ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា​ដកហូត​អាជ្ញាប័ណ្ណ​រូបិយប័ណ្ណ​បរទេស​រាប់រយ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា (CBM) បាន​ដកហូត​អាជ្ញាប័ណ្ណ​រូបិយប័ណ្ណ​បរទេស​ជា​ច្រើន​ដែល​កាន់កាប់​ដោយ​បណ្តា​សណ្ឋាគារ ក្រុមហ៊ុន​អាកាសចរណ៍ និង​សហគ្រាស​អាជីវកម្ម​ជា​ច្រើន​ពាន់​ផ្សេង​ទៀត​ដើម្បី​តទល់​នឹង​ប្រាក់​ដុល្លារ ។

ធនាគារកណ្តាល​បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា គោលនយោបាយ​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធ​ចាប់ពី​ពេល​នេះ​តទៅ ។ បណ្តា​ក្រុមហ៊ុន​នានា​ត្រូវ​ប្រគល់​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ទៅ​នាយកដ្ឋាន​គ្រប់គ្រង​រូបិយប័ណ្ណ​បរទេស (FEMD) នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ។

តាម​ប្រភព​ផ្លូវការ​មួ​ួ​យ​ឲ្យ​ដឹង​ថា បណ្តា​ធនាគារ និង​អ្នក​ប្តូរ​ប្រាក់​ទាំងឡាយ​នៅ​តែ​អាច​ប្តូរ​រូបិយប័ណ្ណ​បរទេស​បាន ប៉ុន្តែ​ក្រៅពី​នេះ ដូច​ជា សេវា​ទំនាក់ទំនង ក្រុមហ៊ុន​អាកាសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ សណ្ឋាគារ មន្ទីរពេទ្យ ក្រុមហ៊ុន​ដឹក​ជញ្ជូន ផ្សារ​ទំនើប បណ្តា​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ហាង​រួច​ពី​កាតព្វកិច្ច​ពន្ធ ត្រូវ​តែ​លះបង់​អាជ្ញាប័ណ្ណ​របស់​ពួក​គេ ។

ប្រភព​បញ្ជាក់​ថា សហជីព​កាន់កាប់​សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា ក៏​នឹង​ត្រូវ​ប្រគល់​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ត្រឡប់​មក​ឲ្យ​ក្រសួង​សាមី​វិញ​ដែរ ។
ក្នុង​សេចក្តី​ប្រកាស​ដែល​បោះពុម្ពផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ធនាគារកណ្តាល កាលពី​ថ្ងៃ​ទី​១៦ តុលា បាន​អះអាង​ពី​ការ​សម្រេចចិត្ត​នេះ ។

មន្ត្រី​ធនាគារកណ្តាល​មួយ​រូប​ឱ្យ​ដឹង​ថា ៖ «​លោក​មាន​ក្តី​រំពឹង​លើ​គោលនយោបាយ​ថ្មី​នេះ​ថា នឹង​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​ការ​បង់ថ្លៃ​តាម​ការ​ឆូត​កាត ជា​ពិសេស​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ។ ប្រព័ន្ធ​ទំនិញ​តាម​គ្រឿង​អេ​ឡិច​ត្រូ​និក ឬ​ការ​ឆូត​កាត​នេះ​កំពុង​តែ​បង្កើន​ការ​អូស​ទាញ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​ទូលំទូលាយ​នៅឡើយ​ទេ​» ។

ចំណែក​ការ​ជួញដូរ​ក្រៅពី​វិស័យ​ធនាគារ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួញដូរ​ជា​រូបិយប័ណ្ណ​បរទេស​ចាប់តាំងពី​ច្បាប់​គ្រប់គ្រង​រូបិយប័ណ្ណ​បរទេស​បាន​អនុម័ត​ក្នុង​ឆ្នាំ​២០១២ ។
ធនាគារកណ្តាល​ឲ្យ​ដឹង​ទៀត​ថា ទោះជា​យ៉ាងណា បច្ចុប្បន្ន​អ្នក​ទាំងនោះ​បាន​ប្រតិបត្តិការ​ប្រាក់​ដុល្លារ​គ្រប់គ្រាន់ និង​រូបិយប័ណ្ណ​បរទេស​ដទៃ​ទៀត​តាម​រយៈ​ធនាគារ និង​ហាង​ប្តូរ​ប្រាក់​ក្រៅពី​ធនាគារ ។

វា​ជា​រឿង​ខុសច្បាប់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​រូបិយប័ណ្ណ​បរទេស​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ប៉ុន្តែ​យើង​ក៏​អនុញ្ញាត​ឱ្យ​បុគ្គល​ឯកជន​អនុវត្ត​នូវ​ទំហំ​ទឹកប្រាក់​ចំនួន​១០.០០០​ដុល្លារ​ដែរ ។ ចំណុច​នេះ​នាំ​ឱ្យ​មាន​ភាព​ច្របូកច្របល់​មួយ​ចំនួន ហើយ​គោលនយោបាយ​ថ្មី​របស់​យើង​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កាន់តែ​មាន​ភាព​ច្បាស់លាស់ ។

យោង​តាម​ផ្នែក​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រូបិយប័ណ្ណ​បរទេស ដែល​បាន​ធ្វើ​វិសោធនកម្ម​ថ្មី​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ចែង​ថា ៖ «​វា​ជា​អំពើ​ខុសច្បាប់​ក្នុង​ការ​ជួញដូរ​រូបិយប័ណ្ណ​បរទេស​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ។ អ្នក​បំពាន​ច្បាប់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ឬ​បង់​ពិន័យ ឬ​ទាំង​ជាប់​ពន្ធនាគារ និង​ផាកពិន័យ ។ អ្នកកាន់កាប់​អាជ្ញាប័ណ្ណ​រូបិយប័ណ្ណ​បរទេស​រួម​មាន ធនាគារ និង​ហាង​ប្តូរ​ប្រាក់​» ។

ហាង​ប្តូរ​ប្រាក់​នានា​អាច​កាន់កាប់​សាច់ប្រាក់​មិន​លើស​ពី​៥០.០០០​ដុល្លារ​ឡើយ ហើយ​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង ពួក​គេ​ត្រូវធ្វើ​អាជ្ញាប័ណ្ណ​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​១០​ម៉ឺន​ខ្យា​ដ (​ប្រាក់​មី​យ៉ា​ន់​ម៉ា​) ។

ចំណែក​លោក Win Thaw អគ្គនាយករង​របស់ FEMD ថ្លែង​ថា ៖ «​លោក​នឹង​ព្យាយាម​ធានា​ឲ្យ​បាន​ថា បណ្តា​ធនាគារ​អាច​ផ្គត់ផ្គង់​រូបិយប័ណ្ណ​បរទេស​គ្រប់គ្រាន់ ។ គោលនយោបាយ​នេះ​ត្រូវ​បាន​កំណត់​ទិស​ដៅ​ក្នុង​ការ​បន្ទាប​តម្រូវការ​ប្រាក់​ដុល្លារ និង​ការពារ​តម្លៃ​ទំនិញប្រើប្រាស់​» ។

ការ​ប្រកាស​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​នានា ដែល​ព្រម​ទទួលយក​ការ​បង់​ជា​ប្រាក់​ដុល្លារ​ដូច​ជា ជំនួញ​អចលនទ្រព្យ និង​ការ​ជួល​រថយន្ត​ជាដើម ។

បើ​តាម​ការ​អះអាង​របស់​លោក Soe Tun អ្នកគ្រប់គ្រង Farmer Auto Showroom ឱ្យ​ដឹង​ថា ៖ «​ការ​ផ្លាស់​ប្តូរ​មិន​ទំនងជា​ប៉ះពាល់​ដល់​ពាណិជ្ជករ​ឡើយ ប៉ុន្តែ​នឹង​កត់សម្គាល់​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​ផ្នែក​សណ្ឋាគារ ទីភ្នាក់ងារ​ទេសចរណ៍ និង​ហាង​លក់ទំនិញ​ដែល​រួច​ផុត​ពី​ការ​បង់ពន្ធ ។ ចំណែក​ក្រុមហ៊ុន​របស់​យើង​ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​ដូច​ជា ក្រុមហ៊ុន​អាកាសចរណ៍ ភោជនីយដ្ឋាន ហាង​គ្រឿងអលង្ការ និង​លក់​វត្ថុ​អនុស្សាវរីយ៍ ក៏​ទំនងជា​រង​ផល​ប៉ះពាល់​ដែរ ស្រប​ពេល​ជា​រឿយ​ៗ​ពួក​គេ​អនុញ្ញាត​ឲ្យ​អ្នកទេសចរ​បង់​ជា​ប្រាក់​ដុល្លារ​» ។

រដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​សម្រេច​ឲ្យ​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៤,៥​លាន​នាក់​ក្នុងឆ្នាំនេះ និង​កើនឡើង​៧,៥​លាន​នាក់​នៅ​ឆ្នាំ​២០២០ បើទុកជា​អ្នកជំនាញ​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នកទេសចរ​ទាំងនោះ​ទំនងជា​មក​ពី​ប្រទេស​ចិន ឬ​ថៃ ។ 

យោង​តាម​អត្រា​ផ្លូវការ​បង្ហាញ​ថា ប្រាក់​ខ្យា​ដ​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ថ្លៃ​ក្នុង​រង្វង់​២៥% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ ដែល​ស្ថិត​ក្នុង​ហាងឆេង​១​ដុល្លារ ស្មើនឹង​១២៨៤​ខ្យា​ដ​។ ទោះជា​យ៉ាងណា បន្ទាប់​ពី​ការ​ចុះថោក​ភ្លាម​ៗ​នៅ​ខែមិថុនា និង​ខែកក្កដា អត្រា​ហាងឆេង​នៅ​តែ​មាន​លំនឹង​ដដែល​កាលពី​ខែ​មុន ។

កត្តា​មួយ​ចំនួន​បាន​ញ៉ាំង​ឲ្យ​មានការ​ចុះ​ខ្សោយ​នៃ​រូបិយប័ណ្ណ រាប់​បញ្ចូល​ទាំង​ការ​ពង្រឹង​ប្រាក់​ដុល្លារ និង​ការ​រីក​រាលដាល​នៃ​ឱនភាព​ថវិកា​របស់​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ។
ខណៈ​ប្រាក់​ខ្យា​ដ​បាន​ចុះ​ខ្សោយ​ជាង​មុន​នាំ​ឲ្យ​អ្នក​នាំ​ចេញ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង ចំណែក​ធនាគារកណ្តាល​កំពុង​ធ្វើ​ប្រតិបត្តិការ​លើ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ និង​ជួយ​រក្សា​ស្ថេ​រ​ភាព​រូបិយប័ណ្ណ ។

គួរ​រំឭក​ផង​ដែរ​ថា កាលពី​ខែឧសភា ធនាគារកណ្តាល​បាន​បញ្ចេញ​នូវ​ទិស​ដៅ​ពីរ​ដែល​បង្គាប់​ឲ្យ​មានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ ៕