អាជ្ញាធរខេត្ត​ស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ទន្ទ្រាន​យក​ដីព្រៃ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​

​នៅក្នុង​ខេត្តស្ទឹងត្រែង​បច្ចុប្បន្ន បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ករណី​ក្រុម​ជនល្មើស​កាប់​ទន្ទ្រាន​យក​ដីព្រៃ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ក៏​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ​។ លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​នោះទេ​។ ជាក់ស្ដែង​លោក កុល សំអុល និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​រៃ និង​ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា ដីព្រៃ​របស់​រដ្ឋ​ទំហំ​រាប់សិប​ហិកតា ត្រូវបាន​ក្រុម​ជនល្មើស អ្នកមាន​លុយ អ្នកមានអំណាច កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​។ ក្រុម​អ្នកធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ បាន​ប្រើ​ថ្នាំ​ពណ៌​សម្រាប់​កំណត់​ព្រំដី និង​ព័ទ្ធរបង​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បច្ចុប្បន្ន​បទល្មើស​រាល​ដាល​កាន់តែខ្លាំង​ឡើងៗ នៅតាម​បណ្ដោយ​ផ្លូវ​ឈូស​ថ្មី​ក្រាល​ក្រួស​ក្រហម​ក្នុង​ឃុំ​អូរ​រៃ និង​ឃុំ​ចម្ការលើ​។ អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នោះទេ ហើយ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​រៃ និង​ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា អ្នក​ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ច្រើនជាងគេ គឺជា​ស្ត្រី​ម្នាក់​ឈ្មោះ យាយ​នី និង​មាន​ប្ដី​ឈ្មោះ ម៉ៅ រស់នៅ​ក្រុង​ស្ទឹងត្រែង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា យាយ​នី បាន​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ទើប​គាត់​អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​តាម​អំពើ​ចិត្ត ហើយ​មាន​បាញ់ថ្នាំ​ពណ៌​នៅតាម​ដើមឈើ និង​ធ្វើ​បង្គោលរបង​ព័ទ្ធ​យក​ដី​ដែល​នៅ​អម​សងខាង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​រាប់រយ​ម៉ែត្រ ដើម្បី​បញ្ជាក់ថា​ជា​ដី​របស់គាត់​។ មន្ត្រី​អាជ្ញាធរ​តូចតាច​បាន​ឲ្យ​ដឹងថា យាយ​នី ឃុបឃិត​ជាមួយ​អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក ទើប​អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ រួច​លក់​ទៅ​ឲ្យ​អ្នកមាន​លុយ និង​អ្នកមានអំណាច នៅ​ក្រុង​ស្ទឹងត្រែង ជា​បន្តបន្ទាប់​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​កាន់តែ​ខ្លាំងក្លា​នោះទេ​៕

10934428_1554204381493903_2050914184_nលោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង 7446 7446_2 7446_4