កីឡាករ គង់ សំបូរ ប៉ះ ផាន់ សារុន នៅលើសង្វៀន SEA-TV ចុងសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់ ផាន់ សារុន ក្លឹបគុជសាកីឡា នឹងប្រកួតជាមួយអ្នកប្រដាល់ គង់ សំបូរ សមាគមកីឡាក្រសួងការ ពារជាតិ ក្នុងទម្ងន់៦០គីឡូក្រាម រីឯអ្នកប្រដាល់ ឆន ចាន់នី ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ជួបអ្នកប្រដាល់ ថាន រ៉ាឌី ក្លឹបសម្រែករាជសីហ៍ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ នៅលើសង្វៀនSEA-TV ។

សារុន ជាអ្នកប្រដាល់ដែលមិនមានឈ្មោះល្បីនោះទេ តែរូបគេជាអ្នកប្រដាល់ចាស់វស្សា មានស្នៀតប្រដាល់ល្អ ពិសេសមានកណ្ដាប់ដៃល្អ ហើយសំខាន់ជាងនេះទៀត គឺមានចិត្តប្រដាល់ធំ និងស៊ូនឹងការប្រកួត រីឯ គង់ សំបូរ ជាជើងខ្លាំងម្នាក់ដែលប្រកួតមិនងាយចាញ់ឡើយ ហើយសំបូរមានស្នៀតជើងទាត់ល្អ និងខ្លាំង ហើយកណ្ដាប់ដៃរបស់គេក៏ល្អដែរ ។ សំបូរ ប្រកួតចុងក្រោយវាយចាញ់អ្នកប្រដាល់ រឿង សារ័ត្ន ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ។ ការប្រកួតចុងក្រោយរបស់ ផាន់ សារុន វិញ បានវាយចាញ់ អ្នកប្រដាល់ ជ័យ ប៊ុនសង់ ក្លឹបគីសែមានរិទ្ធ ដោយពិន្ទុ ។

ចំណែកអ្នកប្រដាល់ ឆន ចាន់នី ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ប៉ះជាមួយអ្នកប្រដាល់ ថាន រ៉ាឌី ក្លឹបសម្រែករាជសីហ៍ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ចាន់នី ជាអ្នកប្រដាល់មានផ្លែល្អមិនចាញ់ អ្នកប្រដាល់វ័យក្មេងឡើយ ដោយការ ប្រកួតចុងក្រោយរបស់ ឆន ចាន់នី វាយចាញ់ អ្នកប្រដាល់ ហ៊ឹម សេរី ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុ ។ ថាន រ៉ាឌី ក៏ជាអ្នកប្រដាល់ជើងចាស់ដែរ ដែលអ្នកប្រដាល់រូបនេះ ប្រកួតភាគច្រើនដើរចូលឲ្យគេវាយ មិនសូវវាយគេទេ ការប្រកួតចុង ក្រោយរបស់ ថាន រ៉ាឌី វាយស្មើជាមួយអ្នកប្រដាល់ សំណាង ឌីណា ក្លឹបដួងសែនសុខគុនខ្មែរ ។

អ្នកប្រដាល់ គួន ប៊ុនហ៊ីម ក្លឹបពន្លឺសាមគ្គី ខេត្តបាត់ដំបង ជួបប្រកួតជាមួយអ្នកប្រដាល់ ម៉ន រ៉ៃយ៉ា ក្លឹបការិយាល័យទី៥កងទ័ពជើងគោក ក្នុងទម្ងន់៥៧គីឡូក្រាម ។ សម្រាប់អ្នកប្រដាល់ សេក គឹមឈុន ក្លឹបអង្គរមានជ័យ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ រឿន សុខឃី ក្លឹបរស្មីកុមារកំព្រា ក្នុងទម្ងន់៥៧គីឡូក្រាម ហើយអ្នកប្រដាល់ សំរាំង ភក្តី ក្លឹបព្រៃទទឹងខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ សែម ឆវ័ន្ត ក្លឹបតាឯកដំបងដែក មានរិទ្ធក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕

កីឡាករ គង់ សំបូរ ប៉ះ ផាន់ សារុន នៅលើសង្វៀន SEA-TV ចុងសប្តាហ៍នេះ