួន​ទៀត​ជា​ក្មេង​តូច​ៗ​ពិបាក​សួរនាំ ។ ប៉ុន្តែ​លោក​ថា តុលាការ​បាន​ចេញ​ដីកាកោះ អញ្ជើញ​ដើមបណ្ដឹង​ទាំងអស់​ឲ្យ​ចូល​បំភ្លឺ​នៅ​ក្នុង​សវន​ការ រយៈពេល​៣​ថ្ងៃជា​បន្តបន្ទាប់​ខាងលើ​នេះ នៅ​ចំពោះ​មុខ​អង្គចៅក្រម និង​ជន​ត្រូវ​ចោទ​តាម​ការ​គ្រោងទុក​មុន​ពេល​ប្រកាស​សាលក្រម ។

ជន​ត្រូវ​ចោទ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ត្រូវ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ត​សម្រេច​ចោទប្រកាន់​ចំនួន​៣​ករណី ដែល​សុទ្ធ​សឹង​ជា​បទឧក្រិដ្ឋ ក្រោយ​ពី​រក​ឃើញ​នូវ​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត ។ បទល្មើស​ចំនួន​៣​ដែល​ស្ថាប័ន​អយ្យការ​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​អតីត​គ្រូពេទ្យ​ឈ្មោះ យ៉ែ​ម ជ្រិ​ន នេះ​រួម​មាន​៖
១-​ពី​បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេ​ដស៍​ទៅ​អ្នក​ដទៃ តាម​មាត្រា​១៨​និង​៥០ នៃ​ច្បាប់​ស្ដី​ពី​ការ​បង្ការ និង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ ។
២-​ពី​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ ។
និង​ទី​៣-​ពី​បទ បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញាត​ពី​ក្រសួងសុខាភិបាល តាម​មាត្រា​៥​និង​មាត្រា​១៣ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជា​ជិ​វៈ​ឯកជន ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ ។

មន្ត្រី​តុលាការ​បាន​និយាយ​ដែរ​ថា បើ​យោង​តាម​សំណុំរឿង គឺ​ជន​រង​គ្រោះ​សរុប​មាន​ចំនួន​២៩០​នាក់ តែ​មួយ​រយៈ​កន្លង​ទៅ​នេះ​ជន​រង​គ្រោះ​បាន​ស្លាប់​អស់​ចំនួន​១០​នាក់​ហើយ ដូច្នេះ​នៅ​សល់​តែ​ចំនួន​២៨០​នាក់​ប៉ុណ្ណោះ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ចាប់ផ្ដើម​បើ​កសន​វនា​ការ​ដំបូង​(២០ ១០ ១៥) នេះ​ក្រៅពី​សាច់ញាតិ​ជន​ត្រូវ​ចោទ​ប៉ុន្មាន​នាក់ ដែល​បាន​ចូល​ស្ដាប់​សវន​ការ​ដោយ​ផ្ទាល់ ក៏​មាន​ដើមបណ្ដឹង​៩​នាក់​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​និង​ជន​ត្រូវ​ចោទ​ផង​ដែរ​។ នេះ​ជា​ការ​ចូលរួម​នៅ​ថ្ងៃ​ដំបូង តែ​ជន​រង​គ្រោះ​នឹង​ត្រូវ​ចូល​បំភ្លឺ និង​ស្ដាប់​អង្គរ​សវន​ការ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ៕