iPhone 6s/6s Plus ​​ត្រូវ​បាន​កុម្ម៉ង់​​​រាប់​ម៉ឺន​គ្រឿង​ត្រឹម​​​ប៉ុន្មាន​នាទី​ក្នុង​​ទឹក​ដី​ Samsung

iPhone 6s/6s Plus ​​ត្រូវ​បាន​កុម្ម៉ង់​​​រាប់​ម៉ឺន​គ្រឿង​ត្រឹម​​​ប៉ុន្មាន​នាទី​ក្នុង​​ទឹក​ដី​ Samsung

​វត្តមាន​កំពូល​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Apple គឺ​ iPhone 6s និង iPhone 6s Plus ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​​ទឹក​ដី​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ដោយ​​ចំនួន​នៃ​ការ​​កុម្ម៉ង់​ទិញ​​ទុក​មុន​​បាន​​​គួរ​ឲ្យ​កត់​សម្គាល់។

 

iPhone 6s/6s Plus  ​​ត្រូវ​បាន​កុម្ម៉ង់​​​រាប់​ម៉ឺន​គ្រឿង​ត្រឹម​​​ប៉ុន្មាន​នាទី​ក្នុង​​ទឹក​ដី​ Samsung

 

iPhone 6s និង iPhone 6s Plus នឹង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ២៣ ខែ​តុលា​ខាង​មុខ​នេះ ហើយ​ការ​កុម្ម៉ង់​ទិញ​ទុកមុន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​សប្ដាហ៍​មុន ​ប៉ុន្តែត្រូវ​​បាន​ពន្យារ​ពេល​មក​សប្ដាហ៍​នេះ​​វិញ​ដោយ​ពុំ​ដឹង​មូលហេតុ។

 

​ក្រុមហ៊ុន​​លក់​ទូរសព្ទ​ធំៗ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​បីដែល​នាំ​ចូល​ iPhone 6s និង iPhone 6s Plus មក​លក់​ក្នុង​ប្រទេស​​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​​​រួម​មាន​​ ក្រុមហ៊ុន SK Telecom Co., ក្រុមហ៊ុន KT Corp និង​ក្រុមហ៊ុន LG Uplus Inc។

 

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​បី​នោះ ក្រុមហ៊ុន KT Corp ​បាន​ឲ្យ​ដឹង​​ថា ​​​ចំនួន​នៃ​ការ​ទិញ​កុម្ម៉ង់​ទុក​មុន​ពី​អតិថិជន​បាន​កើន​ច្រើន​ជាង​ ១០ ០០០ គ្រឿង​ត្រឹម​តែ​ពេល ១ នាទី​​ប៉ុណ្ណោះ​ ​​បន្ទាប់​ពី​បាន​ដាក់​ដំណើរការ​ឲ្យ​​កុម្ម៉ង់​​ទិញ​ទុក​មុន​​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ រយៈ​ពេល​ប្រមាណ​ជា ១០ នាទី​ក្រោយ ​​​ខ្លួន​ក៏​បាន​បិទ​ការ​កុម្ម៉ង់​ដោយ​ក្នុង​ពេល​នោះ​គឺ​ទទួល​បាន​ការ​កុម្ម៉ង់​​ដល់​ទៅ​ ៥០ ០០០ គ្រឿង​បាត់​ទៅ​ហើយ។

 

ចំណែក​ឯ​ក្រុមហ៊ុន SK Telecom ​វិញ​បាន​បញ្ចប់​ដំណើរការ​កុម្ម៉ង់​ទិញ​ទុក​មុន​ត្រឹម​រយៈ​ពេល ៣០ នាទី​ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​​ពុំ​បាន​បញ្ជាក់​ពី​តួលេខ​ដែល​លក់​បាន​នោះ​ទេ។ ​តាម​អ្នក​ត្រួត​ពិនិត្យ​ទីផ្សារ​បាន​ប៉ាន់ស្មាន​ថា ​ក្រុមហ៊ុន​ SK​​ ​Telecom លក់​បាន​ប្រមាណ​ជា​ ៥០ ០០០ គ្រឿង​ដែរ។

 

ចំពោះ​ចំនួន​តួលេខ​នៃ​ការ​លក់​របស់​ក្រុមហ៊ុន LG Uplus ​វិញ​​គឺ​មិន​ខុស​ពី​ក្រុមហ៊ុន​ទាំង​ពី​រ​ខាង​នោះ​ទេ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​​បាន​គេ​​កុម្ម៉ង់​ទិញ​​អស់​ពី​ស្ដុក​ត្រឹម​តែ​​ពេល​ ៥ នាទី​​ប៉ុណ្ណោះ។

 

ដូច្នេះ​​ iPhone​ 6s/6s Plus ​គឺ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងពី​សំណាក់អ្នក​ប្រើប្រាស់​នៅក្នុង​​កូរ៉េ​ខាង​ត្បូង ហើយ​ក៏​កំពុង​ក្លាយ​ជា​គូ​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​មួយ​ផង​ដែរ​​​​​ក្នុង​ទឹក​ដី​កំណើត​របស់​​​ ​​ Samsung និង​ LG៕

 

 

អានបន្ត៖ ក្រុមហ៊ុន​ភេសជ្ជៈ​ Pepsi​ នឹង​​​ប្រកាស​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ឆាប់ៗ​នេះ

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ geeky-gadgets, appleinsider

​​