ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ក្នុង​​ខេត្ត​កែប​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​អាទិត្យ​នេះ


ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ក្នុង​​ខេត្ត​កែប​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​អាទិត្យ​នេះ

ការ​ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​តុលា ក្នុង​ខេត្ត​កែប។ ការ​ប្រកួត​ឆ្នាំ​នេះ មាន​ការ​ចូល​រួម​ពី​កីឡាករ-កីឡា​ការិនី ១៥០​នាក់ មក​ពី​១២ សមាគម-ក្លឹប​ទូទាំង​ប្រទេស​កម្ពុជា។

 

ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ក្នុង​​ខេត្ត​កែប​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​អាទិត្យ​នេះ

ការ​ប្រកួត​​កីឡាទ្រីយ៉ាត្លុង​​នាពេល​កន្លង​មក

 

លោក ងិន សុបញ្ញា អគ្គលេខាធិការ​សហព័ន្ធ​​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​ប្រាប់ Sabay ថា ការ​ប្រកួត​ឆ្នាំ​នេះ​ចែក​ចេញ​ជា ៤​វិញ្ញាសា។ វិញ្ញាសារ​ទី១ គឺ​ទ្រីយ៉ាត្លុង​មិន​កំណត់​អាយុ​សម្រាប់​បុរស ហែល​ទឹក​ចម្ងាយ ១,៥​គីឡូម៉ែត្រ ជិះ​កង់(កង់​គួក) ៤០​គីឡូម៉ែត្រ និង​រត់ ១០​គីឡូម៉ែត្រ។ វិញ្ញាសា​ទី២ ឌូអាត្លុង​មិន​កំណត់​អាយុ​​សម្រាប់​បុរស រត់​ចម្ងាយ ៥​គីឡូម៉ែត្រ ជិះ​កង់(ដៃ​ត្រង់) ២០​​គីឡូម៉ែត្រ និង​រត់ ២,៥​គីឡូម៉ែត្រ​ទៀត។

 

សម្រាប់​វិញ្ញាសា​ទី៣ គឺ​​អាគ័រត្លុង​បុរស​អាយុ​ក្រោម ១៨​ឆ្នាំ ហែល​ទឹក ២៥០​ម៉ែត្រ និង​រត់ ៥​គីឡូម៉ែត្រ។ ចំពោះ​វិញ្ញាសា​ទី៤ ​​អាគ័រត្លុង​នារី​អាយុ​ក្រោម ១៨​ឆ្នាំ ហែល​ទឹក ២៥០​ម៉ែត្រ និង​រត់ ៥​គីឡូម៉ែត្រ​ដូច​គ្នា​នឹង​វិញ្ញាសា​ទី៣។ ចំពោះ​ប្រាក់​រង្វាន់ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​ជា​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។

 

សមាគម-ក្លឹប​ទាំង ១២​ដែល​ចូល​រួម​មាន អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ(១២​នាក់), ក្លិប​កង់​តា​ខ្មៅ(៤នាក់), សាកលវិទ្យាល័យ​ធនធាន​មនុស្ស(៦នាក់), អង្គការ​មិត្ត​សម្លាញ់(១៩​នាក់), ក្លិប​អនុវិទ្យាល័យ ហ៊ុន សែន តាខ្មៅ(១០​នាក់), ក្លិប​យុវជន​ភូមិ​ឫស្សី(១៤​នាក់), ក្លឹប​ទួល​អំពិល(៨នាក់), ក្លិប​ក្រសួង​មហាផ្ទៃ(៩នាក់), ក្លឹប​អនុវិទ្យាល័យ​ទួល​ស្លែង ១១​នាក់, ក្លឹប​ឫទ្ធិ​សែន(១៦​នាក់), ក្លិប​វាសនា​មាន​ជ័យ(១៣​នាក់) និង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប(១០​នាក់)។

 

នៅ​ថ្ងៃ​សៅរ៍​ទី២៤ ក្រុម​កីឡាករ-កីឡា​ការិនី​ទាំង​អស់ នឹង​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញ រួច​ចេញ​ដំណើរ​ទៅ​ខេត្ត​កែប។ ថ្ងៃ​ទី២៥ និង ២៦ គឺ​ជា​ការ​ប្រកួត​ផ្លូវការ ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ។ ថ្ងៃ​ទី២៧ ក្រុម​កីឡាករ-កីឡា​ការិនី​ទាំង​អស់ នឹង​ធ្វើ​ដំណើរ​មក​ភ្នំពេញ​វិញ៕

 

អត្ថបទ៖ គង់ វិសាល