សុខា គ្រុប គ្រោង​សម្ពោធ​សណ្ឋាគារ​ថ្មី​បន្ថែម​ទៀត​នៅ​ខេត្តសៀមរាប នា​ឆ្នាំ​ក្រោយ

ខេត្តសៀមរាប ៖ សក្តានុពល​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​បាន​និង​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌ ជា​ពិសេស​ប្រាសាទអង្គរវត្ត ដែល​ជា​បេតិកភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​ពិភពលោក កំពុង​តែ​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កាន់តែ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ នៅ​ពេល​អ្នកទេសចរ​កើនឡើង តម្រូវការ​សេវា​ផ្សេង​ៗ គឺជា​កត្តាចាំបាច់​ដូច​ជា ការ​ស្នាក់​នៅ ការ​ហូប​ចុក និង​មធ្យោបាយ​ធ្វើ​ដំណើរ​ជាដើម គឺ​តម្រូវ​ឲ្យ​មានការ​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ រួម​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ផង​ដែរ ។ 

ដោយ​មើលឃើញ​ពី​តម្រូវការ​ដូច្នេះ ទើប​ក្រុមហ៊ុន​សុខា គ្រុប សាងសង់​សណ្ឋាគារ​ថ្មី​ទី​៥​បន្ថែម​ទៀត​ឈ្មោះ​ថា «​រមណីយដ្ឋាន​សុខា​សៀមរាប​» ដែល​គ្រោង​នឹង​សម្ពោធ​នៅ​ខែសីហា ឆ្នាំ​២០១៦ ខាង​មុខ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សុខា គ្រុប កាលពី​ពេល​ថ្មី​ៗ​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ការ​បង្កើត​ឡើង​នូវ​សណ្ឋាគារ​ទី​៥ ឬ​រមណីយដ្ឋាន​សុខា​សៀមរាប​បន្ថែម​នេះ គឺ​ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​ទីផ្សារ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​ភ្ញៀវ​ពាណិជ្ជកម្ម ដែល​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ខេត្ត ។ លើស​ពី​នេះ ការ​ចាប់ផ្តើម​នៃ​សណ្ឋាគារ​ថ្មី​នេះ គឺ​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស ⁣​ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​សុខា គ្រុប​មាន​វត្តមាន​ក្នុង​ទិស​ដៅ​សំខាន់​រួម​មាន រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត ។

លោកស្រី សុខ ច​ន្ធី នាយិកា​ផ្នែក​លក់ និង​ទីផ្សារ ឱ្យ​ដឹង​ថា ៖ «​មូលហេតុ​ចម្បង​ដែល​យើង​ផ្តោត​ទៅ​លើ​ផ្នែក​បដិសណ្ឋារកិច្ច គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ឃើញ​ពី​ស្ថិរភាព​សេដ្ឋកិច្ច ក៏​ដូច​ជា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​ព្យាករ​ថា នឹង​មាន​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងច្រើន​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដោយសារ​ខេត្តសៀមរាប​ទទួល​បាន​លេខ​មួយ​នៅ​ទូ​ទាំង​ពិភពលោក ខាង​ផ្នែក​ទិស​ដៅ​អ្នក​ធ្វើ​ដំណើរ​បាន​ធានា​លើ​ការ​ប្តេជ្ញា​ចិត្ត​»​។ ពេល​បញ្ចប់​គម្រោង​ទាំងមូល រមណីយដ្ឋាន​នេះ​នឹង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​៩០០​នាក់​។ នេះ​ពិតជា​ជួយ​រួមចំណែក​ដល់​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រទេស និង​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ផង​ដែរ ។

លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​មាន​ប្រសាសន៍​ថា ៖ «​គិត​មក​ដល់​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៥ ខេត្តសៀមរាប​មាន​សណ្ឋាគារ​ចំនួន​១៨៦​កន្លែង ស្មើនឹង​១២.០៥៣​បន្ទប់ ផ្ទះសំណាក់​២៨៤​កន្លែង ស្មើនឹង​៤.៣១៦​បន្ទប់ និង​អា​ផាត​មិន​៩​កន្លែង ស្មើនឹង​៣៩៤​បន្ទប់ បាន​និង​កំពុង​ដំណើរ​ផ្តល់​សេវា​ជូន​ភ្ញៀវ​សព្វ​ថ្ងៃនេះ ។ នៅ​ពេល​មាន​ព្រឹត្តិការណ៍​បុណ្យ​ជាតិ​ធំ​ៗ​ដូច​ជា បុណ្យចូលឆ្នាំ ឬ​បុណ្យ​អង្គ​រស​ង្ក្រា​ន​ម្តង​ៗ ការ​ផ្គត់ផ្គង់​បន្ទប់​ស្នាក់​នៅ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​មានការ​ខ្វះខាត​» ។

ទាក់ទង​នឹង​សណ្ឋាគារ​ថ្មី ដែល​សុខា គ្រុប​គ្រោង​នឹង​សម្ពោធ​នៅ​ឆ្នាំ​ក្រោយ​នេះ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ​មាន​ប្រសាសន៍​ថា ៖ «​វា​ជា​ការ​ល្អ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​បន្ទប់​កាន់តែ​ច្រើន ដើម្បី​ជួយ​ទប់ទល់​នឹង​បញ្ហា​ខ្វះខាត​ចំនួន​បន្ទប់​ស្នាក់​នៅ​ជូន​ភ្ញៀវ​បាន​ម្តងម្កាល​បាន ហើយ​វត្តមាន​របស់​សុខា​ថ្មី​នេះ​ពិតជា​អាច​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​ប្រើប្រាស់​សេវា​ថ្មី​នេះ​» ។

រមណីយដ្ឋាន​សុខា​សៀមរាប មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទេសចរណ៍ និង​វប្បធម៌​អង្គរ​ឃ្យូ​ង​យូ ជា​តំបន់​ដែល​មានការ​មមាញឹក និង​ទាក់ទាញ​ខ្លាំង​នា​ពេល​រសៀល ។ រមណីយដ្ឋាន​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​២៣​ហិ​កតា ដែល​មាន​បន្ទប់​សរុប​ចំនួន​៧៧៦​បន្ទប់ ។ បច្ចុប្បន្ន​ខេត្តសៀមរាប​កំពុង​ក្លាយជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​ឈ្មោះ Lonely Planet ត្រូវ​បាន​ដាក់​ឱ្យ​ប្រាសាទ​អង្គរ ជា​តំបន់​ដែល​មានការ​ធ្វើ​ដំណើរ​លេខ​មួយ​នៅ​លើ​ពិភពលោក និង​ទទួល​បាន​ពានរង្វាន់​ឆ្នាំ​២០១៥ នៃ​ជម្រើស​អ្នកទេសចរ​របស់ Trip Advisor លេខ​១ នៅ​អាស៊ី និង​លេខ​២ ក្នុង​ពិភពលោក ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​សុខា គ្រុប ។

វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «​មាស​បៃតង​» ដែល​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ដោយ​បង្កើត​បាន​ប្រាក់​ចំណូល​ប្រមាណ​ជិត ៣.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​បញ្ចូល​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​ក្នុង​ឆ្នាំ​២០១៤ ។  បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង​១​លាន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រមូល​ចំណូល​ជូន​ជាតិ​បាន​ចំនួន​ជាង​៤៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ឲ្យ​ដឹង​ថា គ្រាន់តែ​ភ្ញៀវ​ទេសចរ​មក​ពី​ចក្រភព​អង់គ្លេស​ដែល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​១៣​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៤ កើនឡើង​ប្រមាណ​៤​ភាគរយ ។ ដោយឡែក​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរ​មក​ពី​ចក្រភព​អង់គ្លេស​មាន​ប្រមាណ​៨​ម៉ឺន​នាក់ ។

តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៥ មាន​ចំនួន​២​លាន​៣​សែន​នាក់ កើនឡើង​៤,៦​ភាគរយ ។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មាន​ប្រមាណ​ជាង​៤,៥​លាន​នាក់ មាន​កំណើន​៧​ភាគរយ ៕