រាជវង្ស អង់គ្លេស សាទរលោក ស៊ី ជីនពីង ជាងនរណាៗ ទាំងអស់

ឡុងដ៍ ៖ មេដឹកនាំមួយចំនួន គ្រាន់តែទទួលបានកិត្តិយស ចំពោះការជួបប្រជុំ ជាមួយនឹងគ្រួសាររាជវង្ស អង់គ្លេស ប៉ុណ្ណោះ ប៉ុន្តែជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិនវិញ កិច្ចខិតខំប្រឹងប្រែងទាំងអស់ ត្រូវបានធ្វើឡើង ដើម្បី ធានាថា ភ្ញៀវកិត្តិយសរូបនេះ នឹងទទួលបាននូវបដិសណ្ឋារកិច្ច យ៉ាងពេញលេញបំផុត ពីប្រទេសអង់គ្លេស ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០១៥ នេះ បន្ដទៀតថា នៅក្នុងពិធី ជប់លៀងសម្រាប់លោក ស៊ី ជីនពីង នៅរាជវាំង ប៉ាកឃីងហាម កាលពីល្ងាច ថ្ងៃអង្គារម្សិលមិញនេះ ព្រះមហា ក្សត្រី អេលីហ្សាប៊ែលទីពីរ របស់អង់គ្លេស ទ្រង់បានមានប្រសាសន៍ថា “ចក្រភពអង់គ្លេស និងចិន មានភាពជាដៃគូ សកលមួយយ៉ាងពិតប្រាកដ” ហើយដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ប្រធានាធិបតីមកកាន់អង់គ្លេស នៅពេលនេះ គឺជា “សកម្មភាពបញ្ជាក់យ៉ាងច្បាស់” សម្រាប់ទំនាក់ទំនង អង់គ្លេស និងចិននាពេលអនាគត ។

ម្ចាស់ក្សត្រី ទ្រង់បានមានប្រសាសន៍បន្ដទៀតថា ចក្រភពអង់គ្លេស និងចិនមិនត្រឹមតែទទួល បាននូវការ ជោគជ័យ លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការចូលរួម យ៉ាងសកម្មលើការប្រកួតប្រជែង ក្នុងឆាកអន្ដរជាតិជាច្រើនទៀតផង ។ ខណៈពេលនេះ ប្រទេសទាំងពីរ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរឹតបន្ដឹងចំណង ទាក់ទងទ្វេភាគីផងដែរ ៕

រាជវង្ស អង់គ្លេស សាទរលោក ស៊ី ជីនពីង ជាងនរណាៗ ទាំងអស់