ជំនាញ​បង្កើត​វិបសាយ​ងាយ​រៀន​ រក​ចំណូល​បាន​ច្រើន ​


ជំនាញ​បង្កើត​វិបសាយ​ងាយ​រៀន​ រក​ចំណូល​បាន​ច្រើន ​

ការ​បង្កើត​វិបសាយ (Web Development) ​ជា​ជំនាញ​មួយ ដែល​និស្សិត IT ភាគ​ច្រើន​គិត​ថា​ងាយ​ស្រួល​រៀន​បើ​ធៀប​នឹង​ជំនាញ​ដទៃ ហើយ​ប្រាក់​ចំណូល​ទៀតសោត​ក៏​​ច្រើន​គួរ​សម ទៅ​តាម​សមត្ថភាព​ជាក់ស្ដែង​របស់​ពួកគេ។

 

ជំនាញ​បង្កើត​វិបសាយ​ងាយ​រៀន​ រក​ចំណូល​បាន​ច្រើន ​

 

លោក ហាន ហ៊ាង ដែល​ជា​អ្នក​ជំនាញ​បង្កើត​វិបសាយ រយៈ​ពេល ៤ឆ្នាំ និង​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បាន​ឱ្យ​ដឹង​ថា ជំនាញ​បង្កើត​វិបសាយ​នេះ​ វា​ងាយ​ស្រួល​ជាង​ជំនាញ​ IT ដទៃ ហើយ​អាច​ឱ្យ​លោក​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរ​សម ព្រោះ​លោក​តែងតែ​មាន​ក្រុមហ៊ុន​និង​ស្ថាប័ន​ជា​ច្រើន​មក​ទាក់ទង​ឱ្យ​ជួយ​បង្កើត​វិបសាយ​ជា​ហូរហែ ដោយ​សារ​លោក​មាន​បណ្ដាញ​ច្រើន។ ជា​មធ្យម​ក្នុង​មួយ​ខែ លោក ហ៊ាង​ អាច​រក​ចំណូល​បាន ​ពី ៧០០ដុល្លារ​ទៅ​ដល់​ជាង១ពាន់​ដុល្លារ ​តាម​តម្លៃ​នៃ​ប្រភេទ Project (វិបសាយ) ដែល​ខាង​អតិថិជន​​ចង់​បាន។

 

ចំពោះ Project ធំៗ​ចំណាយ​ពេល​ធ្វើ​យូរ លោក​យក​ថ្លៃ​ចាប់​ពី ៧០០ដុល្លារ​ទៅ ៣០០០ដុល្លារ ទៅ​តាម​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​ Project នោះ តែ​ចំពោះ Project សាមញ្ញ​មិន​សូវ​ស្មុគស្មាញ​និង​ចំណាយ​ពេល​ធ្វើ​តិច តម្លៃ​ប្រហែល ៣០០ដុល្លារ។

 

“ចំពោះ​ខ្ញុំ​ ជំនាញ​នេះ​ងាយ​រៀន​ហើយ​ជា​ធម្មតា ខែ​ខ្លះ​ខ្ញុំ​អាច​រក​ក្រៅ​បាន​រហូត​ដល់​ទៅ ១ពាន់​ឬ​ជាង ១ពាន់​ដុល្លារ​ឯ​ណោះ បើ​សិន​ជា​មាន Project ធំៗ​ដែល​ខាង​ក្រុមហ៊ុន​ឬ​ស្ថាប័ន គេ​ទាក់ទង​ខ្ញុំ​ផ្ទាល់​ដើម្បី​ធ្វើ​ឱ្យ​គេ…បើ​ខែ​ខ្លះ​មិន​សូវ​មាន​វិញ ក៏​បាន​តិច​តាម​ហ្នឹង​ដែរ​ ប្រហែល ៧០០ដុល្លារ​អី​ហ្នឹង”។ ហ៊ាង ប្រាប់​ Sabay។

 

លោក​បន្ត​ទៀត​ថា វិបសាយ​ខ្លះ​សាមញ្ញ​មិន​តម្រូវ​ឱ្យ​មាន Function ច្រើន លោក​ចំណាយ​ពេល​ធ្វើ​តែ​ម្នាក់ឯង​រួច​តែ​រយៈ​ពេល ១សប្តាហ៍ ឬ​បើ​យូរ​បំផុត​កន្លះ​ខែ តែ​បើ​គម្រោង​នោះ​ជា​លក្ខណៈ Professional ដោយ​ខាង​អតិថិជន​តម្រូវ​ឱ្យ​​មាន Function ច្រើន​ដូចជា​វិបសាយ​លក់​ទំនិញ​និង​ Web Application តាម​បណ្តា​ក្រុមហ៊ុន​ឯកជន​ធំៗ នោះ​លោក​ត្រូវ​ធ្វើ​ជា​ក្រុម ដោយ​ចំណាយ​ពេល​​រហូត​ដល់​មួយ​ខែ​ទៅ​មួយ​ខែ​កន្លះ។

 

ដោយ​ឡែក​សម្រាប់​លោក ហាន ឃៀង ដែល​ជា​បុគ្គលិក​ផ្នែក សវនកម្ម​ព័ត៌មាន​វិទ្យា (IT Audit) នៅ​ធនាគារ​ក្នុង​ស្រុក​មួយ បាន​ឱ្យ​ដឹង​ថា ចំពោះ​រូប​លោក​ផ្ទាល់ ក្រៅ​ពី​ជំនាញ IT Audit លោក​ក៏​មាន​ជំនាញ​បង្កើត​វិបសាយ​ដូចគ្នា។

 

ក្នុង​ខែ​ខ្លះ ឃៀង អាច​រក​ចំណូល (រក​ក្រៅ) ពី​ការ​បង្កើត​វិបសាយ​នេះ ​ប្រហែល​ពី ៤០០ដុល្លារ​ទៅ៥០០ដុល្លារ ហើយ​លោក​ក៏​​មាន​ក្រុម​របស់​លោក​សម្រាប់​ទទួល​បង្កើត​វិប​ឱ្យ​គេ​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ គៀង​ថា ដោយ​សារ​លោក​រវល់​នឹង​ការងារ​ផ្ទាល់​ខ្លួន​ហើយ​ពុំ​សូវ​ជា​មាន​បណ្ដាញ​ច្រើន​ ហេតុ​ដូច​នេះ​ទើប​ខែ​ខ្លះ​សូវ​មិន​មាន Project ធ្វើ។

 

លោក​ថា ជំនាញ​បង្កើត​វិបសាយ​នេះ​សូវ​សាំញ៉ាំ​ច្រើន ដូច​ជំនាញ IT ដទៃ ហើយ​មាន​និស្សិត​ជា​ច្រើន​ចង់​ចាប់​ជំនាញ​នេះ​សម្រាប់​អនាគត ព្រោះ​អាច​ទទួល Project ពី​ក្រៅ​ស្រុក​មក​ធ្វើ ដូច្នេះ​ប្រាក់​ចំណូល​ក៏​បាន​ច្រើន​គួរសម​ដែរ។

 

ចំពោះ លោក អៀង កំរ៉ង ដែល​ជា​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម ICT នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ថា ដោយ​សារ​វិស័យ ICT នៅ​ក្នុង​ប្រទេស​កម្ពុជា​​កំពុង​តែ​មាន​ការ​រីក​ចម្រើន ហើយ​តម្រូវ​ការ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ទាមទារ​ឱ្យ​មាន​អ្នក​ជំនាញ Web Developer ក្នុង​ស្រុក​ ក៏​កាន់​តែ​កើន​ឡើង ដូច្នេះ​អ្នក​ដែល​មាន​ជំនាញ​នេះ (Web Developer) ច្បាស់​ក៏​កាន់​តែ​រក​ចំណូល​បាន​ច្រើន​ថែម​មួយ​កម្រិត​ទៀត៕

 

អាន៖ Sabay Osja និង DirexPlay លេច​ធ្លោ​ខាង​​ផលិត​ហ្គេម​នៅ​កម្ពុជា

 

អត្ថបទ​៖ ប៉ែត ផាន់និត