អ្នកប្រដាល់ទាំង៨ ប្រ​ជែង​ឡើង​វគ្គ​បន្ត​នៃ​ខ្សែ​ក្រវាត់ TIFFY SUPER FIGHT

ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 Arena នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ បានចាប់ផ្តើមជម្រុះដំណាក់កាលទី៣ហើយ ។ អ្នកប្រដាល់ចំនួន៨រូបរួមមាន ឃីម សាវ៉េត ក្លឹបព្រះខ័នរាជ ផៃ គឹមហឿត ក្លឹបគីសែមានរិទ្ធ ផា សុផាតនិល ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង ញ៉េ សិទ្ធ ក្លឹបអេភូថងកីឡា ឡុង សំណាង ក្លឹបសាលវ័ន្តកីឡា ថន ភឿត ក្លឹបឃ្លាំងមឿងកីឡា ធន់ ចាន់តាក់ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម និង ឌុន ប៊ុនធឿន ក្លឹបខេត្តព្រៃវែង ។

នៅក្នុងការប្រកួតដំណាក់កាលទី៣នេះ អ្នកប្រដាល់ទាំង៨ ត្រូវជួបប្រកួតគ្នាជម្រុះចោល៤នាក់ ទុក៤នាក់ដែលជាអ្នក ឈ្នះ សម្រាប់បន្តការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដើម្បីដណ្ដើមខ្សែក្រវាត់ជើងឯក ។ សម្រាប់ការប្រកួតមាន២គូ គឺ ឃីម សាវ៉េត ជួបជាមួយ ផៃ គឹមហឿត គ្រាដែល ផា សុផាតនិល ប៉ះ ញ៉េ សិទ្ធ ។ រវាង ឃីម សាវ៉េត និង ផៃ គឹមហឿត ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ។ កាលពីក្នុងដំណាក់កាលទី២ សាវ៉េត បានវាយឈ្នះ សល់ ប៊ុនអ៊ីម ក្លឹបកុសលកីឡាដោយពិន្ទុ រីឯផៃ គឹមហឿត វាយឈ្នះ សេក ចាន់រាជ ក្លឹបអង្គរមានរិទ្ធ ខេត្តសៀមរាបដោយពិន្ទុដែរ ។

ចំពោះការប្រកួតរវាង ផា សុផាតនិល និង ញ៉េ សិទ្ធ មើលទៅ ញ៉េ សិទ្ធ និង សុផាតនិល ពួកគេជាអ្នកប្រដាល់ដែលមានកលល្បិច និងបទពិសោធន៍លើសង្វៀនច្រើនដូចគ្នា ហើយកម្រិតសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នាទៀត ។ ការប្រកួតដំណាក់កាលទី២ ផា សុផាតនិល វាយឈ្នះ ស៊ឹម ប៊ុនឆៃ ក្លឹបព្រៃទទឹង ខេត្តបាត់ដំបង ដោយពិន្ទុ រីឯ ញ៉េ សិទ្ធ បានផ្ដួល យ៉ន វិចិត្រ ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទឹកទី២ ។

សម្រាប់ដំណាក់កាលទី៣ វគ្គ៨នាក់ចុងក្រោយ ប្រកួតតែ៣ទឹកទេ ក្នុង១ទឹកមាន៣នាទី សម្រាក២នាទី ចំពោះតម្លៃខ្លួនអ្នកឈ្នះបាន២៥០ដុល្លារ អ្នកចាញ់បាន២០០ដុល្លារ ។ ដោយឡែកការប្រកួតពាក់កណ្ដាលផ្តាច់ព្រ័ត្រ អ្នកឈ្នះបាន៣០០ដុល្លារ អ្នកចាញ់បាន២៥០ដុល្លារ ហើយសម្រាប់ជយលាភីនៅក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤នោះ អ្នកជាប់លេខ៤ បាន៥០០ដុល្លារ លេខ៣បាន៧៥០ដុល្លារ លេខ២ បាន២០០០ដុល្លារ និងលេខ១តំណែងជើងឯកម្ចាស់ខ្សែក្រវាត់នោះ នឹងទទួលបានខ្សែក្រវាត់១ ពាន១ និងរង្វាន់អម៤០០០ដុល្លារ ៕

អ្នកប្រដាល់ទាំង៨ ប្រ​ជែង​ឡើង​វគ្គ​បន្ត​នៃ​ខ្សែ​ក្រវាត់ TIFFY SUPER FIGHT

អ្នកប្រដាល់ទាំង៨ ប្រ​ជែង​ឡើង​វគ្គ​បន្ត​នៃ​ខ្សែ​ក្រវាត់ TIFFY SUPER FIGHT