ក្រសួងការបរទេស ប្រកាស​ពី​ការជួយ​សង្គ្រោះ​យុវតី​ខ្មែរ​ចំនួន ៦​នាក់​ពី​ប្រទេស​ថៃ និង​ពលករ​ខ្មែរ ២ នាក់ ពី​ប្រទេស​ឥណ្ឌូណេស៊ី

ភ្នំពេញ: លោក​ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បានប្រកាសថា យុវតី​ខ្មែរ​ចំនួន ៦​នាក់ ដែលមាន​អាយុ​ចាប់ពី​១៥ ដល់ ១៧​ឆ្នាំ បាន​ចាញ់បោក​មេខ្យល់ ទៅធ្វើ​ការខុសច្បាប់​នៅ​ប្រទេស​ថៃ ត្រូវបាន​ប៉ូលិស​ថៃ ធ្វើការ​ឃាត់ខ្លួន​នៅ​ការដ្ឋាន​សំណង់​ពីបទ​ចូល​ប្រទេស​ថៃ​ខុសច្បាប់ និង​ធ្វើការ​ក្រោម​អាយុ​អនុញ្ញាត​។​

​សេចក្តីប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២១​តុលា បង្ហាញថា ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ បានធ្វើ​ការណែនាំ​ដល់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ អោយ​ទំនាក់ទំនង​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ថៃ ស្នើ​បញ្ជូន​យុវតី​ខ្មែរ​ទាំងនោះ​ត្រឡប់​មកកាន់​កម្ពុជា​វិញ ដោយសារ​អ្នក​ទាំងនោះ ជា​អនីតិជន និង​ជា​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស​។​

​លោក​ជុំ​សុន្ទរី បានលើកឡើង​ក្នុង​សេចក្តី​ប្រកាសថា អាជ្ញាធរ​ថៃ បាន​យល់​ស្របតាម​សំណើ​របស់​កម្ពុជា ហើយ​បាន​នាំយក​យុវតី​ខ្មែរ​ទាំង ៦​នាក់​នោះ មក​រក្សាទុក​នៅ​មជ្ឈមណ្ឌល​គាំពារ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈ Kredtrakarn មាន​ទីតាំង នៅ​ខេត្ត Nonthaburi នឹង​រៀបចំ​បញ្ជូន​យុវតី​ទាំងនោះ មកកាន់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១១ និង ៣០ នាទី តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​សេចក្តីប្រកាស​ដដែល បាន​លើកឡើងថា លើសពីនេះ​ទៀត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើ​ការណែនាំ​ដល់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ ត្រូវ​សហការ​អោយបាន​ល្អជា​មួយ​ភាគី​ថៃ ដើម្បី​ជួយ​សំរួល​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​យុវតី​ខ្មែរ​ទាំង ៦​នាក់​នោះ​។​

​លោក​ជុំ​សុន្ទរី ក៏បាន​ប្រកាសថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​សហការ​ជាមួយ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ (IOM) បាន​អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន ២​នាក់ មានឈ្មោះ ថុល តុលា និង អ៊ុក កុសល ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ពី​កោះ Ambon ខេត្ត Maluku ប្រទេស​ឥណ្ឌូណេស៊ី ត្រឡប់មក​កម្ពុជា​វិញ​។ ​ពលករ​ខ្មែរ​រងគ្រោះ​ទាំង ២​នាក់ បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១០:២០ នាទី តាម​ជើងយន្តហោះ MH 754៕​