មេធាវី ជា ហៃ រងការចោទប្រកាន់ សហាយស្មន់ ជាមួយប្រពន្ធគេហើយ វ៉ៃប្តីគេទៀត តែលោកបដិសេធថា ជារឿង ចោទប្រកាន់មិនពិត

ព្រះសីហនុ ៖ លោកមេធាវី ជា ហៃ ដែលគេស្គាល់ថា ក៏ជាកូនប្រសាររបស់អនុប្រធានតុលាការកំពូល មួយរូបផង ដែរនោះ បានរងនូវបណ្តឹងចោទប្រកាន់ ពីបុរសម្នាក់ថា បានលួចសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ហើយ ខណៈដែលខ្លួនចូលទៅទាន់ លោកមេធាវីរូបនេះបានប្រើអំពើហិង្សា វាយដំមកលើខ្លួនជាប្តីថែមទៀតផង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅចំណុចផ្ទះ បើកហាងបញ្ចាំមួយកន្លែង នៅក្រុមទី២ ភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ឈ្មោះ គុណ ប៊ុនថា បាន ប្តឹងចោទប្រកាន់ទៅលើលោកមេធាវី ជា ហៃ ថា បានលបលួចសហាយស្មន់ជាមួយនឹងប្រពន្ធរបស់ខ្លួន ហើយ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនលោកមេធាវីរូបនេះ ដើម្បីយកទៅដោះស្រាយតាម ច្បាប់ ។

តាមការអះអាងពីបុរសជាប្តីឈ្មោះ គុណ ប៊ុនថា បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនមានឈ្មោះ ឯម រ៉ានី បានបើករកស៊ី ហាងបញ្ចាំចូលហ៊ុនគ្នាជាមួយលោកមេធាវី ជា ហៃ ហើយពួកគេទាំងពីរនាក់ ក៏មានទំនាក់ទំនងស្នេហាត្រីកោណ  ជាមួយនឹងគ្នា រហូតដល់ថ្ងៃកើតហេតុ ខ្លួនបានចូលមកទាន់ ពួកគេទាំងពីរនាក់កំពុងប្រព្រឹត្តអំពើមិនសមរម្យ ជាក់ ស្តែង ហើយពេលឃើញខ្លួនចូលមកទាន់យ៉ាងដូច្នេះ ស្រាប់តែឈ្មោះ ជា ហៃ បានស្ទុះមកវាយខ្លួនតែម្តង ហើយ ខ្លួនក៏ប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាមន៍ ធ្វើការឃាត់ខ្លួនឈ្មោះ ជា ហៃ នេះតែម្តងទៅ ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ រឿងសហាយស្មន់ រវាងលោកមេធាវី ជា ហៃ ជាមួយនឹងស្រ្តីមានប្តីហើយឈ្មោះ ឯម រ៉ានី ខាងលើនេះ បើយោងតាមម្តាយរបស់ស្រ្តីខាងលើ ដែលមានឈ្មោះ ចេង ឃាន បានអះអាងប្រាប់អ្នកជិត ខាងនៅកន្លែងកើតហេតុថា កូនស្រីរបស់គាត់ដោយសារតែមានស្នេហាត្រីកោណ ជាមួយលោកមេធាវី ជា ហៃ បានភ្លេចទាំងប្តី ទាំងបងប្អូន និងម្តាយបង្កើត លបលួចស្នេហាបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនម៉ឺនដុល្លារមក ហើយ ។ ប៉ុន្តែ ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះ ទាំងអ្នកស្រី ម៉ៃ រ៉ានី ក៏ដូចជាលោកមេធាវី ជា ហៃ បានធ្វើ ការបដិសេធថា រូបគាត់ទាំងពីរនាក់ ពុំមានទំនាក់ទំនងស្នេហានឹងគ្នា ដូចការចោទប្រកាន់នោះទេ ដោយពួកគាត់ ទាំងពីរនាក់ គឺគ្រាន់តែមានមុខរបរជាមួយគ្នាប៉ុណ្ណោះ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ នៅវេលាម៉ោងជិត ១១ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នេះ លោក ជា ហៃ បាន ឆ្លើយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទឲ្យដឹងថា លោកមិនមានទំនាក់ទំនងស្នេហាជាមួយនឹងស្រ្តី ឈ្មោះ ឯម រ៉ានី នោះទេ តាមពិតខ្លួនគ្រាន់តែជាអ្នកធ្វើមេធាវីការពារក្តី ឲ្យស្រ្តីខាងលើនេះ ដែលមានមុខរបររកស៊ី ទទួលបញ្ចាំតែប៉ុណ្ណោះ ។ ក្នុងនោះលោកមេធាវីបានបញ្ជាក់បន្ថែមទៀតថា តាមពិតរវាងប្តី ប្រពន្ធ របស់ស្រ្តីឈ្មោះ ឯម រ៉ានី គឺពួកគាត់មានភាពរកាំរកូសនៅក្នុងគ្រួសាររបស់គាត់ ហើយបុរសជាប្តីចេះតែចោទ ប្រកាន់មកលើរូបលោក តាមពិតប្តីរបស់ស្រ្តីឈ្មោះ ឯម រ៉ានី ចង់ឲ្យលោកបង្ហាញរបាយការណ៍ មុខរបររកស៊ីរបស់ ប្រពន្ធខ្លួនតែប៉ុណ្ណោះ ហើយក៏ធ្វើការចោទប្រកាន់ ទម្លាក់កំហុសមកលើរូបលោក និងប្រពន្ធរបស់គាត់ថា មាន ទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នាតែម្តងទៅ ។ ចុងក្រោយលោកមេធាវី ជា ហៃ បានអះអាងថា ក្រោយកើត ហេតុប្តឹងផ្តល់ពីបុរសជាប្តីរួចមក លោកក៏បានទៅធ្វើការបំភ្លឺ ពីដំណើររឿងនៅកន្លែងសមត្ថកិច្ច ហើយក៏វិលត្រឡប់ ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួនរូបលោកនោះឡើយ ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះដែរ ស្រ្តីឈ្មោះ ឯម រ៉ានី បានឆ្លើយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទ នៅវេលាម៉ោងជាង ១១ព្រឹកមិញនេះឲ្យដឹងថា រឿងហេតុខាងលើនេះ គឺផ្តើមចេញពីអ្នកស្រី ដើមឡើយគឺ នៅអំឡុងឆ្នាំ២០១៣ បានរកស៊ីបើកហាងទទួលបញ្ចាំ ទ្រង់ទ្រាយតូចមួយ ដោយមិនសូវរីកចម្រើននោះទេ ។ លុះ ដល់ខែសីហា ឆ្នាំ២០១៤ អ្នកស្រីបានស្គាល់លោកមេធាវី ជា ហៃ ក៏បានដាក់ទុនរកស៊ីជាមួយគ្នា ដោយលោក ជា ហៃ គាត់ចេះច្បាប់ ដើម្បីការពារផលប្រយោជន៍នៃការរកស៊ីនេះ ធ្វើឲ្យការរកស៊ីទទួលបញ្ចាំទទួលបានផល ចំណេញរីកចម្រើនរហូតមក ។ តែមួយរយៈចុងក្រោយនេះ សកម្មភាពរកស៊ីមានការធ្លាក់ចុះ ស្រាប់តែប្តីរបស់អ្នក ស្រី បានចាប់ផ្តើមសួរនាំ និងទាមទារឲ្យអ្នកស្រីដកហ៊ុនឈប់រកស៊ីជាមួយលោកមេធាវី ជា ហៃ វិញ តែអ្នកស្រីក៏ បានធ្វើការពន្យល់ទៅប្តីថា ធ្លាប់រកស៊ីជាមួយគ្នាតាំងពីអត់ រហូតដល់មានបាន ពេលដែលការរកស៊ីធ្លាក់ចុះភ្លាមៗ ហើយបើដកហ៊ុន ដូចជាមិនសម តែអ្នកស្រីបានសន្យាថា នឹងដកចេញបន្តិចម្តងៗ កុំឲ្យវាអាក្រក់មើល តែប្តីអ្នកស្រី មិនព្រម ហើយធ្វើការគំរាមថា បើមិនព្រមដកហ៊ុនភ្លាមទេ គឺមានតែលែងលះគ្នា ហើយប្តីរបស់អ្នកស្រីក៏ចាប់ផ្តើម រករឿងរហូតមក ដោយទាមទារត្រួតពិនិត្យបញ្ជីស្នាម នៃការរកស៊ីជាដើម ។

អ្នកស្រី ឯម រ៉ានី បានបន្ថែមថា ការរកស៊ីចូលហ៊ុនជាមួយលោក ជា ហៃ នេះ ប្រពន្ធរបស់គាត់ក៏បានដឹងលឺផងដែរ ហើយប្រពន្ធរបស់គាត់មិនបានទាំងចាប់អារម្មណ៍ ឬសង្ស័យអ្វីផងនោះ ។ ចុងបញ្ចប់អ្នកស្រី ឯម រ៉ានី បានអះអាង ថា ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់អ្នកស្រី អ្នកស្រីបានទៅឲ្យពេទ្យពិនិត្យអេកូ ដើម្បីឲ្យដឹងការពិតថា តើអ្នកស្រី ពិតជាបានរួមភេទជាមួយនឹងលោក ជា ហៃ ដូចការចោទប្រកាន់របស់ប្តីមែនឬអត់ ៕

មេធាវី ជា ហៃ រងការចោទប្រកាន់ សហាយស្មន់ ជាមួយប្រពន្ធគេហើយ វ៉ៃប្តីគេទៀត តែលោកបដិសេធថា ជារឿង ចោទប្រកាន់មិនពិត

មេធាវី ជា ហៃ រងការចោទប្រកាន់ សហាយស្មន់ ជាមួយប្រពន្ធគេហើយ វ៉ៃប្តីគេទៀត តែលោកបដិសេធថា ជារឿង ចោទប្រកាន់មិនពិត

មេធាវី ជា ហៃ រងការចោទប្រកាន់ សហាយស្មន់ ជាមួយប្រពន្ធគេហើយ វ៉ៃប្តីគេទៀត តែលោកបដិសេធថា ជារឿង ចោទប្រកាន់មិនពិត