ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​ចាំ​យាម បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត

រឿងអាស្រូវ​របស់លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​ចាំ​យាម ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​អត់​ពន្ធ​និង​ទំនិញគេចពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នាពេល​កន្លងមក​នោះ មិនត្រូវ​បាន​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​នៅឡើយ​ទេ​។ អំពើពុករលួយ​របស់​លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​ចាំ​យាម បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក ថេ​ង ម៉ុង​ហួន នឹង​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ជាមិនខាន ហើយ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែ​ច្រើនឡើងៗ​ថែមទៀត​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ម៉ូតូ​ស៊េរី​ថ្មី​ទំនើបៗ​ប្រមាណ​៥០​គ្រឿង ត្រូវ​ឈ្មួញ​ខិលខូច​នាំចូល​តាម​ច្រក​ចាំ​យាម យ៉ាង​រលូន​។ មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ថេ​ង ម៉ុង​ហួន មិន​ចាត់វិធានការ​ឲ្យ​ឈ្មួញ​បង់ពន្ធ​តាមច្បាប់​កំណត់​នោះទេ ហើយ​បែរជា​ចរចា​ជាមួយ​ឈ្មួញ​អំពី​តម្លៃ​នាំចូល​ដោយ​មិន​បង់ពន្ធ​ទៅវិញ​។ ម៉ូតូ​ស៊េរី​ថ្មី​ទំនើបៗ​ប្រមាណ​៥០​គ្រឿង​នោះ ត្រូវបាន​នាំចូល​មកដល់​ទឹកដី​កម្ពុជា​នៅវេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃទី​២០ ខែតុលា ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រី​គយ​ពុករលួយ​។

សូមបញ្ជាក់ថា​ថ្មីៗ​នេះ​លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​ចាំ​យាម បាន​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ម៉ូតូ​អត់​ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​រាប់រយ​គ្រឿង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ មជ្ឈដ្ឋាន​នានា​សង្ស័យថា លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​មន្ត្រី​គយ​ពុករលួយ​ឈ្មោះ ថេ​ង ម៉ុង​ហួន ជាប្រចាំ​ផងដែរ ទើប​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជុំវិញ​បញ្ហា​ខាងលើនេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​របស់លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​ចាំ​យាម ជាបន្ទាន់​។ ដោយហេតុថា គ្រាន់តែ​រយៈពេល​ខ្លី​សោះ​លោក ថេ​ង ម៉ុង​ហួន បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​បង់ពន្ធ​មិន​គ្រប់​រាប់រយ​គ្រឿង និង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ផ្សេងៗ​ទាំងយប់​ទាំង​ថ្ងៃ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​៕

moto-cham-yeam-500x282 motochamyeam-500x343