ក្រុង​ពលី​រូបសំណាក​ព្រហ្ម​មុខ​៤​នៅ​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើត​រសៀល​នេះ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា ២០១៥ នេះលោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​ជា​ភរិយា​, លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី និង​អភិសេក​រូបសំណាក​ព្រហ្ម​បាយ័ន​មុខ​៤​នៅ​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើត​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​សុំ​សេចក្តីសុខ​ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណី​នៅ​មុន​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​២​ជា​ផ្លូវការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២២ តុលា ២០១៥ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា រូបសំណាក​ព្រហ្ម​បាយ័ន​ដែល​ត្រូវ​សម្ពោធ​នា​ពេល​នេះ យក​លំនាំ​ដើម​តាម​ពី​ប្រាសាទបាយ័ន​ក្នុង​ខេត្តសៀមរាប​ធ្វើ​ពី​ថ្មភ្នំ​យក​ពី​ខេត្តព្រះវិហារ​កាត់​ឆ្លាក់​ដាប់​ជា​ដុំ​ៗ​បន្តុប​លើ​គ្នា​មានកំ​ពស់​៩,១៨​ម៉ែត្រ​, ទទឹង​៦​ម៉ែត្រ​កន្លះ​។

រូបចំលាក់​នេះ​តំណាង​ឲ្យ​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​លោកេស្វរៈ ជា​ព្រះ​ពោធិ៍សត្វ​នៃ​ព្រះពុទ្ធ​សាសនា​មហាយាន ដែល​មាន​មហាករុណា​ចំពោះ​មនុស្ស​គ្រប់​ទិស​ទាំង​៤​ប្រកបដោយ​ព្រហ្ម​វិហារធម៌​៤​គឺ មេត្តា​, ករុណា​, មុទិតា​, ឧ​បេ​ខា៕