លោក កឹម សុខាថា បើ​CNRP​ឈ្នះ​ឆ្នោត​នឹង​មិន​ដកមន្រ្តី​ចាស់​ណា​ម្នាក់ទេ

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងអះអាងថា បើCNRP ឈ្នះឆ្នោតនឹងមិនមានការដក និងដោះដូរតំណែងមន្រ្តីសាធារណៈ និងកងកម្លាំងប្រដាប់អាវុធដែលកាន់តំណែងក្នុងអាណត្តិចាស់ណាម្នាក់ឡើយ។

អនុប្រធាន CNRP រូបនេះ បានថ្លែងជាសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកថា នឹងគ្មានការដោះដូរតំណែងមន្រ្តីណាម្នាក់ដែលបំពេញតួនាទីក្នុងអាណត្តិចាស់ទេ ប្រសិនបើ CNRP ឈ្នះឆ្នោតនៅអាណត្តិខាងមុខ។ គណបក្សសង្គ្រោះជាតិ នឹងប្រកាន់យកនូវគោលការណ៍ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលការដឹកនាំបែបនេះ នឹងនាំមកនូវយុត្ដិធម៌ ស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

លោកបានអះអាងថា “ជាទូទៅ ប្រទេស ឬ គណបក្សនយោបាយ ឬ អ្នកដឹកនាំ ដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ នៅពេលឈ្នះឆ្នោតឡើងកាន់អំណាច គេផ្លាស់ប្ដូរមន្រ្ដីដឹកនាំនយោបាយ។ ក៏ប៉ុន្ដែគេមិនចេះតែដក ឬ ដេញ មន្រ្ដីសាធារណៈ ឬ កងកម្លាំងប្រដាប់អាវុធ ដោយសារតែការផ្លាស់ប្ដូរអ្នកដឹកនាំ នយោបាយនោះឡើយ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា នៅពេលគណបក្សសង្រ្គោះជាតិឡើង កាន់អំណាចមន្រ្តីចាស់ៗមួយចំនួន នឹងត្រូវដកចេញហើយដាក់មន្រ្តីរបស់ខ្លួនជំនួសមកវិញ៕