ធ្វើបាតុកម្ម​ជាច្រើន​ថ្ងៃ គ្មាន​ដំណោះស្រាយ ដុត​កង់ឡាន​

ភ្នំពេញ: ក្រុមកម្មករ កម្មការិនី រោងចក្រ​កាត់ដេរ មួយកន្លែង ដែលមាន យីហោ “​សាមគ្គី​” ជាង​២០០​នាក់ បាននាំគ្នា​ដុត​កង់ឡាន នៅមុខ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៥ នេះ នៅ​ភូមិ​បា​យ៉ាប សង្កត់​ភ្នំពេញ​ថ្មី បន្ទាប់ពី​ពួកគេ បាននាំគ្នា​ធ្វើបាតុកម្ម​ជា ច្រើន​ថ្ងៃ ទាមទារ​លក្ខខណ្ឌ​ការងារ​៥​ចំណុច មិនមាន​ដំណោះស្រាយ​អ្វី​នោះ ។​

​សកម្មភាព​ដុត​កង់ឡាន​របស់​ក្រុមកម្មករ ត្រូវបាន​បង្ក្រាប ដោយ​កម្លាំង​សណ្ដាប់ធ្នាប់ និង​សន្តិសុខ សាលាខណ្ឌ​សែន​សុខ និង​បន្ទាប់មក ក៏មាន​ការ​មកជួយ​អន្តរាគមន៍ ពី​កម្លាំង​សមត្ថកិច្ច នគរបាល​មូលដ្ឋាន ផងដែរ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​នេះ ផ្តើមចេញពី ថៅកែ​រោងចក្រ បាន​បញ្ឈប់​ប្រធាន​ក្រុមកម្មករ​ម្នាក់ មិន​ឲ្យ​ធ្វើការ ដោយ​មិនបាន​បើក ប្រាក់​បំណាច់​ឆ្នាំ​ឲ្យ ដែល​តាម​ការ អះអាង របស់​ក្រុមកម្មករ បាន​ឲ្យ​ដឹងថា លោក​ថៅកែ រំលោភសិទ្ធិ​ច្បាប់​ការងារ និង​កេងប្រវ័ញ្ច​មកលើ​កម្មករ​។​

​ការតវ៉ា​របស់​ពួកគេ បាន​ឈានដល់ ថ្ងៃទី​៣​ហើយ គិត​មកដល់​ថ្ងៃនេះ ទី​២១ ខែតុលា ហើយ​បានដាក់​លក្ខខណ្ឌ​ការងារ ចំនួន​៥​ចំណុច ឲ្យ​ថៅកែ​ដោះស្រាយ ។
​មន្ត្រី​សាលាខណ្ឌ​សែន​សុខ ជួយ​អន្តរាគមន៍​ដោះស្រាយ បានតែ​៣​ចំណុច នៅ​២ ចំណុច​ទៀត បាន​បញ្ជូន​ឲ្យ​ទៅ​ដោះស្រាយ ជាមួយ​ខាង​អាជ្ញាធរ ដោះស្រាយ​វិវាទ​ការងារ នៃ​ក្រសួង​ការងារ​៕V/S