អាជ្ញាធរច្រានចោល ការចោទប្រកាន់ របស់ម្ចាស់កម្មសិទ្ធិ ២២៥គ្រួសារ នៅតំបន់ជ្រោយចង្វារ ហើយអះអាងថា ជាអ្នករស់នៅ ក្រៅមូលដ្ឋាន

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានច្រានចោលនូវ ការចោទប្រកាន់ របស់ប្រជាពលរដ្ឋ ២២៥គ្រួសារ ដែលបាន អះអាងថា មានលំនៅឋាននៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ហើយចោទថា សាលារាជធានីភ្នំពេញ មិនបានយក ចិត្តទុកដាក់ ដោះស្រាយវិវាទ របស់ប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ លើតំបន់អភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ ជាមួយនឹងក្រុមហ៊ុន OCICនោះ ហើយសូមឲ្យសម្តេចតេជោ រកយុត្តិធម៌ និងជួយដោះស្រាយ។

នៅថ្ងៃទី២១ ខែតុលានេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញប្រតិកម្មភ្លាមៗ ដោយបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរកំពុងខិតខំយ៉ាងខ្លាំង លើការដោះស្រាយ ផលប៉ះពាល់របស់ប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ហើយអះអាងថា ប្រជាពលរដ្ឋទាំង ២២៥គ្រួសារ ដែលផ្ញើលិខិតទៅសម្តេចនោះ ពួកគេសុទ្ធតែជាអ្នករស់នៅ ក្រៅមូលដ្ឋានប៉ុណ្ណោះ មិនមានលំនៅឋាន នៅក្នុងតំបន់អភិវឌ្ឍន៍ទេ គឺមានតែដីប៉ុណ្ណោះ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បញ្ជាក់យ៉ាងច្បាស់ថា ផ្ទៃដីដែលក្រុមហ៊ុន OCIC ទទួលបានការ អនុញ្ញាតិធ្វើការអភិវឌ្ឍន៍ ពីសាលារាជធានីភ្នំពេញនោះ មានផ្ទៃដីសរុបចំនួន ៣៨០ហិកតា។ ហើយដីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មានចំនួន ៦ភូមិ ត្រូវនឹង៣សង្កាត់ ក្នុងនោះមានសង្កាត់ ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប សរុបចំនួន ៧៤៤គ្រួសារ ស្មើនឹងផ្ទះដីសរុបចំនួន ៩០ហិកតា ត្រូវបានលោក ឃ្លាំង ហួត ស្នើទៅសាលារាជធានីភ្នំពេញ សុំខ្វៀលចេញពីតំបន់អភិវឌ្ឍន៍ជូនពួកគាត់។

លោក ឃ្លាំង ហួត បញ្ជាក់ថា លោកគាំទ្រភាគីប្រជាពលរដ្ឋជានិច្ច ធ្វើយ៉ាងណាការពារឲ្យបាននូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត បន្តថា ដោយឡែកចំពោះផ្ទៃដីជាង២០០ហិកតា សម្រាប់អភិវឌ្ឍន៍ ដែលនៅសល់ មានផ្ទៃដី មួយចំនួនជា របស់ប្រជាពលរដ្ឋក្រៅមូលដ្ឋាន ហើយអាជ្ញាធររាជធានី បន្តធ្វើការដោះស្រាយប្រកបដោយ ភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់បំផុត។ ដោយឡែកសម្រាប់ បងប្អូងប្រជាពលរដ្ឋដែល មានមូលឋាន នៅតំបន់អភិវឌ្ឍន៍ ហើយត្រូវបានខ្វៀលចេញនោះ នៅពេលដែលក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ ដោយដាក់លូ និងសាងសង់ផ្លូវជាដើម នៅពេលប៉ះពាល់ដី របស់ពួកគាត់ អាជ្ញាធរនឹងដោះស្រាយផ្តល់សំណងសមរម្យ។
 
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ២២៥គ្រួសារ ដែលអះអាងថា រស់នៅតាមដងទន្លេសាប មានដីស្រែ ចំការ និងដីភូមិ ហើយកំពុងរស់នៅក្នុងមូលឋាន ក្រោយតំបន់ ១០០ម៉ែត្រ ពីច្រាំងទន្លេសាប និងពីអក្សផ្លូវជាតិ៦A នៅក្នុងតំបន់រណបជ្រោយចង្វារ ក្នុងសង្កាត់៣ គឺសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប បានធ្វើលិខិត ស្នើទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី សូមឲ្យកាត់ដីរបស់ពួកគាត់ ចេញការអភិវឌ្ឍន៍ ដូចគ្នាទៅនឹង ប្រជាពលរដ្ឋ ដែលមានលំនៅឋាន និងដីចំការនៅក្នុងចំងាយ១០០ម៉ែត្រ ពីច្រាំងទន្លេសាប និងពីអក្សផ្លូវជាតិ៦A ដែរ៕