អ្នកមានអំណាច​ចាក់ដី​លុប​ព្រៃកោងកាង​លិច​ទឹក​ក្នុងស្រុក​ទឹកឈូ តាម​អំពើ​ចិត្ត​អាជ្ញាធរ​មិន​ចាត់វិធានការ​ទប់ស្កាត់

​បទល្មើស​ចាក់ដី​លុប​ព្រៃកោងកាង​លិច​ទឹក​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នោះ​។ ចំណែក​លោក សរ សារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃកោងកាង​លិច​ទឹក​នោះដែរ​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​ឲ្យ​ដឹងថា​ដី​ព្រៃកោងកាង​លិច​ទឹកជា​ច្រើន​ហិកតា​នៅ​គល់ស្ពាន​ក្បាល​រមាស ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ចាក់ដី​លុប​យក​ធ្វើជា​កម្មសិទ្ធិ​។ ព្រៃកោងកាង​ទាំងនោះ​ជា​ជម្រក​របស់​មច្ឆជាតិ ជាពិសេស​ក្ដាម​និង​បង្គា​ក៏ដូចជា​ជីវចម្រុះ​ផ្សេងៗ​ទៀត និង​មានព្រៃ​ចាក​ជាប់ដៃ​សមុទ្រ​ផងដែរ​។ កន្លងមក​ក្រសួងបរិស្ថាន​បាន​ខិតខំ​អភិរក្ស និង​ដាំ​ដុះ​ដើម​កោង​កាង​ជា​បន្តបន្ទាប់ តែ​បែរជា​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ចាក់ដី​លុប​ព្រៃកោងកាង​លិច​ទឹក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​ជុំ​ក្រៀល បាន​អំពាវនាវ​ឲ្យ​លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទៅលើ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​កំពុង​បំផ្លាញ​ព្រៃកោងកាង​យ៉ាង​មហន្តរាយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បទល្មើស​បំផ្លាញ​ព្រៃកោងកាង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកំពត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ចំពោះ​បញ្ហា​ដែល​កើតឡើង​។ ដូច្នេះ​លោក សាយ សំ​អាល់ ដែលជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ត្រូវ​ពិនិត្យមើល​បញ្ហា​នេះដែរ ព្រោះ​ការបំផ្លាញ​ព្រៃកោងកាង​និង​ព្រៃ​ចាក​នៅ​ដៃសមុទ្រ​គល់ស្ពាន​ក្បាល​រមាស ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជម្រក​មច្ឆជាតិ និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​បំផុត​៕

environment-620លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន Kompot​    ​