រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បង្កើត​គណៈកម្មការ ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​បណ្តឹង​នានា លើ​លោក​ប៉ូលិស ផែង វណ្ណៈ​

ភ្នំពេញ: ​នៅ​ទីបំផុត សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​មហាផ្ទៃ បានសម្រេច​បង្កើត​គណៈ​កម្ម​ការស្រាវជ្រាវ​ស៊ើបអង្កេត ករណី​បណ្តឹង​នានា ពាក់ព័ន្ធ​ជាមួយ​លោក​វរសេនីយ៍ទោ ផែង វណ្ណៈ​។ លោក​ប៉ូលិស ផែង វណ្ណៈ ត្រូវបាន​គេ​ប្តឹង​ពី​ទង្វើ និង​សកម្ម​ភាពមិនប្រក្រតី​មួយចំនួន ក្នុងនោះ មាន​ទាំង​ការ​គំរាម​បាញ់សម្លាប់​លោក​កឹម​សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​បណ្តឹង​នានា ពាក់ព័ន្ធ​ជាមួយ​លោក​វរសេនីយ៍ទោ ផែង វណ្ណៈ មាន​សមាសភាព​ចំនួន ៧​រូប ដោយ​ក្នុងនោះ មាន​ប្រធាន ១​រូប អនុប្រធាន ២​រូប និង​សមាជិក​ចំនួន ៥​រូប​។ សមាសភាព​គណៈកម្មកា​រ​ស្រាវជ្រាវ​ស៊ើបអង្កេត​នោះ រួមមាន​៖
១.​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​
២.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ជា​អនុប្រធាន​
៣.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ជា​អនុប្រធាន​
៤.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀង សេន ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ជា​សមាជិក​
៥.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជា​សមាជិក​។​
៦.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ាង ណា​រ៉េ​ន ប្រធាន​នាយកដ្ឋាន​ស៊ើបការណ៍ ខាងក្រៅ និង​បច្ចេកទេស ជា​សមាជិក​។​
៧.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន វិបុល អនុប្រធាននាយកដ្ឋាន​បុគ្គលិក ជា​សមាជិក​។​

​ក្នុង​សេចក្តីសម្រេច ដែល​ទើបតែ​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃទី​២១​តុលា​នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កំណត់ថា គណៈកម្មការ​មា​នភា​រក​កិច្ច​ស្រាវជ្រាវ ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់ និង​ហ្មត់ចត់​បំផុត រាល់​បណ្តឹង​នានា ដែល​ប្តឹង​ចំពោះ​ទង្វើ​សកម្ម​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​លោក​វរសេនីយ៍ទោ ផែង វណ្ណៈ នាយ​នគរបាលជាតិ ក្រសួងមហាផ្ទៃ និង​រាយការណ៍​អំពី​លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យ​សម្រេច និង​អនុវត្ត​ទៅតាម​នីតិវិធី​។​

​សូម​រម្លឹកថា លោក​ផែង​វណ្ណៈ ធ្លាប់​កាន់ការ​ជា​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ មួយរយៈ ហើយ​ក្រោយមក​ត្រូវបាន​គេ​ដកតំណែង មក​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​។ លោក​ត្រូវបាន​គេ​ដឹងលឺ ហើយ​ល្បីល្បាញ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ មានការ​បរិហារ​តាម​ហ្វេ​ស​ប៊ុ​កលើ​មន្ត្រី​មួយចំនួន ព្រមទាំង​ការ​គំរាម​បាញ់សម្លាប់​លោក​កឹម​សុខា ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ​២០១៣​។ ប៉ុន្តែ​លោក​ផែង​វណ្ណៈ អះអាងថា ករណី​គំរាម​បាញ់សម្លាប់​លោក​កឹម​សុខា កាលណោះ គឺមាន​គេ​លួច​ចូល​សរសេរ និង​បង្ហោះ​រូប​កាំភ្លើង ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

​សព្វថ្ងៃ លោក​ផែង​វណ្ណៈ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងករណី​បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែលជា​រឿង​ក្តីក្តាំ​ជាមួយនឹង​សមាជិក​ព្រឹទ្ធសភា លោកស្រី កែវ ម៉ាលី​។ ចំណែក​ដៃគូ​របស់លោក គឺ​លោក ព្រំ សាន ដែលជា​មន្ត្រី​ក្រសួង​ព័ត៌មាន ទើបតែ​ត្រូវបាន​តុលាការ បើកសវនាការ​ជំនុំជម្រះ​ទោស កាលពី​ថ្ងៃ​ចន្ទ ទី​១៩​តុលា ក្នុង​សំណុំរឿង​ដូចគ្នា​ជាមួយនឹង​លោកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា​៕​