សកម្មជន​សិទ្ធិមនុស្ស លោក នី ចរិយា មិន​ចូលខ្លួន ឆ្លើយបំភ្លឺ​នៅ​តុលាការ​ទេ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ច្បាប់ នៃ​សមាគម​អាដហុក មិនបាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ នោះទេ​។​

​លោក នី ចរិយា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចូលខ្លួន នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើររឿង បរិហាកេរ្តិ៍​ជា​សាធារណៈ បរិហា​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​លើ​​យុត្តា​ធិការ​។ ​

​ក្នុង​ដីកា​នោះ បាន​កំណត់ថា "​ករណី​មិន​ចូលខ្លួន ចៅក្រម​អាច​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន និង​ជា​ចុងក្រោយ អាច​បញ្ជា​ឲ្យ​នាំខ្លួន តាម​ក្រមនីតិវិធី​"​។​

​ក៏ប៉ុន្តែ​លោក នី ចរិយា បាន​មានប្រសាសន៍​បញ្ជាក់ថា លោក​មិនអាច​ចូលខ្លួន​បានទេ ដោយសារតែ​លោក​មិនបាន​ស៊ី​ញ៉េ ឬ​ផ្តិតមេដៃ ទទួល​ដីកា ហើយ​តាមផ្លូវ​ច្បាប់ លោក​ចូលខ្លួន លុះត្រាតែ​លោក​បាន​ផ្តិតមេដៃ ឬ​ស៊ី​ញ៉េ ទទួល​លើ​ដីកាកោះ​សិន​។

​លោក​នី​ចរិយា បាន​បន្តថា ការមិន​បានទទួល​ដីកាកោះ​នោះ គឺ​ដោយសារតែ​ប៉ូលិស យក​ដីកា​ទៅផ្ទះ​របស់លោក ហើយ​លោក​នៅ​កន្លែងធ្វើការ ហើយ​ប៉ូលិស​ត្រូវ​បង្វិល​ដីកា​នេះ ឲ្យ​ទៅ​តុលាការ​វិញ ដើម្បី​ឲ្យ​តុលាការ ចេញ​ដីកា​កោះហៅ​ថ្មី​។​

​លោក នី​ចរិយា បាន​អះអាងថា រហូតមកដល់​ពេលនេះ លោក​នៅ​មិនទាន់​ទទួលបាន​ដីកា​កោះហៅ​ថ្មី​នៅឡើយ​ទេ ហើយ​មេធាវី​របស់លោក ក៏​នៅ​មិនទាន់​ទទួលបាន​ដីកា​ដែរ ហើយ​តាមផ្លូវ​ច្បាប់ ដីកា​ត្រូវ​ទទួល​មុន ៥​ថ្ងៃ (​មុន​ថ្ងៃ​ចូល​បំភ្លឺ​)​។ ដូច្នេះ ជាគោលការណ៍​ច្បាប់​តុលាការ​ត្រូវ​ចេញ​ដីកាកោះ​ជាថ្មី​។​

​សូម​រម្លឹកថា លោក​នី​ចរិយា ជាប់​បណ្តឹង​ក្នុងករណី​លោក​ធ្វើ​សន្និសីទកាសែត រិះគន់​ចំពោះ​តុលាការ​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការចាប់​ឃុំខ្លួន​ពលរដ្ឋ ២​នាក់ ដោយ​ខុសច្បាប់ ក្នុង​ជម្លោះដីធ្លី នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរា​ប​។

​ជុំវិញ​សំនុំរឿង​នោះ លោក នី ចរិយា បាន​ចូល​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្ដង​រួចមកហើយ​កាលពី​ថ្ងៃទី​១៣​កក្កដា​។​

​ក្ន​ងុ​សំណុំរឿង​វិវាទ​ដីធ្លី នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​តុលាការ សម្រេច​ឃុំខ្លួន ម្ចាស់​ដី ២​នាក់ នៅ​ពន្ធនាគារ​នោះ ត្រូវបាន​លោក នី ចរិយា លើកឡើងថា ព្រះរាជអាជ្ញារង​លោក សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ តុលាការ​ខេត្តសៀមរាប លោក គី ឬ​ទ្ធី បាន​ចោទប្រកាន់ និង​បានសម្រេច​ឃុំខ្លួន​មនុស្ស ដោយ​ខុសច្បាប់​៕​