ឥណ្ឌូណេស៊ី កំពុង​ប្រយុទ្ធ​ប្រឆាំង​ភ្លើងឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត ក្រោម​ជំនួយ​ពីបរទេស

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងទទួលរងនូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅ ក្នុងប្រវត្តិសាស្ត្រ ហើយក្នុងនោះដែរ ដំណាំកសិកម្មរាប់រយរាប់ពាន់ហិកតា បានទទួលរងការ បំផ្លិចបំផ្លាញរួចទៅហើយ ស្របពេលដែលប្រទេសក្បែរខាង ដូចជាសិង្ហបុរី និង ម៉ាឡេស៊ី ជាដើម ក៏បាននិងកំពុងប្រឹងប្រែងជួយដោះស្រាយ វិបត្តិដ៏ធ្ងន់ធ្ងរបំផុតនេះដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០១៥ នេះទៀតថា ផ្កាយរណបបានផ្តិតយករូបភាព ក៏ដូចជាកំណត់ទំហំនៃការខូចខាត ដោយភ្លើងឆេះព្រៃនេះ ពីលើអាកាស ស្ថិតនៅខេត្តជ្វា ភាគកណ្តាលរបស់ឥណ្ឌូណេស៊ី។ បើតាមទិន្នន័យពី ផ្កាយរណប បានបង្ហាញថា តំបន់ដែលទទួលរងគ្រោះមានរហូតដល់ ៣.២២៦ តំបន់ហើយ ដែល កាលពី ព្រឹកថ្ងៃចន្ទ កន្លងទៅនេះវាមានតែ ១.៣៤៥ តំបន់ប៉ុណ្ណោះ។

លោក ស៊ូតូផូ នូក្រូដូ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានថ្លែងឲ្យដឹងថា “ចំនួននៃតំបន់ ដែលទទួលរងគ្រោះនេះ គឺច្រើនមិនធ្លាប់មានពីមុនមក នោះឡើយ។ បើតាមអាកាសធាតុក្តៅដូចរាល់ថ្ងៃនេះ ភ្លើងឆេះព្រៃនឹងកាន់តែរីករាលដាល រហូតដល់អាក្រក់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រឥណ្ឌូណេស៊ីជាមិនខាន។”

គួរបញ្ជាក់ថា ក្រៅពីការជួយពីសំណាក់ប្រទេសជិតខាង រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានស្នើសុំ ជំនួយពី រុស្ស៊ី កាណាដា អូស្ត្រាលី និង បណ្តាប្រទេសមួយចំនួនទៀតដែរ ដើម្បីបញ្ជូន យន្តហោះពន្លត់អគ្គីភ័យ មកកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីជួយស្រោចស្រង់បញ្ហា កុំឲ្យកាន់ តែរីករាលដាលជាងនេះ៕

ឥណ្ឌូណេស៊ី កំពុង​ប្រយុទ្ធ​ប្រឆាំង​ភ្លើងឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត ក្រោម​ជំនួយ​ពីបរទេស