​ផ្ទះ​បណ្តែត​ទឹក​ផ្សារ​ក្រោម នៅសល់​ប្រមាណ ២ ភាគរយ នឹងត្រូវ​ប្រឈម​ការ​អូស​ចេញ​ទាំងអស់ នា​ថ្ងៃទី​២៥​តុលា​

​កំពង់ឆ្នាំង: នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​គណៈកម្មការ​ចម្រុះ នឹងត្រូវ​អនុវត្ត​ឲ្យ​ខាន​តែ​បាន តាម​គម្រោង​ដែល​បានគ្រោង​ទុក ក្នុងការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ដែល​នៅ​សេសសល់ ដើម្បី​សម្រេច​ឲ្យ​បាន តាម​គម្រោង​អភិវឌ្ឍន៍ ច្រាំងទន្លេ​ផ្សារ​ក្រោម ខណៈដែល​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២ ភាគរយ​ប៉ុណ្ណោះ ដែល​មិនទាន់បាន​បន្លាស់​ទី​ចាកចេញ​។​

​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ យ៉ាងហោចណាស់ ផ្ទះ​បណ្តែត​ទឹក​ដែល​នៅ​សេសសល់ ប្រមាណ​ជា ២ ភាគរយ មិនទាន់បាន​បន្លាស់​ទី ចាក​ចេញពី​ទីតាំង​ចាស់​របស់គេ តាម​គម្រោង​របស់​អាជ្ញា​ធរ​ខេត្ត នៅឡើយ​ទេ ខណៈ​ផ្ទះ​បណ្តែត​ទឹក​ជាង ១.០០០ ខ្នង​ស្មើនឹង ៩៨ ភាគរយ ត្រូវបាន​ម្ចាស់​ស្ម័គ្រចិត្ត បន្លាស់​ទី​រួចរាល់​ហើយ​នោះ​។

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ ចុះ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា​៖ នៅក្នុង​លិខិត​ជូនដំណឹង​លេខ ៨៤៦​សជណ ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ របស់​សាលាខេត្ត​កំពង់ឆ្នាំង ស្តីពី​ការចាត់វិធានការ​បន្លា​ស់​ទី​ផ្ទះ​បណ្តែត​ទឹក និង​បែរ​ត្រី គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក និង​ទ្រុង​ចិញ្ចឹម​ត្រី ទៅកាន់​ទីតាំង​ថ្មី ដែល​ការចំណាយ​ផ្សេង ក្នុងការ​អូសទាញ​ផ្ទះ​ទាំងនោះ គឺជា​បន្ទុក​របស់​ម្ចាស់ផ្ទះ និង​ម្ចាស់​បែរ​ត្រី​។​

​លោក​បាន​បន្តថា ក្រោយពី​ផ្សព្វផ្សាយ លិខិត​ជូនដំណឹង​រួច គឺ​ចាប់ពី​ថ្ងៃទី​២ រហូត មកដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ ម្ចាស់ផ្ទះ​បណ្តែត​ទឹក​ចំនួន ៩៨ ភាគរយ បាន​ស្ម័គ្រចិត្ត​បន្លាស់​ទី​ផ្ទះ​របស់ខ្លួន ទៅកាន់​ទីតាំង​ថ្មី ដែល​អាជ្ញាធរ​បានកំណត់ ក៏ប៉ុន្តែ​មានតែ​បងប្អូន ប្រជាពលរដ្ឋ​ចំនួន​២ ភាគរយ​ប៉ុណ្ណោះ ដែល​មិនទាន់បាន​បន្លាស់​ទី ចាកចេញ​នៅឡើយ​។​

​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចាកចេញ ពី​ទីតាំង​ចាស់ បាន​ឲ្យ​ដឹងថា​៖ កត្តា​ដែល​គាត់​មិនទាន់បាន​ចាកចេញ​នោះ គឺ​រង់ចាំ​ចល័ត​ផ្ទះ​របស់គាត់ នៅលើ​គោក​តាម​ច្រាំងទន្លេ និង​បងប្អូន​មួយចំនួន​តូច​ថា កង្វះ​លទ្ធភាព​ក្នុងការ​ចល័ត​ផ្ទះទឹក​របស់ខ្លួន​។​

​លោក​បាន​បន្ថែមថា ទោះជា​យ៉ាងណាក៏ដោយ គ្រប់​ផ្ទះ​ប​ណ្តែ​ទឹក​ទាំងអស់ មិនត្រូវ​បានអនុញ្ញាត ឲ្យ​ចល័ត​ទៅ​តាំង​នៅតាម​ច្រាំងទន្លេ​ទៀតឡើយ ហើយ​ផ្ទះ​ដែល​បាន​សង់ ទយគូថ​មក​ក្នុង​ទន្លេ ក៏​អាជ្ញាធរខេត្ត មាន​វិធានការ​ឲ្យ​រុះ​រើចេញ​ដែរ​។ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ អាជ្ញាធរខេត្ត និង​គណៈកម្មការ​ចម្រុះ នឹងត្រូវ​អនុវត្ត​ឲ្យ​ខាន​តែ​បាន តាម​គម្រោង​ដែល​បានគ្រោង​ទុក ក្នុងការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ដែល​នៅ​សេសសល់ ដើម្បី​សម្រេច​ឲ្យ​បាន​តាម គម្រោង​អភិវឌ្ឍន៍​ច្រាំងទន្លេ​ផ្សារ​ក្រោម ការរៀបចំ​សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាន​ទឹកទន្លេ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​សុខុមាលភាព​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នៅជាប់​ដង​ទន្លេសាប ក្នុងប្រទេស​កម្ពុជា​យើង​៕V/S

​ផ្ទះ​បណ្តែត​ទឹក​ផ្សារ​ក្រោម នៅសល់​ប្រមាណ ២ ភាគរយ នឹងត្រូវ​ប្រឈម​ការ​អូស​ចេញ​ទាំងអស់ នា​ថ្ងៃទី​២៥​តុលា​

​ផ្ទះ​បណ្តែត​ទឹក​ផ្សារ​ក្រោម នៅសល់​ប្រមាណ ២ ភាគរយ នឹងត្រូវ​ប្រឈម​ការ​អូស​ចេញ​ទាំងអស់ នា​ថ្ងៃទី​២៥​តុលា​

​ផ្ទះ​បណ្តែត​ទឹក​ផ្សារ​ក្រោម នៅសល់​ប្រមាណ ២ ភាគរយ នឹងត្រូវ​ប្រឈម​ការ​អូស​ចេញ​ទាំងអស់ នា​ថ្ងៃទី​២៥​តុលា​

​ផ្ទះ​បណ្តែត​ទឹក​ផ្សារ​ក្រោម នៅសល់​ប្រមាណ ២ ភាគរយ នឹងត្រូវ​ប្រឈម​ការ​អូស​ចេញ​ទាំងអស់ នា​ថ្ងៃទី​២៥​តុលា​