លោក កឹម សុខា បញ្ជាក់ថា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​គេ​ទុក​មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ជា​អ្នកបម្រើ​ជាតិ

នៅថ្ងៃនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​លោក កឹម សុខា បាន​ថ្លែងថា នៅក្នុង​ប្រទេស ដែល​ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គេ​ចាត់ទុក​មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ជា​អ្នកបម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ប្រកាន់​នូវ​ជំហរ​អព្យាក្រឹត ដោយ​មិនមែនជា​របស់​បុគ្គល​កាន់អំណាច​នាយករដ្ឋមន្ដ្រី ឬ ប្រធានាធិបតី ឬ ជា​របស់​គណបក្សនយោបាយ​ណាមួយ ដូច​ប្រទេស​កុ​ម្មុយ​និ​ស្ដ​ផ្តាច់ការ​នោះឡើយ​។​

​ជុំវិញ​បញ្ហា​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ពន្យល់ថា​ជាទូទៅ ប្រទេស ឬ គណបក្សនយោបាយ ឬ អ្នកដឹកនាំ ដែល​ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ នៅពេល​ឈ្នះឆ្នោត​ឡើងកាន់​អំណាច គេ​ផ្លាស់ប្ដូរ​មន្ដ្រី​ដឹកនាំ​នយោបាយ​។ ក៏ប៉ុន្ដែ​គេ​មិនចេះ​តែ​ដក ឬ ដេញ មន្ដ្រី​សាធារណៈ ឬ កងកម្លាំងប្រដាប់អាវុធ ដោយសារតែ​ការផ្លាស់ប្ដូរ​អ្នកដឹកនាំ​នយោបាយ​នោះឡើយ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ យើង​នឹង​ប្រកាន់យក​នូវ​គោលការណ៍​ដឹកនាំ​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​ការដឹកនាំ​បែបនេះ នឹង​នាំមក​នូវ​យុត្ដិធម៌ ស្ថិរភាព សន្ដិភាព និង​ការអភិវឌ្ឍ​ពិតប្រាកដ​។​

​គួរ​បញ្ជាក់ថា​ការលើកឡើង​របស់ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​លោក កឹម សុខា យ៉ាង​ដូច្នេះ​ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​ថា​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ឡើងទៅ​ដឹកនាំ​ប្រទេស​កម្ពុជា​នឹងមាន​ការជំទាស់​តវ៉ា​ពី​សំណាក់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម ព្រោះ​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ផ្លាស់ប្តូរ​មុខតំណែង​របស់​ពួកគេ​។​

ចំពោះមុខ​បញ្ហា​នេះ​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក្សាទុក​នូវ​តំណែង​មន្ត្រីរាជការ​សាធារណៈ ប៉ុន្តែ​នឹងធ្វើ​ការផ្លាស់ប្ដូរ​មន្ត្រី​ស្ថិតក្នុង​តួនាទី​នយោបាយ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បន្តថា ពេល​មាន​គណៈរដ្ឋមន្ត្រី​ថ្មី នៅ​ប្រទេស​ណាក៏ដោយ គឺ​គេ​ផ្លាស់ប្ដូរ​មន្ត្រី​នយោបាយ តែ​មន្ត្រីរាជការ​ដែលមាន​កងកម្លាំងប្រដាប់អាវុធ នគរបាល ទាហាន លោកគ្រូ​អ្នកគ្រូ បុគ្គលិក​ពេទ្យ និង​មន្ត្រី​ដទៃទៀត​ដែល​គេ​ឲ្យ​ឈ្មោះថា​ជា​មន្ត្រីរាជការ​សាធារណៈ បម្រើសេវា​សាធារណៈ គេ​មិនដែល​ផ្លាស់ប្ដូរ​ទេ​៕

12107081_1217121998305097_2161616218501334553_n