អាជ្ញាធរ​ខេត្តសៀមរាប មិនអាច​បិទបាំង​រឿង​កុងត្រូលជជុះ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​

ថ្មីៗ​នេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​អះអាងថា នៅក្នុង​ខេត្ត​នេះ​គ្មាន​កុងត្រូលជជុះ​ដូច​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ កាលពី​ថ្ងៃទី​១៨ ខែតុលា នោះទេ ហើយ​ថា​ការយក​លុយ​ក្បាល​រថយន្ត​១០០០០​រៀល គឺ​ដោយសារ​ម្ចាស់​រថយន្ត​មិន​ចូល​បង់​នៅក្នុង​ចំណតរថយន្ត​។ ការ​ដោះសា​របស់លោក ឃឹម ប៊ុន​សុង បាន​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​៨ បាន​សុំ​អន្តរាគមន៍​ពី​អភិបាលខេត្ត ដោយ​ចោទប្រកាន់ថា​ម្ចាស់​ចំណតរថយន្ត​ក្នុង​ខេត្ត​នេះ​ដាក់​កុងត្រូលជជុះ​ជំរិត​យកលុយ​ក្បាល​រថយន្ត​ពី​ពួកគេ​នៅខាងមុខ​បុរី សៀង​ណាំ​។ គេ​មិនដឹងថា​លោក ឃឹម ប៊ុន​សុង ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​ចំណតរថយន្ត​ខេត្តសៀមរាប ឬ​យ៉ាងណា​នោះទេ​ទើប​ព្យាយាម​បិទបាំង​អំពើអាក្រក់​របស់​ម្ចាស់​ចំណតរថយន្ត​យ៉ាង​ក្រអឺតក្រទម​។

​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​មួយរូប​បាន​លើកឡើងថា ក្រុមហ៊ុន​របស់​ពួកគេ​មាន​អាជ្ញា​ប័​ណ្ឌ​ដឹកជញ្ជូន មាន​ចំណត​ដោយ​ខ្លួនឯង និង​មានការ​ទទួលខុសត្រូវ​ទាំង​សន្តិសុខ​និង​អនាម័យ ប៉ុន្តែ​ម្ចាស់​ចំណតរថយន្ត​ខេត្តសៀមរាប បង្ខំ​ឲ្យ​បង់លុយ​ក្នុង​រថយន្ត​មួយគ្រឿង​១០០០០​រៀល ដោយ​គ្មាន​វិក្កយបត្រ​ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះទេ​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​៨​បានដាក់​ពាក្យ​ប្ដឹងទៅ​អភិបាលខេត្ត ដោយ​ចោទប្រកាន់​ម្ចាស់​ចំណតរថយន្ត​ខេត្តសៀមរាប គឺ​លោក ទូច សៀ ថា​ដាក់​កុងត្រូលជជុះ​យកលុយ​ក្បាល​រថយន្ត​១០០០០​រៀល​ក្នុង​មួយគ្រឿង និង​តម្រូវ​ឲ្យ​បង់ប្រាក់​ប្រចាំខែ​ចំនួន​៧០០០០​រៀល​ថែមទៀត​។

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប សង្ស័យថា​លោក ឃឹម ប៊ុន​សុង ទទួលបាន​ផលប្រយោជន៍​ពី​លោក ទូច សៀ ទើប​ចេញមុខ​ការពារ​មេ​ឈ្មួញ​រូបនេះ​យ៉ាង​ទទឹងទិស បើទោះបី​ក្នុង​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​៨ បាន​លាតត្រដាង​អំពើអាក្រក់​របស់លោក ទូច សៀ យ៉ាងច្បាស់​ក្រឡែត​ក៏ដោយ​។ ប្រជាពលរដ្ឋ​លើកឡើង​ទៀតថា​នៅក្នុង​ខេត្តសៀមរាប មាន​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កុងត្រូលជជុះ​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​កុងត្រូលជជុះ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​។ អាច​និយាយបានថា ក្រៅពី​កុងត្រូលជជុះ​របស់លោក ទូច សៀ គឺមាន​កុងត្រូលជជុះ​របស់​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង​នៅតាម​ផ្លូវ​នានា​ចូល​ខេត្តសៀមរាប ដូច្នេះ​លោក ឃឹម ប៊ុន​សុង គួរ​បើកភ្នែក​មើល​ខ្លះ​ផង កុំ​ខំប្រឹង​បិទបាំង​ការពិត​តទៅទៀត​៕

khem-bunsong_govenor_cenលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប 151020-bus-block-02-2015-10-20កុងត្រូលជជុះរបស់ម្ចាស់ចំណតរថយន្តខេត្តសៀមរាប M-151020-bus-block-2015-10-20