​ផ្លូវ​កៅស៊ូ​ថ្មី ពីមុខ​ប្រាសាទអង្គរវត្ត ទៅ​ប្រាសាទបាយ័ន នឹង​សាងសង់​រួចរាល់ នៅ​ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ​២០១៥

ភ្នំពេញ: ដើម្បី​ត្រៀម​ទទួល​នូវ​កំណើន​ភ្ញៀវទេសចរ ដែល​តែងតែ​កើនឡើង ជា​បន្តបន្ទាប់ អាជ្ញាធរ​ជាតិ​អប្សរា ក្រៅពី​ការអភិរក្ស និង​ជួសជុល​ប្រាង្គ​ប្រាសាទ ក៏បាន​គិតគូរ​ដល់ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ សំដៅ​ធ្វើយ៉ាងណា បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​តំបន់ ក៏ដូចជា​ភ្ញៀវទេសចរ​ទាំងអស់ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា ជាក់ស្តែង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ផ្លូវ ពីមុខ​ប្រាសាទអង្គរវត្ត ដល់​ប្រាសាទបាយ័ន ដោយ​ចាក់​កៅស៊ូ​ឡើងវិញ​ទាំងស្រុង ព្រមទាំង​លើកកម្ពស់ និង​ពង្រីក​តួ​ផ្លូវ​ទាំងមូល​។

​តាម​ការបញ្ជាក់​របស់​លោក ហេង គឹម​ឡេង ប្រធាន​នាយកដ្ឋាន ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ គម្រោង​ផ្លូវ​នេះ នឹង​បញ្ចប់ នៅ​ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយពេល​នេះ ការងារ​សម្រេចបាន ប្រហែល ៩០ ភាគរយ​ហើយ នៅសល់តែ​ការងារ​សម្អាត និង​ចាក់​កៅស៊ូ មួយ​ស្រទាប់​ខាងលើ​ទៀត ប៉ុណ្ណោះ​។​

​គម្រោង​ជួសជុល​ផ្លូវ​នេះ ទទួលបាន​ការគាំទ្រ​ពី ICC-Angkor និង​អង្គការ UNESCO ដែល​បាន​ឯកភាព ឲ្យ​ធ្វើការ ស្ថាបនា​ផ្លូវ​ថ្មី​ឡើងវិញ ពីមុខ​ប្រាសាទអង្គរវត្ត ដល់​ប្រាសាទបាយ័ន ប្រវែង ៣.៤៦២ ម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ ធ្វើការ​សាងសង់​ពីមុខ​ប្រាសាទអង្គរវត្ត​ទៅ​ខ្លោងទ្វារ​ទន្លេ​អុំ មាន​ទទឹង​ប្រវែង ៩ ម៉ែត្រ សម្រាប់​យានយន្ត និង ១,៥ ម៉ែត្រ សងខាង សម្រាប់​អ្នកជិះ​កង់ និង​ពី​ខ្លោងទ្វារ​ទន្លេ​អុំ ដល់​ប្រាសាទបាយ័ន មាន​ទទឹង​ប្រវែង ៨ ម៉ែត្រ សម្រាប់​យានយន្ត និង ១,៥ ម៉ែត្រ សងខាង សម្រាប់​អ្នកជិះ​កង់ រីឯ​ផ្លូវ​ជុំវិញ​ប្រាសាទបាយ័ន ជា​ផ្លូវ​ឯកទិស ដែលមាន​ខាងឆ្វេង​ទំហំ ៣,៥​ម៉ែត្រ សម្រាប់​យានយន្ត និង​ខាងស្ដាំ​ប្រវែង ១,៥ ម៉ែត្រ​សម្រាប់​អ្នកជិះ​កង់​៕V​/S

​ផ្លូវ​កៅស៊ូ​ថ្មី ពីមុខ​ប្រាសាទអង្គរវត្ត ទៅ​ប្រាសាទបាយ័ន នឹង​សាងសង់​រួចរាល់ នៅ​ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ​២០១៥

​ផ្លូវ​កៅស៊ូ​ថ្មី ពីមុខ​ប្រាសាទអង្គរវត្ត ទៅ​ប្រាសាទបាយ័ន នឹង​សាងសង់​រួចរាល់ នៅ​ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ​២០១៥