លោក​អភិបាលខេត្ត​មើលឃើញ​ថា​ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អនាធិបតេយ្យ

ខេត្តកំពង់ធំ ៖ លោក អ៊ុត សំ​អន អភិបាលខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ថ្នាក់​ខេត្ត បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​ពី​ខាង​រដ្ឋបាល​ព្រៃឈើ មន្ត្រី​សមត្ថកិច្ច​នគរបាល ប៉េ​អឹ​ម និង​អភិបាលស្រុក​រួច​មក លោក​បាន​សម្រេច​ស្នើ​សុំ​ឱ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចាត់​មន្ត្រី​ចុះ​ជួយ​សហការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត ។

ការ​ស្នើ​នេះ ដោយសារ​កន្លង​មក​សកម្មភាព​នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត មាន​ភាព​អនាធិបតេយ្យ ព្រោះ​មាន​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន ធ្វើ​សកម្មភាព​ដេញចាប់​បង្ក្រាប​បទល្មើស ចំណែក​ខ្លួនឯង​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​ទៅ​វិញ ។

លោក​អភិបាលខេត្ត ដែល​សម្រេច​ដាក់​សំណើ​បែប​នេះ ដោយសារ​តែ​និយាយ​មិន​ស្តាប់ ម្យ៉ាងវិញទៀត នៅ​ពេល​បង្ក្រាប​បទល្មើស​បាន​ម្តង​ៗ នាំ​គ្នា​លួច​យក​ស្ទើរតែ​អស់ពី​រថយន្ត​ល្មើស​មិនដឹង​ថា តើ​ត្រូវ​ដោះស្រាយ​ដោយ​វិធី​ណា​ឱ្យ​មាន​ប្រសិទ្ធភាព ។ លោក​អភិ​បាលខេត្ត ប្រកាស​ថា លោក​មិន​គាំទ្រ​សកម្មភាព​នេះ​ទេ ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ លោក​ដាក់​បទបញ្ជា​ដាច់ខាត​មិន​ឱ្យ​ដេញ​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​ទ្បើ​យ ។ បើ​អស់លោក​ពិតជា​មាន​មនសិការ សូម​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​បង្ក្រាប​នៅ​ខាងក្រៅ​ក្រុង ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ក្រុង ។

លោក​អភិបាលខេត្ត មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​សាល​ប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ក្នុង​ពិធី​ផ្សព្វផ្សាយ​និង​ពង្រឹង​ការ​អនុវត្ត​បទបញ្ជា​លេខ​០២​បប របស់​រាជរដ្ឋាភិបាល ស្តី​ពី​វិធានការ​បង្ការ​ទប់ស្កាត់ ការ​បង្ក្រាប ការ​កាប់ ការ​ដឹក​ជញ្ជូន ការ​ប្រមូល ការ​ស្តុក​ទុក និង​ការ​នាំ​ចេញ​ឈើ​គ្រញូង​ខុសច្បាប់ ។ក្នុង​ឱកាស​នោះ​ដែរ លោក ម៉ា​ន សុ​គ្រី អនុរដ្ឋលេខាធិការ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ និង​ជា​អនុប្រធាន​ក្រុម​ជំនួយការ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់​ជាតិ មាន​ប្រសាសន៍​ថា ចាប់ពី​ថ្ងៃនេះ​តទៅ យើង​ត្រូវ​តែ​រួម​គ្នា​អនុវត្ត​នូវ​បទបញ្ជា​លេខ​០២​ប​.​ប របស់​រាជរដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ចាប់ពី​ពេល​នេះ​ទៅ សូម​អស់លោក​ដកខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​បទល្មើស​ព្រៃឈើ ត្រូវ​លុប​បំបាត់​ឱ្យ​អស់​វប្បធម៌​អន្តរាគមន៍​។ ទោះបីជា​អ្នកធំ​ប៉ុនណា​ក៏​ដោយ សូម​ឱ្យ​កត់​ឈ្មោះ ឋានៈ និង​តួនាទី​ឱ្យ​បាន​ច្បាស់លាស់ រួច​ធ្វើ​របាយការណ៍​ទៅ​កាន់​លេខាធិការដ្ឋាន​ថ្នាក់​ជាតិ ដើម្បី​មាន​វិធានការ​ជា​បន្ទាន់​ចំពោះ​បុគ្គល​រូប​នោះ ៕