រាជរដ្ឋាភិបាល ប្រកាសមិនយកពន្ធផ្លូវ សម្រាប់ម៉ូតូ និងត្រីចក្រយានយន្ត នៅឆ្នាំ២០១៦

ភ្នំពេញ៖ អ្នកនាំាពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ឲ្យដឹងថា តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០១៦ ដែលគណៈរដ្ឋមន្រ្តី បានអនុម័តនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានសម្រេច លុបចោលបា្រក់ពន្ធ ការយកពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ មួយចំនួន (ពន្ធផ្លូវ) ដូចជា ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត (ម៉ូតូកង់៣) ដើម្បីកាត់បន្ថយបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ ដែលមានបា្រក់ចំណូលទាប ។

លោក ផៃ ស៊ីផាន បានបន្តបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៦ ដែលត្រូវបានគណៈរដ្ឋមន្រ្តី អនុម័តនៅថ្ងៃនេះ នឹងបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីប្រជុំពិនិត្យ និងអនុម័តយ៉ាងយូរ នៅចុងខែធ្នូ ឆ្នាំ២០១៥ ហើយនៅពេលរដ្ឋសភា អនុម័តចូលជាធរមាន ពេលនេះការយកពន្ធផ្លូវសម្រាប់ម៉ូតូ និងត្រីចក្រយានយន្ត នឹងត្រូវចាប់ផ្តើម ប៉ុន្តែសម្រាប់ពេលនេះការ បង់ពន្ធផ្លូវនៅអនុវត្តធម្មតា។

តាមសេចក្តីព្រាងច្បាប់ដដែល រាជរដ្ឋាភិបាល ក៏បានសម្រេចនឹងលុបចោល ការយកពន្ធលើមធ្យោបាយ ដឹកជញ្ជូន ដូចជាត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល ដើម្បីលើកស្ទួយដល់វិស័យកសិកម្ម ពិសេសដើម្បីលើកទឹកចិត្ត និងសម្រាលបន្ទុកចំណាយ របស់ប្រជាកសិករ។

បន្ថែមលើសនេះទៀត នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំ២០១៦ដដែល រាជរដ្ឋាភិបាល ក៏នឹងលុបចោលការយកពន្ធ លើជលយានធុនតូច (ទូក កាណូត កប៉ាល់) ដើម្បីកាត់បន្ថយបន្ទុក ចំណាយរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ជលយានយន្តទាំងនោះ ជាមធ្យោបាយដឹកជញ្ជូន និងប្រកបអាជីវកម្ម ជាលក្ខណៈគ្រួសារ ។

រាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ការលុបចោលពន្ធខាងលើ ធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិជិត ១លាន៥សែនដុល្លារ៕

រាជរដ្ឋាភិបាល ប្រកាសមិនយកពន្ធផ្លូវ សម្រាប់ម៉ូតូ និងត្រីចក្រយានយន្ត នៅឆ្នាំ២០១៦
រូបភាពតំណាង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត