រឿង​ក្តី​ទី​១​ដែល​តុលាការ​កំពូល​ជំនុំជម្រះ​មាន​ភាព​យុត្តិធម៌​ពិតប្រាកដ​

​ថ្វី​ដ្បិត​ស្ថាប័ន​តុលាការ​កម្ពុជា​តែង​ទទួល​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ ថា​ ជា​ស្ថាប័ន​មិន​ឯករាជ្យ​ ពុក​រលួយ​ និង​កាត់ក្តី​មិន​យុត្តិធម៌​ លុះ​ក្នុង​អំពើ​អគតិ​ក៏​ដោយ​ ក៏​មាន​សំណុំរឿង​ក្តី​ខ្លះ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ជំនុំជម្រះ​ផ្តល់​នូវ​ភាព​យុត្តិធម៌​ស្រប​តាម​ច្បាប់​ពិតប្រាកដ​ដែរ​ ដែល​ក្នុង​ខណៈ​នេះ​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ សូម​លើកយក​រឿង​ក្តី​ទី​១​ដែល​ស្ថាប័ន​តុលាការ​កំពូល​ធ្វើការ​ជំនុំជម្រះ​ប្រកបដោយ​ភាព​យុត្តិធម៌​ ឥត​លម្អៀង​ មក​ផ្សព្វផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ និង​ពិចារណា​ ប្រកបដោយ​គតិបណ្ឌិត​ ដូច​ខាងក្រោម​ ៖

​កាលពី​អំឡុង​ឆ្នាំ​២០០៨​ លោក​ ណា​ លឹ​ម​ហ៊ុយ​ មានរឿង​ក្តីក្តាំ​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​ទំហំ​១៣.២០០​ម៉ែត្រក្រឡា​ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០៥៤៣៧(Cviii1525)​ ចុះ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០០៥​ (​អតីត​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ​C80654​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៤)​ ឋិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​(​អតីត​ឃុំ​ប៉ោយ​ប៉ែ​ត​ ស្រុក​អូរ​ជ្រៅ​)​ ខេត្តបន្ទាយមានជ័យ​ ជាមួយ​លោក​ ហួត​ ប៊ុ​ន​ហាក់​ ហៅ​ប៊ុ​ន​ហាក់​ និង​អ្នកស្រី​ អាយ​ អូន​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​ស្រាប់​ខាងលើ​នេះ​ មានដំណើរ​រឿង​ដូច​តទៅ​ ៖​ ដី​ទំនាស់​ដំបូង​ជា​កម្មសិទ្ធិ​របស់​លោក​ គឹ​ម​ ហួរ​ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខC80654​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៤​ ។​ នៅ​ឆ្នាំ​១៩៩៧​ លោក​ គឹ​ម​ ហួរ​ បាន​លក់​ដីធ្លី​នេះ​ឲ្យ​ទៅ​លោក​ ឈូ​ ពិន​ តែ​មិន​ទាន់​បាន​កាត់ឈ្មោះ​ក្នុង​ប្លង់​ដី​ ស្រប​តាម​នីតិវិធី​អង្គភាព​សុរិយោដី​ទេ​ ។​ ក្រោយមក​ លោក​ ឈូ​ ពិន​ បាន​យក​ប្លង់​ដី​ដែល​ទទួល​បាន​ពី​លោក​ គឹ​ម​ ហួរ​ នេះ​ទៅ​ដាក់​ធានា​បញ្ចាំ​នឹង​លោក​ ហួត​ ប៊ុ​ន​ហាក់​ ហៅ​ប៊ុ​ន​ហាក់​ ។​ នៅ​អំឡុង​ឆ្នាំ​១៩៩៩​ លោក​ ហួត​ ប៊ុ​ន​ហាក់​ បាន​លក់​ដី​ដែល​ជា​ទ្រព្យ​ជាប់​បន្ទុក​ដាក់​ធានា​បញ្ចាំ​នេះ​ឲ្យ​ទៅ​អ្នកស្រី​ អាយ​ អូន​ ។​ ចាប់ពី​ឆ្នាំ​២០០២​មក​ លោក​ ឈូ​ ពិន​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ឲ្យ​លោក​ ហួត​ ប៊ុ​ន​ហាក់​ ប្រគល់​ប្លង់​ដី​មក​ខ្លួន​ជា​ម្ចាស់ទ្រព្យ​អចលនវត្ថុ​ដាក់​ធានា​បញ្ចាំ​វិញ​ ។​ ទីបំផុត​ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្គាប់​ឲ្យ​សាលា​ខេត្តបន្ទាយមានជ័យ​ចាត់​នីតិវិធី​ធ្វើ​ទុតិយតា​ប្លង់​ដី​លេខ​ C80654​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៤​ ជូន​លោក​ ឈូ​ ពិន​ តាម​ស្មារតី​លិខិត​លេខ​១១០៣​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០០៤​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ យោង​តាម​ស្មារតី​លិខិត​លេខ​១១០៣​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០០៤​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​ សាលា​ខេត្តបន្ទាយមានជ័យ​ បាន​ចេញ​លិខិត​លេខ​២៩២០​ខ​ប​ជ​ ចុះ​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០០៤​ បង្គាប់​ឲ្យ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​(​ដ​ន​សស​)​ខេត្ត​ លោក​អភិបាលស្រុក​អូរ​ជ្រៅ​ លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​(​ដ​ន​ស​ភ​)​ស្រុក​អូរ​ជ្រៅ​ និង​លោក​មេឃុំ​ប៉ោយ​ប៉ែ​ត​ ចាត់​នីតិវិធី​ទទួលស្គាល់​លោក​ ឈូ​ ពិន​ ជា​កម្មសិទ្ធិករ​ស្របច្បាប់​លើ​ដី​មាន​ប័ណ្ណ​លេខ​ C80654​ តទៅ​ និង​ជួយ​សម្រួល​រាល់​កិច្ចការ​ក្នុង​ការ​បំពេញបែបបទ​សុំ​ទុតិយតា​នៃ​ដី​មាន​ប័ណ្ណ​លេខ​ C80654​ របស់​លោក​ ឈូ​ ពិន​ ។​ បន្ទាប់​មក​ទៀត​ មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​បាន​ចេញ​ប្រកាស​មោឃភាព​ប្លង់​ដី​លេខ​ C80654​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៤​ និង​ចេញ​ទុតិយតា​ជំនួស​វិញ​ចំនួន​២​លើក​ គឺ​ប្រកាស​ចុះ​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០០៥​ និង​ប្រកាស​ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០០៥​ ។​

​ដោយ​យល់​ឃើញ​ថា​ មានការ​សម្រេច​ពី​រាជរដ្ឋាភិបាល​តាម​ស្មារតី​លិខិត​លេខ​១១០៣​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០០៤​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​,​ លិខិត​លេខ​២៩២០​ខ​ប​ជ​ ចុះ​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០០៤​ របស់​សាលា​ខេត្តបន្ទាយមានជ័យ​ និង​ប្រកាស​របស់​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ដូច្នេះ​ ទើប​លោក​ ណា​ លឹ​ម​ហ៊ុយ​ បាន​ព្រមព្រៀង​ទិញ​ដីធ្លី​នេះ​ពី​លោក​ ឈូ​ ពិន​ ដោយ​មន្ត្រី​ជំនាញ​សុរិយោដី​បាន​តាក់តែង​លិខិត​លក់​ផ្តាច់​លេខ​១១/០៥​ ចុះ​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០០៥​ កាត់ឈ្មោះ​ផ្តាច់​ពី​លោក​ គឹ​ម​ ហួរ​ ជា​ម្ចាស់​ដី​ដើម​ ក្នុង​នាម​អ្នកលក់​ មក​លោក​ ណា​ លឹ​ម​ហ៊ុយ​ ក្នុង​នាម​អ្នកទិញ​ ។​ តម​ក​ អគ្គនាយកដ្ឋាន​សុរិយោដី​ និង​ភូមិសាស្ត្រ​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​(​ដ​ន​ស​)​ បាន​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០៥៤៣៧(Cviii1525)​ ចុះ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០០៥​ ជូន​លោក​ ណា​ លឹ​ម​ហ៊ុយ​ ជា​កម្មសិទ្ធិករ​ ។​

​ក្រោយ​ពេល​ទទួល​បាន​ប្លង់​ដី​ស្របច្បាប់​ តាម​រយៈ​លទ្ធកម្ម​នៃ​ការ​ទិញ​ពី​លោក​ ឈូ​ ពិន​ រូ​ច​ហើយ​ លោក​ ណា​ លឹ​ម​ហ៊ុយ​ ជា​កម្មសិទ្ធិករ​នៃ​ដី​ បាន​ដាក់​ពាក្យ​ចុះ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០០៥​ ស្នើ​សុំ​ធ្វើការ​ផ្ទៀងផ្ទាត់​ទំហំ​ដី​ និង​បោះបង្គោល​ព្រំ​ដី​ ទៅ​ការិយាល័យ​ ដ​ន​ស​ភ​ ស្រុក​អូរ​ជ្រៅ​ ប៉ុន្តែ​ការ​ចុះ​វាស់វែង​ ផ្ទៀងផ្ទាត់​ និង​បោះ​បង្គា​ល​ព្រំ​ដី​មិន​បាន​សម្រេច​ឡើយ​ ព្រោះ​មាន​សាច់ញាតិ​របស់​អ្នកស្រី​ អាយ​ អូន​ ចេញ​មុខ​មក​រារាំង​ ។​ នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០០៥​ លោក​ ណា​ លឹ​ម​ហ៊ុយ​ បាន​ដាក់​ពាក្យ​ផ្លូវការ​គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទៅ​សាលា​ខេត្តបន្ទាយមានជ័យ​ បង្កើត​គណៈកម្មការ​ចុះ​បោះបង្គោល​ព្រំ​ដី​ មាន​ប័ណ្ណ​លេខ​Cviii1525​ ចុះ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០០៥​ ជូន​ខ្លួន​ជា​កម្មសិទ្ធិករ​ ។​ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្គាប់​ឲ្យ​សាលា​ខេត្តបន្ទាយមានជ័យ​ និង​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ សហការ​ចុះ​បោះបង្គោល​ព្រំ​ដី​ជូន​លោក​ ណា​ លឹ​ម​ហ៊ុយ​ តាម​ស្មារតី​លិខិត​លេខ​១៤៨០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប៉ុន្តែ​នៅ​តែ​ចុះ​បោះបង្គោល​ព្រំ​ដី​មិន​បាន​សម្រេច​ទៀត​អស់​រយៈពេល​ជិត​៣​ឆ្នាំ​ ។​ ទើប​នៅ​អំឡុង​ឆ្នាំ​២០០៨​ លោក​ ណា​ លឹ​ម​ហ៊ុយ​ សម្រេចចិត្ត​ចុង​ក្រោយ​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ប្តឹង​លោក​ ហួត​ ប៊ុ​ន​ហាក់​ និង​អ្នកស្រី​ អាយ​ អូន​ តែ​ម្តង​ ។​

​ចាប់តាំងពី​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​(​សាលក្រម​រដ្ឋប្បវេណី​លេខ​៣៣"​ក​"​ ចុះ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០០៨)​ សាលាឧទ្ធរណ៍​(​សាលដីកា​រដ្ឋប្បវេណី​លេខ​០៣"​ញ​"​ ចុះ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០០៩)​ រហូត​ដល់​តុលាការ​កំពូល​មាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ជា​ប្រធាន​តុលាការ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​,​ ឯកឧត្តម​ យូរ​ ឧត្តរា​ ជា​អនុប្រធាន​តុលាការ​កំពូល​(​អតីត​ជា​ចៅក្រម​តុលាការ​កំពូល​)​ លោក​ចៅក្រម​ សឹង​ បញ្ញា​វុ​ឌ្ឍ​,​ លោក​ចៅក្រម​ សាលី​ ធា​រ៉ា​ និង​លោកស្រី​ចៅក្រម​ គិ​ម​ ស​ត្ថា​វី​ ជា​ចៅក្រម​ប្រឹក្សា​(​សាលដីកា​រដ្ឋប្បវេណី​ស្ថាពរ​លេខ​៤០០"​ក​"​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០០៩)​ បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​បង្គាប់​ឲ្យ​លោក​ ហួត​ ប៊ុ​ន​ហក់​ និង​អ្នកស្រី​ អាយ​ អូន​ ប្រគល់​ដី​ទំនាស់​មាន​ប័ណ្ណ​លេខ​Cviii1525​ ចុះ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០០៥​ ឲ្យ​ទៅ​លោក​ ណា​ លឹ​ម​ហ៊ុយ​ ជា​កម្មសិទ្ធិករ​កាន់់កាប់​ស្របច្បាប់​ និង​ទុកជា​មោឃៈ​ប័ណ្ណ​លេខ​ C80654 ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៤​ ។​ ពោល​គឺ​ ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ បាន​សម្រេច​ឲ្យ​លោក​ ណា​ លឹ​ម​ហ៊ុយ​ បាន​ឈ្នះក្តី​លើ​លោក​ ហួត​ ប៊ុ​ន​ហាក់​ និង​អ្នកស្រី​ អាយ​ អូន​ ជា​ស្ថាពរ​ ។​

​ការណ៍​ដែល​ស្ថាប័ន​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តីសម្រេច​ឲ្យ​លោក​ ហួត​ ប៊ុ​ន​ហាក់​ និង​អ្នកស្រី​ អាយ​ អូន​ ចាញ់ក្តី​ជា​ស្ថាពរ​ ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​ជាមួយ​លោក​ ណា​ លឹ​ម​ហ៊ុយ​ នោះ​ គឺ​ដោយសារ​តុលាការ​យល់​ឃើញ​ថា​ អនុលោម​តាម​មាត្រា​៧១​នៃ​ក្រឹត្យច្បាប់​លេខ​៣៨​ក្រ​.​ច​ និង​មាត្រា​២១០​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ គឺ​លោក​ ហួត​ ប៊ុ​ន​ហាក់​ មិន​អាច​ឡើងជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​បាន​ទេ​ ហើយ​កិច្ចសន្យាលក់​ដី​ទំនាស់​រវាង​លោក​ ហួត​ ប៊ុ​ន​ហាក់​ ជាមួយ​អ្នកស្រី​ អាយ​ អូន​ ជា​កម្ម​ភាព​ខុសច្បាប់​ ។​ ម្យ៉ាងទៀត​ កិច្ចសន្យាលក់​ដី​ទំនាស់​រវាង​លោក​ ហួត​ ប៊ុ​ន​ហាក់​ និង​អ្នកស្រី​ អាយ​ អូន​ ត្រូវ​ទុកជា​មោឃៈ​ តាម​មាត្រា​៣៥​នៃ​ក្រឹត្យច្បាប់​លេខ​៣៨​ក្រ​.​ច​ និង​មាត្រា​៦៦​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ពីព្រោះ​អ្នកលក់​មិនមែន​ជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​ ។​ ដោយឡែក​ លោក​ ណា​ លឹ​ម​ហ៊ុយ​ ជាដើម​ចោទ​ បាន​ធ្វើ​លទ្ធកម្ម​ដី​ទំនាស់​ស្រប​តាម​មាត្រា​៦៥​ និង​មាត្រា​៦៩​ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​សំណុំរឿង​ក្តី​វិវាទ​ដីធ្លី​មួយ​ ដែល​ស្ថាប័ន​តុលាការ​កម្ពុជា​ជំនុំជម្រះ​ប្រកបដោយ​ភាព​យុត្តិធម៌​ ស្រប​តាម​ច្បាប់​ពិតប្រាកដ​ ៕​

រឿង​ក្តី​ទី​១​ដែល​តុលាការ​កំពូល​ជំនុំជម្រះ​មាន​ភាព​យុត្តិធម៌​ពិតប្រាកដ​