​អាមេរិក​-​រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​សុវត្ថិភាព​វាយប្រហារ​តាម​ដែនអាកាស​នៅ​ស៊ី​រី​

​អាមេរិក​៖​អាមេរិក និង​រុស្ស៊ី​បាន​ឈាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ស្តីពី​សុវត្ថិភាព​នៃ​ប្រតិ​ប​ត្ដិ​ការវាយប្រហារ​តាម​ជើង​អាកាស​ដាច់ដោយឡែក​ពីគ្នា​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោង​មន្ទីរ​បញ្ច​កោណ​អាមេរិក​បាន​និយាយ​កាលពី​ម្សិលមិញ​។​

​ការ​ឈានដល់​កិច្ចព្រមព្រៀង​សុវត្ថិភាព​វាយប្រហារ​តាម​ជើង អាកាស​ក្នុងប្រទេស​ស៊ី​រី​របស់​ប្រទេស​ទាំង​ពិរ​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​១០​ថ្ងៃ​បន្ទាប់​យន្ដហោះ​ចម្បាំង​អាមេរិក​និង​រុស្ស៊ី បាន​មើលឃើញ​ពី​យន្ដហោះ​ភាគី​ម្ខាងៗ​ក្នុងពេល​បំពេញបេសកកម្ម​ក្នុងប្រទេស​ស៊ី​រី​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ក្នុង​ពេលធ្វើ​សន្និសីទកាសែត​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា មិនបាន​បង្កើត​កិច្ចសហប្រតិបត្ដិការ​យោធា​រវាង​ប្រទេស​ទាំងពីរ​នៅ​ស៊ី​រី​ទេ ហើយក៏​គ្មាន​ការចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​គោលដៅ​ក្រុម​សកម្មប្រយុទ្ធ ក្នុងប្រទេស​ស៊ី​រី​ជាមួយគ្នា​ដែរ គ្រាន់តែ​ដើម្បី​ការពារ​សុវត្ថិភាព​រៀងៗ​ខ្លួន​នៅពេល​វាយប្រហារ​តែប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Peter Cook បញ្ជាក់ថា សុវត្ថិភាព​ជាក់លាក់​ត្រូវបាន​បង្កើតឡើង​សម្រាប់​ក្រុម​ជើង​អាកាស​ភាគី​ទាំងពីរ​អនុវត្ដ ក្នុងនោះ​មាន​ទាំង​ការរក្សា​នូវ​ជំនាញ​ជើង​អាកា​សរៀងៗ​ខ្លួន ការប្រើប្រាស់​ប្រេកង់​ទំនាក់ទំនង​ជាក់លាក់ និង​ការបង្កើត​ខ្សែ​ទំនាក់ទំនង​នៅ​លើដី​ផងដែរ​។​

​គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ដើម្បី​បញ្ជៀ​ស​នូវ​ការភាន់ច្រឡំ  ឬក៏​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ចៃដន្យ នៅពេល​ប្រទេស​ទាំងពីរ​ដឹកនាំ​ការវាយប្រហារ​លើ​ក្រុម រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​៕

​អាមេរិក​-​រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​សុវត្ថិភាព​វាយប្រហារ​តាម​ដែនអាកាស​នៅ​ស៊ី​រី​