​OSDH៖​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី សម្លាប់​មនុស្ស​៣៧០​នាក់​

​ស៊ី​រី​៖​ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា ការវាយប្រហារ​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី បានសម្លាប់​មនុស្ស​យ៉ាងតិច​៣៧០​នាក់ ដែល​នៅ​ក្នុងនោះ​មាន​៣៦​នាក់​ជា​កុមារ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ី​រី (OSDH)​។ ទន្ទឹម​នោះ​អង្គការ​អូតង់​កាលពី​ថ្ងៃ​អង្គារ​ក៏បាន​សំដែង​ក្តីបារម្ភ ខ្លាចក្រែង​មានការ​ប៉ះទង្គិច​គ្នា រវាង​យន្តហោះ​ចម្បាំង​រុស្ស៊ី និង​យន្តហោះ​របស់​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ដែលមាន​បេសកកម្ម វាយប្រហារ​ក្រុម​ជី​ហា​តនៃ​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។​

​តាម​របាយការណ៍​រប​ស់ OSDH បាន​ឲ្យ​ដឹងថា គ្រាន់តែ​នៅ​ចុង​សប្តាហ៍​មុននេះ ទាហាន​របស់​ក្រុម​ជី​ហាត នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ៤០​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ របស់​យន្តហោះ​ចម្បាំង ដែល​គេ​ដឹងថា មិនមែនជា​របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក​។ មន្ទីរ​បញ្ច​កោន កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់ថា ប្រតិបត្តិការ​របស់​ស​ម្ព័​ន្ធ​អន្តរជាតិ ទើបបាន​សម្លាប់​មេ​កើយ​ថ្មី​មួយទៀត របស់​ក្រុម​កូ​រ៉ា​សាន ដែល​អាមេរិក​ចាត់ទុកជា​ក្រុម​ភេរវ​និយម​ដ៏​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ អាមេរិក​។​

​ទោះជា​យ៉ាងណា​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​និយាយ ថា ក្រៅពី​ស៊ី​រី អង្គការ​ក្រុម​ភេរវ​និយម​កំពុង​គ្រោង​នឹង​ពង្រីក​ដែន​ឥទ្ធិពល​របស់ខ្លួន នៅក្រៅ​ប្រទេស និង​ដើរ​អុកឡុក បង្ក​អសន្តិសុខ នៅ​តំបន់​ផ្សេងទៀត​។ និយាយ​នៅក្នុង​អង្គប្រជុំ​ជាមួយ​មន្ត្រី​យោធា ជាន់ខ្ពស់​រុស្ស៊ី មន្ត្រី​តុលាការ និង​ភ្នាក់ងារ​ស៊ើបការណ៍​ស​ម្ចា​ត់​រុស្ស៊ី លោក​ប្រធានាធិបតី​រុស្ស៊ី បានប្រកាស​ដែរ​ថា អន្តរាគមន៍​ទ័ព​រុស្ស៊ី នៅ​ស៊ី​រី​បាន​បង្ហាញថា រុស្ស៊ី មាន​សមត្ថភាព អាច​ប្រឈមមុខ រាល់​ការគំរាមកំហែង ពី​ក្រុម​ភេរវ​និយម ឬ​ការគំរាមកំហែង​ពី​ប្រភព​ដទៃទៀត​៕

​OSDH៖​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី សម្លាប់​មនុស្ស​៣៧០​នាក់​